មានពេលមួយ ខ្ញុំបានទៅជួបអ្នកប្រឹក្សាផ្លូវចិត្តរបស់ខ្ញុំ។ គាត់បានស្តាប់ខ្ញុំនិយាយ ដោយយកចិត្តទុកដាក់ ខណៈពេលដែលខ្ញុំកំពុងតែរៀបរាប់អំពីអារម្មណ៍របស់ខ្ញុំ ដែលកំពុងតែមានការឡើងចុះៗជានិច្ច បន្ទាប់ពីខ្ញុំបានជួបភាពតប់ប្រម៉ល់ពេញមួយសប្តាហ៍។ គាត់ក៏បានប្រាប់ខ្ញុំឲ្យមើលតាមមាត់បង្អួច ឆ្ពោះទៅរកដើមឈើទាំងឡាយ ដែលមានស្លឹកពណ៌លឿង និងពណ៌មាស ក្នុងរដូវស្លឹកឈើជ្រុះ ហើយមែករបស់ពួកវាកំពុងតែយោលតាមកម្លាំងខ្យល់បក់។
គាត់ក៏បានចង្អុលទៅរកដើមទាំងឡាយ ដែលមិនកំរើកទាល់តែសោះ ក្នុងពេលដែលមានខ្យល់បក់។ រួចគាត់ពន្យល់ប្រាប់ខ្ញុំថា “ជីវិតរបស់យើងក៏មានចំណុចដូចដើមឈើទាំងនោះផងដែរ។ ពេលដែលបញ្ហាបក់បោកមកលើជីវិតយើង ពីគ្រប់ទិស អារម្មណ៍របស់យើងមានការឡើងចុះៗ។ ប៉ុន្តែ ជួនកាល យើងរស់នៅ ដូចមែកឈើ ប៉ុន្តែ គោលដៅរបស់យើង គឺដើម្បីជួយអ្នកឲ្យរស់នៅ ដូចដើមដែលមិនរង្គើរនោះ ។ បានសេចក្តីថា ពេលដែលបញ្ហាបកបោកមកពីគ្រប់ទិស អ្នកនឹងមិនរស់នៅ ដូចមែកឈើទេ។ អ្នកនឹងនៅតែឈរយ៉ាងមាំមួន និងមានភាពនឹងនរ”។
នេះជាការប្រៀបធៀប ដែលខ្ញុំនៅចាំជានិច្ច ហើយក៏ស្រដៀងនឹងការប្រៀបធៀប ដែលសាវ័កប៉ុលបានបង្រៀនអ្នកជឿ នៅក្រុងអេភេសូរផងដែរ។ កាលនោះ គាត់បានរំឭកពួកគេ អំពីអំណោយដ៏អស្ចារ្យរបស់ព្រះ ដែលជាជីវិតថ្មី ដែលមានគោលបំណង និងតម្លៃដ៏ថ្លៃវិសេស(អេភេសូ ២:៦-១០) ហើយគាត់ក៏បានលើកទឹកចិត្តពួកគេឲ្យ ចាក់ឫសឲ្យជ្រៅ និងរឹងមាំ ក្នុងសេចក្តីស្រឡាញ់ព្រះគ្រីស្ទ(៣:១៧) ដោយ មិនឲ្យ “ខ្យល់នៃសេចក្តីបង្រៀនបោក ហើយផាត់យើងចុះឡើង”នោះឡើយ(៤:១៤)។
បើយើងពឹងផ្អែកកម្លាំងខ្លួនឯង នោះយើងងាយនឹងមានអារម្មណ៍មិននឹងនរ និងងាយប្រេះបែក ដោយសារការវាយដំរបស់ការភ័យខ្លាច និងការខ្វះទំនុកចិត្ត។ ប៉ុន្តែ ពេលណាយើងបានលូតលាស់ ក្នុងអត្តសញ្ញាណពិតប្រាកដ ក្នុងព្រះគ្រីស្ទ(ខ.២២-២៤) យើងអាចពិសោធនឹងសន្តិភាពដ៏ជ្រាលជ្រៅ ជាមួយព្រះ និងជាមួយគ្នា(ខ.៣) ដោយចម្រើនឡើង និងទ្រទ្រង់ ដោយអំណាច និងសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ(ខ.១៥-១៦)។—Monica Brands