ខ្សែភាពយន្តមានចំណងជើងថា អាមីស្តាត និយាយអំពីរឿងរបស់ទាសករមកពីតំបន់អាហ្វ្រិកខាងលិច ក្នុងឆ្នាំ១៨៣៩ ដែលត្រូវបានគេដឹកជញ្ជូនតាមសំពៅ ហើយពួកគេក៏បានសម្លាប់កាពីទែនរបស់នាវា និងពួកនាវិកមួយចំនួន។ ទីបំផុត ពួកគេក៏ត្រូវបានគេចាប់ដាក់គុក ហើយបន្ទាប់មក ក៏បានទទួលការជំនុំជម្រះទោស។ នៅក្នុងឈុតដែលមិនអាចបំភ្លេចបាន គេឃើញលោកស៊ីនគេ(Cinqué) ដែលជាអ្នកដឹកនាំរបស់ពួកទាសករ បានអង្វរសុំសេរីភាព។ គាត់និយាយពាក្យតែបីម៉ាត់ជាភាសាអង់គ្លេស ដែលប្រែមកថា “សូមឲ្យយើងខ្ញុំមានសេរីភាព”។ ទោះគាត់និយាយភាសាអង់គ្លេសមិនត្រូវទំាងស្រុង តែបុរសដែលជាប់ច្រវ៉ាក់ម្នាក់នេះ បានធ្វើឲ្យបន្ទប់សាវនាការទាំងមូលមានភាពស្ងប់ស្ងាត់។ ពួកគេក៏ទទួលបាននូវយុត្តិធម៌ ហើយត្រូវគេដោះលែងឲ្យមានសេរីភាព។
សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនស្ថិតនៅក្នុងការជាប់ចំណងខាងរូបកាយនោះទេ តែពួកគេនៅតែមិនទាន់បានស្គាល់ការរំដោះពិតប្រាកដ ឲ្យរួចពីចំណងនៃអំពើបាប ដែលជាចំណងខាងវិញ្ញាណ។ ក្នុងបទគម្ពីរយ៉ូហាន ៨:៣៦ ព្រះយេស៊ូវបានមានបន្ទូលកម្សាន្តចិត្តថា “បើព្រះរាជបុត្រាប្រោសឲ្យអ្នករាល់គ្នាបានរួច នោះនឹងបានរួចជាពិត”។ ព្រះយេស៊ូវបានចង្អុលបង្ហាញឲ្យយើងដឹងថា ព្រះអង្គជាប្រភព នៃសេរីភាពពិតប្រាកដ ព្រោះព្រះអង្គប្រទានការអត់ទោសបាប ដល់អ្នកណាដែលជឿព្រះអង្គ។ អ្នកខ្លះបានអះអាងថា ពួកគេមិនជាប់ចំណងអ្វីទេ(ខ.៣៣) តែពាក្យសម្តី អាកប្បកិរិយា សកម្មភាពដែលពួកគេបានធ្វើ ដាក់ព្រះយេស៊ូវ បានបង្ហាញថា ពួកគេមិនទាន់បានរួចពីចំណងនៃអំពើបាបនៅឡើយទេ។
ព្រះយេស៊ូវសព្វព្រះទ័យឲ្យមនុស្សទំាងអស់ទទួលការរំដោះពិតប្រាកដពីព្រះអង្គ។ ព្រះអង្គសព្វព្រះទ័យនឹងរំដោះ ពួកគេ ឲ្យមានសេរីភាព ឲ្យរួចពីអំពើបាប ការមិនជឿ និងការភ័យខ្លាច។ ពួកគេត្រូវតែបើកចិត្តទទួលសេរីភាពនោះ។ សេរីភាពប្រភេទនេះ គឺសម្រាប់អស់អ្នកដែលបានជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ ដែលបានយាងចុះមកក្នុងលោកិយនេះ ដើម្បីកាត់ផ្តាច់ចំណងនៃអំពើបាប តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។—Arthur Jackson