មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​ជួប​អ្នក​ប្រឹក្សា​ផ្លូវ​ចិត្ត​របស់​ខ្ញុំ។ គាត់​បាន​ស្តាប់​ខ្ញុំ​និយាយ ដោយ​យក​ចិត្ត​ទុក​ដាក់ ខណៈពេល​ដែល​ខ្ញុំ​កំពុង​តែ​រៀប​រាប់​អំពី​អារម្មណ៍​របស់​ខ្ញុំ ដែល​កំពុង​តែ​មាន​ការ​ឡើង​ចុះ​ៗ​ជា​និច្ច បន្ទាប់​ពី​ខ្ញុំ​បាន​ជួប​ភាពតប់​ប្រម៉ល់​ពេញ​មួយ​សប្តាហ៍។ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ឲ្យ​មើល​តាម​មាត់​បង្អួច ឆ្ពោះ​ទៅ​រក​ដើម​ឈើ​ទាំង​ឡាយ ដែលមាន​ស្លឹក​ពណ៌​លឿង និង​ពណ៌​មាស​ ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ ហើយ​មែក​របស់​ពួក​វា​កំពុង​តែ​យោល​តាម​កម្លាំង​ខ្យល់បក់​។

គាត់​ក៏​បាន​ចង្អុល​ទៅ​រកដើម​ទាំង​ឡាយ ដែល​មិន​កំរើក​ទាល់​តែ​សោះ ក្នុង​ពេល​ដែល​មាន​ខ្យល់​បក់។ រួច​គាត់​ពន្យល់​ប្រាប់​ខ្ញុំ​ថា “ជីវិត​របស់​យើង​ក៏​មាន​ចំណុច​ដូច​ដើម​ឈើ​ទាំង​នោះ​ផង​ដែរ។ ពេល​ដែល​បញ្ហា​បក់​បោក​មក​លើ​ជីវិត​យើង ពី​គ្រប់​ទិស អារម្មណ៍​របស់​យើង​មាន​ការ​ឡើង​ចុះ​ៗ។ ប៉ុន្តែ ជួន​កាល យើង​រស់​នៅ ដូចមែក​ឈើ ប៉ុន្តែ គោល​ដៅ​របស់​យើង គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​រស់នៅ ដូចដើម​ដែល​មិន​រង្គើរ​នោះ ។ បាន​សេចក្តី​ថា ពេល​ដែល​បញ្ហា​បកបោក​មក​ពី​គ្រប់​ទិស អ្នក​នឹងមិន​រស់​នៅ ដូច​មែក​ឈើ​ទេ​។ អ្នក​នឹង​នៅ​តែ​ឈរ​យ៉ាង​មាំមួន និង​មាន​ភាព​នឹង​នរ”។

នេះ​ជា​ការ​ប្រៀប​ធៀប ដែល​ខ្ញុំ​នៅ​ចាំ​ជា​និច្ច ហើយ​ក៏​ស្រដៀង​នឹង​ការ​ប្រៀប​ធៀប ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​អ្នក​ជឿ នៅ​ក្រុង​អេភេសូរ​ផង​ដែរ។​ កាល​នោះ គាត់​បាន​រំឭក​ពួក​គេ អំពី​អំណោយ​ដ៏​អស្ចារ្យ​របស់​ព្រះ ដែល​ជា​ជីវិត​ថ្មី ​ដែល​មាន​គោល​បំណង និង​តម្លៃ​ដ៏​ថ្លៃ​វិសេស​(អេភេសូ ២:៦-១០) ហើយ​គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ ចាក់ឫស​ឲ្យ​ជ្រៅ និង​រឹង​មាំ ក្នុង​សេចក្តី​ស្រឡាញ់​ព្រះ​គ្រីស្ទ​(៣:១៧) ដោយ មិន​ឲ្យ “​ខ្យល់​នៃ​សេចក្តី​បង្រៀន​បោក ហើយ​ផាត់​យើង​ចុះ​ឡើង”នោះ​ឡើយ(៤:១៤)។

បើ​យើង​ពឹង​ផ្អែក​កម្លាំង​ខ្លួន​ឯង នោះ​យើង​ងាយ​នឹង​មាន​អារម្មណ៍​មិន​នឹង​នរ និង​ងាយ​ប្រេះ​បែក ដោយសារ​ការ​វាយ​ដំ​របស់​ការ​ភ័យ​ខ្លាច និង​ការ​ខ្វះ​ទំនុក​ចិត្ត។ ប៉ុន្តែ ពេល​ណា​យើង​បាន​លូត​លាស់ ក្នុង​អត្ត​សញ្ញាណ​ពិត​ប្រាកដ ក្នុង​ព្រះ​គ្រីស្ទ​(ខ.២២-២៤) យើង​អាច​ពិសោធ​នឹង​សន្តិ​ភាព​ដ៏​ជ្រាល​ជ្រៅ ជា​មួយ​ព្រះ និង​ជា​មួយ​គ្នា​(ខ.៣) ដោយ​ចម្រើន​ឡើង និង​ទ្រ​ទ្រង់ ដោយ​អំណាច និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​(ខ.១៥-១៦)។—Monica Brands