គ្រួសារខ្ញុំមានសត្វឆ្កែមួយក្បាល ឈ្មោះ “មែគ”(Max) ជាពូជឆ្កែប្រម៉ាញ់ឡាប្រាដូ ដែលមានទម្ងន់៤០គីឡូក្រាម។ មានពេលមួយ ភរិយាខ្ញុំបានបោះជំហានចូលក្នុងផ្ទះបាយ ហើយក៏បានលាន់មាត់ថា “អូហ៍ ទេ!”។ ភ្លាមនោះ មែគក៏បានស្ទុះរត់ចេញពីបន្ទប់មក។ យើងបានបាត់ជើងសត្វចៀមមួយជំហៀង ដែលយើងបានដាក់នៅគែមតុចង្រ្កានបាយ។ មែគបានស៊ីជើងសត្វចៀមនោះអស់ ដោយបន្សល់ទុកខ្ទះមួយ នៅទទេ។ វាបានព្យាយាមលាក់ខ្លួន នៅក្រោមគ្រែគេង ប៉ុន្តែ វាអាចចូលបានតែក្បាល និងស្មារបស់វាប៉ុណ្ណោះ។ គូទ កន្ទុយវាបានលយចេញមកក្រៅ ដូចនេះខ្ញុំក៏មិនពិបាកដើររកវាទេ។
ខ្ញុំក៏បានរអ៊ូដាក់វាថា “អូហ៍ មែក បាបឯងតាមឯងទាន់ហើយ”។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចំាអំពីប្រសាសន៍របស់លោកម៉ូសេ ពេលដែលគាត់បានបង្គាប់ពួកអ៊ីស្រាអែល ក្នុងពូជអំបូរពីរ ឲ្យស្តាប់បង្គាប់ព្រះជាម្ចាស់ ហើយគោរពពាក្យសន្យារបស់ពួកគេ។ គឺដូចដែលគាត់បានប្រាប់ពួកគេថា “តែបើមិនព្រមធ្វើដូច្នោះទេ នោះនឹងមានបាបចំពោះព្រះយេហូវ៉ាវិញ ហើយត្រូវដឹងជាប្រាកដថា បាបឯងរាល់គ្នានឹងតាមឯងទាន់”(ជនគណនា ៣២:២៣)។
អំពើបាបអាចធ្វើឲ្យយើងមានអារម្មណ៍ល្អតែមួយរយៈពេល តែវានាំឲ្យយើងមានការឈឺចាប់ជាទីបំផុត ដោយសារការដាច់ចេញពីព្រះជាម្ចាស់។ កាលនោះ លោកម៉ូសេកំពុងតែរំឭករាស្រ្តរបស់ព្រះថា គ្មានអំពើបាបមួយណា ដែលព្រះជាម្ចាស់មិនបានជ្រាបនោះឡើយ។ គឺដូចមានសេចក្តីចែងថា “គ្មានអ្វីកើតមក ដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់”(ហេព្រើរ ៤:១៣)។
ព្រះជាម្ចាស់ដ៏បរិសុទ្ធនៃយើងទតមើលឃើញអ្វីទាំងអស់ដែលយើងធ្វើ តែព្រះអង្គនៅតែដាស់តឿនយើងដោយសេចក្តីស្រឡាញ់ ឲ្យសារភាពអំពើបាប ប្រែចិត្ត(ងាកចេញពីបាប) ហើយដើរដោយសុចរិត ជាមួយព្រះអង្គ(១យ៉ូហាន ១:៩)។ នៅថ្ងៃនេះ ចូរយើងដើរតាមព្រះ ដោយសេចក្តីស្រឡាញ់។—James Banks