លោក​រីឆាត មូវ(Richard Mouw) ជា​ទេវ​វិទូ ដែល​បាន​និពន្ធ​សៀវភៅ​មាន​ចំណង​ជើង​ថា ជំនឿ​ដែល​គ្មាន​ការសម្រាក ដែល​ក្នុង​នោះ គាត់​បាន​និយាយ អំពី​សារៈ​សំខាន់​នៃ​ការ​នឹក​ចាំ អំពី​មេរៀន ពី​អតីត​កាល។ គាត់​បាន​ដកស្រង់​សម្តី​របស់​លោក​រ៉ូប៊ីត បេឡាហ៍(Robert Bellah) ដែល​ជា​សង្គម​វិទូ ដែល​មាន​ប្រសាសន៍​ថា “ប្រជាជាតិ​ដែលមាន​សុខភាព​ល្អ ត្រូវ​តែ​មាន​ការ​នឹក​ចាំ​ជាសហគមន៍”។ លោក​បេឡាហ៍​បាន​លើក​ឡើង​ថា ​​គោល​ការណ៍​នៃ​ការ​នឹកចាំ ​ ក៏មាន​ភាព​ចាំបាច់​សម្រាប់​គ្រួសារ ដែល​ជា​ចំណង​ដ៏​សំខាន់​មួយ​ទៀត​ក្នុង​សង្គម ព្រោះ​ការ​នឹក​ចាំ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ក្នុង​ការរស់​នៅ ក្នុង​សហគមន៍។

ព្រះ​គម្ពីរ​ក៏​បាន​បង្រៀន​យើង អំពី​តម្លៃ​នៃ​ការ​នឹក​ចាំ អំពី​សហគមន៍​ផង​ដែរ។ ព្រះ​ជាម្ចាស់បាន​ប្រទាន​នូវ​ពិធី​បុណ្យ​រំលង ដល់​ពួក​អ៊ីស្រាអែល ដើម្បី​ឲ្យ​ពួក​គេ​នឹក​ចាំ អំពី​ការ​អ្វី​ដែល​ព្រះ​ជា​ម្ចាស់​បាន​ធ្វើ ដើម្បី​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​ភាព​ជា​ទាស​ករ នៅ​ទឹក​ដី​អេស៊ីព្ទ(មើល និក្ខមនំ ១២:១-៣០)។ សព្វ​ថ្ងៃ​នេះ ជន​ជាតិ​យូដា​នៅ​ទូទាំង​ពិភព​លោក នៅ​តែ​បន្ត​នឹក​ចាំ អំពី​ពិធី​បុណ្យ​ដ៏​មាន​ន័យ​នេះ រៀង​រាល់​រដូវ​ផ្កា​រីក។

បុណ្យ​រំលង​ក៏​មាន​អត្ថ​ន័យ​ដ៏​ជ្រាល​ជ្រៅ ចំពោះ​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ផង​ដែរ ព្រោះ​បុណ្យ​រំលង​តែង​តែ​ចង្អុល​បង្ហាញ​មនុស្ស ឲ្យ​ងាក​ទៅ​រក​ព្រះ​រាជ​កិច្ច​ដែល​ព្រះ​មែស៊ី​បាន​សម្រេច​នៅ​លើ​ឈើ​ឆ្កាង។ នៅ​ក្នុង​ពិធី​បុណ្យ​រំលង មុន​ពេល​ព្រះ​គ្រីស្ទ​សុគត​នៅ​លើ​ឈើ​ឆ្កាង ព្រះ​អង្គ​បាន​បង្កើត​ពិធី​បុណ្យ​មួយ នៅ​តុ​អាហារ សម្រាប់​ឲ្យ​គេ​នឹក​ចាំ​ជា​រៀង​រហូត។ បទ​គម្ពីរ​លូកា ២២:១៩ បាន​ចែង​ថា “ទ្រង់​ក៏​យក​នំបុ័ង​មក​អរ​ព្រះគុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​ព្រះបន្ទូល​ថា នេះ​ហើយ​ជា​រូបកាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ”។

រៀង​រាល់​ពេល​យើង​ប្រារព្ធ​ពិធី​លៀង​ព្រះអម្ចាស់ ​យើង​ត្រូវ​នឹក​ចាំ អំពី​ការ​សុគត​របស់​ព្រះ​គ្រីស្ទ ដែល​បាន​រំដោះ​យើង ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​នៃ​អំពើ​បាប ហើយ​ប្រទាន​ជីវិត​អស់​កល្ប​មក​យើង​រាល់​គ្នា។ សូម​ឲ្យ​សេចក្តីស្រឡាញ់​ដ៏​ជួយ​សង្រ្គោះ​របស់​ព្រះ​យេស៊ូវ បាន​រំឭក​យើង​ថា ឈើ​ឆ្កាង​ព្រះ​អង្គ មាន​ភាព​សក្តិ​សម​នឹង​ឲ្យ​យើង​នឹក​ចាំ​ទាំង​អស់​គ្នា។—Bill Crowder