រៀង​រាល់​ថ្ងៃ នៅ​ការិយា​ល័យ​ប្រៃ​សណីយ៍ ក្នុង​ទីក្រុង​យេរូសាឡិម បុគ្គ​លិក​ប្រៃសណីយ៍​បាន​រៀប​ចំ​សំបុត្រ​ជា​ច្រើន​គំនរ​ដែល​មិន​ទាន់​បាន​ផ្ញើ ក្នុង​គោល​បំណង​ដើម្បី​នាំ​សំបុត្រ​ទាំង​នោះ​ទៅ​រក​អ្នក​ទទួល​ទំាង​ឡាយ។ មាន​សំបុត្រ​ជាច្រើន ត្រូវ​បាន​គេ​យក​ទៅ​ដាក់ ក្នុង​ប្រអប់​ដែល​មាន​ផ្លាក​ពិសេស​បិទ​ពី​លើ​ថា “សំបុត្រ​ផ្ញើរ​ទៅ​ព្រះ”។​

ជា​រៀង​រាល់​ឆ្នាំ មាន​សំបុត្រ​ប្រភេទ​នេះ​ប្រហែល​១​ពាន់​ច្បាប់ បាន​មក​ដល់​ទីក្រុង​យេរូសាឡិម ដែល​ផ្ញើ​ទៅ​អាស័យដ្ឋាន​របស់​ព្រះ​ជា​ម្ចាស់ ឬ​ព្រះ​យេស៊ូវ។ ដោយ​មិន​ដឹង​ថា ត្រូវ​ធ្វើ​ដូច​ម្តេច ចំពោះ​សំបុត្រ​ទាំង​នោះ បុគ្គលិក​ប្រៃ​សណីយ៍​ម្នាក់ ក៏​បាន​ចាប់​ផ្តើម​យក​សំបុត្រ​ទាំង​នោះ ទៅ​កំផែង​ខាង​លិច​របស់​ទីក្រុង​យេរូសាឡិម ដោយ​សៀត​ពួក​វា​ចូលទៅ​ក្នុង​គម្លាត​ថ្ម​ជ្រុង​របស់​កំផែង​នោះ ជា​មួយ​នឹង​ក្រដាស់​សំណូម​ពរ​អធិស្ឋាន​ដទៃ​ទៀត។ ភាគ​ច្រើន​នៃ​សំបុត្រ​ទាំង​នោះ គឺ​ជា​ការ​ទូល​សូម​ការងារ ប្តី​ឬ​ប្រពន្ធ ឬ​សូម​ឲ្យ​មាន​សុខ​ភាព​ល្អ​។ សំបុត្រ​ខ្លះ មាន​ការ​ទូល​សូម​ការ​អត់​ទោស​បាប ឬ​គ្រាន់​តែ​អរ​ព្រះ​គុណ​ព្រះ។ មាន​បុរស​ម្នាក់​បាន​ទូល​សូម​ឲ្យ​គាត់​អាច​ជួប​ភរិយា​គាត់ នៅ​ក្នុង​សុបិន្ត ព្រោះ​គាត់​នឹក​នាង​ខ្លាំង​ណាស់។ អ្នក​ផ្ញើរ​ម្នាក់​ៗ​ជឿ​ថា ព្រះ​ជា​ម្ចាស់​នឹង​ស្តាប់​ពាក្យ​អធិស្ឋាន​ទាំង​នោះ ឲ្យ​តែ​ពាក្យ​អធិស្ឋាន​ទាំងនោះ​បាន​ឮ​ដល់​ព្រះ​កាណ៍​ព្រះ​អង្គ។​

ពួក​អ៊ីស្រា​អែល​បាន​រៀន​មេរៀន​ជា​ច្រើន ខណៈ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ កាត់​តាម​វាល​រហោ​ស្ថាន។ ក្នុង​ចំណោម​មេរៀន​ទាំង​នោះ ពួក​គេ​បាន​ទទួល​ការ​បង្រៀន​ថា ព្រះ​របស់​ពួក​គេ មិន​ដូច​ព្រះ​ដទៃ​ទៀត ដែល​គេ​បាន​ស្គាល់ នៅ​សម័យ​នោះ ដែល​នៅ​ឆ្ងាយ ថ្លង់​ស្តាប់​មិន​ឮ មាន​វត្ត​មាន​តែ​នៅ​កន្លែង​ខ្លះ ហើយ​ត្រូវ​ធ្វើ​ដំណើរ​ធម្ម​យាត្រា​ដ៏​វែង​ឆ្ងាយ ដើម្បី​ទៅ​ជួប។ តែ​ព្រះ​របស់​ពួក​អ៊ីស្រាអែល ទ្រង់​តែង​តែ​គង់​នៅ​ជិត ក្នុង​កាល​ដែល​ពួកគេ​អំពាវនាវ​រក​ទ្រង់​នោះ(ចោទិយកថា ៤:៧)។ សព្វ​ថ្ងៃ​នេះ អ្នក​ដែល​នៅ​ក្រៅ​ប្រទេស​អ៊ីស្រាអែល ក៏​អាច​ប្រកាស់​ដូច​នេះ​ផង​ដែរ។ នេះ​ជា​ដំណឹង​ដ៏​អស្ចារ្យ​ណាស់!​

ព្រះ​ជា​ម្ចាស់​មិន​គ្រាន់​តែ​មាន​វត្ត​មាន​នៅ​ទីក្រុង​យេរូសាឡិម​ប៉ុណ្ណោះ​ឡើយ។ ព្រះ​អង្គ​គង់​នៅ​ក្បែរ​យើង​ជា​និច្ច ទោះយើង​នៅ​ទីណា​ក៏​ដោយ។ អ្នក​ខ្លះ​ចាំ​បាច់​ត្រូវ​ស្វែង​រក​សេចក្តី​ពិត​ដ៏​សំខាន់​នេះ។ ពួកគេ​មិន​ចាំ​បាច់​ត្រូវ​ផ្ញើរ​សំបុត្រ​ទាំងនោះ​ទៅ​អាស័យ​ដ្ឋាន​របស់​ព្រះ​ជា​ម្ចាស់​នោះ​ឡើយ ព្រោះ​ពួក​គេ​គ្រាន់​តែ​ចាំបាច់​ត្រូវ​ដឹង​ថា : ព្រះ​ជា​ម្ចាស់​គង់​នៅ​ក្បែរ​ពួក​គេ​ស្រាប់​ហើយ។ ចូរ​និយាយ​ទៅ​កាន់​ព្រះ​អង្គ​ចុះ។—Sheridan Voysey