ខ្សែ​ភាព​យន្ត​មាន​ចំណង​ជើង​ថា អាមីស្តាត និយាយ​អំពី​រឿង​របស់​ទាសករ​មក​ពី​តំបន់​អាហ្វ្រិក​ខាង​លិច ក្នុង​ឆ្នាំ១៨៣៩ ដែល​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​តាម​សំពៅ ហើយ​ពួក​គេ​ក៏​បាន​សម្លាប់​កាពីទែន​របស់​នា​វា និង​ពួក​នាវិក​មួយ​ចំនួន​។ ទី​បំផុត ពួក​គេ​ក៏​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក ហើយ​បន្ទាប់​មក ក៏​បាន​ទទួល​ការ​ជំនុំ​ជម្រះ​ទោស។ នៅ​ក្នុង​ឈុត​ដែល​មិន​អាច​បំភ្លេច​បាន គេ​ឃើញ​លោក​ស៊ីនគេ(Cinqué) ដែល​ជា​អ្នក​ដឹក​នាំ​របស់​ពួក​ទាសករ បាន​អង្វរ​សុំ​សេរីភាព​។ គាត់​និយាយ​ពាក្យ​តែ​បី​ម៉ាត់​ជា​ភាសា​អង់​គ្លេស ដែល​ប្រែ​មក​ថា “សូម​ឲ្យ​យើង​ខ្ញុំ​មាន​សេរីភាព”។ ទោះ​គាត់​និយាយ​ភាសា​អង់​គ្លេស​មិន​ត្រូវ​ទំាង​ស្រុង តែ​បុរស​ដែល​ជាប់​ច្រវ៉ាក់​ម្នាក់​នេះ បាន​ធ្វើ​ឲ្យ​បន្ទប់​សាវនាការ​ទាំង​មូលមាន​ភាព​ស្ងប់​ស្ងាត់។ ពួក​គេ​ក៏​ទទួល​បាន​នូវ​យុត្តិធម៌ ហើយ​ត្រូវ​គេ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​។

សព្វ​ថ្ងៃ​នេះ មនុស្ស​ភាគ​ច្រើន​មិន​ស្ថិត​នៅ​ក្នុង​ការ​ជាប់​ចំណង​ខាង​រូប​កាយ​នោះ​ទេ តែ​ពួក​គេ​នៅ​តែ​មិន​ទាន់​បានស្គាល់​ការ​រំដោះ​ពិត​ប្រាកដ ឲ្យ​រួច​ពី​ចំណង​នៃ​អំពើ​បាប​ ដែល​ជា​ចំណង​ខាង​វិញ្ញាណ។ ​ ក្នុងបទ​គម្ពីរ​យ៉ូហាន ៨:៣៦ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​កម្សាន្ត​ចិត្ត​ថា​ “បើ​ព្រះ​រាជ​បុត្រា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច នោះ​នឹង​បាន​រួច​ជា​ពិត”។ ព្រះយេស៊ូវ​បាន​ចង្អុល​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​អង្គ​ជា​ប្រភព ​នៃ​សេរីភាព​ពិត​ប្រាកដ ព្រោះ​ព្រះ​អង្គ​ប្រទាន​ការ​អត់​ទោស​បាប ដល់​អ្នក​ណា​ដែល​ជឿ​ព្រះ​អង្គ។ អ្នក​ខ្លះ​បាន​អះ​អាង​ថា ពួក​គេ​មិន​ជាប់​ចំណង​អ្វី​ទេ​(ខ.៣៣) តែ​ពាក្យ​សម្តី អាកប្ប​កិរិយា សកម្ម​ភាព​ដែល​ពួក​គេ​បាន​ធ្វើ ដាក់​ព្រះ​យេស៊ូវ បាន​បង្ហាញ​ថា​ ពួក​គេ​មិន​ទាន់​បាន​រួច​ពី​ចំណង​នៃអំពើ​បាប​នៅ​ឡើយ​ទេ។​

ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​មនុស្ស​ទំាង​អស់​ទទួល​ការ​រំដោះ​ពិត​ប្រាកដ​ពី​ព្រះ​អង្គ។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​រំដោះ ​ពួក​គេ ឲ្យ​មាន​សេរីភាព ឲ្យ​រួច​ពី​អំពើ​បាប ការ​មិន​ជឿ និង​ការ​ភ័យ​ខ្លាច។ ពួក​គេ​ត្រូវ​តែ​បើក​ចិត្ត​ទទួល​សេរីភាព​នោះ។ សេរី​ភាព​ប្រភេទ​នេះ គឺ​សម្រាប់​អស់​អ្នក​ដែល​បាន​ជឿ​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​បានយាង​ចុះ​មក​ក្នុង​​លោកិយ​នេះ ដើម្បី​កាត់​ផ្តាច់​ចំណង​នៃ​អំពើ​បាប តាម​រយៈ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​អង្គ។​—Arthur Jackson