មានពេលមួយក្រុមគ្រួសារខ្ញុំ និងមនុស្សរាប់លាននាក់ នៅសហរដ្ឋអាមេរិក បានត្រៀមខ្លួនមើលសូគ្រាសដែលបាំងពន្លឺទាំងស្រុង ជាបាតុភូតិដ៏កម្រ ដោយពេលនោះ ព្រះច័ន្ទបានបាំងពន្លឺព្រះអាទិត្យទាំងស្រុង ដែលបានចែងចាំងមកចំតំបន់របស់យើង។ ខ្ញុំក៏បានត្រៀមឧបករណ៍ការពារភ្នែក និងទីកន្លែងដ៏សមរម្យសម្រាប់ទស្សនា ព្រមទំាងនំផៃខ្លះៗ ដែលយើងបានដុតដោយខ្លួនឯង នៅផ្ទះ។
សូគ្រាសនោះ បានបណ្តាលឲ្យមានភាពងងឹតគ្របដណ្តប់ នៅពេលរសៀល ដែលធ្លាប់តែមានពន្លឺថ្ងៃភ្លឺចិញ្ចាច ក្នុងរដូវក្តៅ។ សម្រាប់ក្រុមគ្រួសារខ្ញុំ សូគ្រាសនោះបាននាំមកនូវការកម្សាន្តសប្បាយ និងនឹកចាំ អំពីអំណាចដ៏អស្ចារ្យដែលព្រះជាម្ចាស់មាន មកលើស្នាព្រះហស្តព្រះអង្គ(ទំនុកដំកើង ១៣៥:៦-៧) ប៉ុន្តែ ក្នុងប្រវត្តិសាស្រ្តទាំងមូល គេច្រើនតែគិតថា ភាពងងឹតនៅពេលថ្ងៃ គឺជារឿងមិនធម្មតា និងប្រថ្នូលអាក្រក់(និក្ខមនំ ១០:២១ និង ម៉ាថាយ ២៧:៤៥) ជាទីសម្គាល់ដែលបង្ហាញថា អ្វីៗមិនដំណើរការ ដូចធម្មតាឡើយ។
ហោរាអេម៉ុសក៏បានជួបភាពងងឹតផងដែរ ក្នុងអំឡុងសម័យដែលពួកស្តេចរបស់ជនជាតិអ៊ីស្រាអែលកំពុងតែបាក់បែកគ្នា។ លោកអេម៉ុសបានព្រមាននគរខាងជើងថា សេចក្តីហិនវិនាសនឹងធ្លាក់មកលើពួកគេ បើសិនជាពួកគេនៅតែបន្តងាកបែរចេញពីព្រះ។ ព្រះជាម្ចាស់នឹងប្រទានទីសម្គាល់មួយ ដោយ “ធ្វើឲ្យព្រះអាទិត្យលិចទៅ នៅពេលថ្ងៃត្រង់ ឲ្យផែនដីបានទៅជាងងឹត កំពុងដែលមេឃនៅស្រឡះ”(អេម៉ុស ៨:៩)។
ប៉ុន្តែ បំណងព្រះទ័យធំបំផុតរបស់ព្រះជាម្ចាស់នៅពេលនោះ គឺដើម្បីកែតម្រង់ពួកគេ ឲ្យងាកមកដើរផ្លូវត្រូវឡើងវិញ។ សូម្បីតែនៅពេលដែលរាស្រ្តរបស់ទ្រង់ ត្រូវគេនិរទេស ឲ្យធ្វើជាឈ្លើយក្នុងនគរដទៃ ព្រះអង្គបានសន្យាថា ថ្ងៃមួយ ព្រះអង្គនឹងនាំសំណល់នៃជនជាតិអ៊ីស្រាអែល ត្រឡប់មកទីក្រុងយេរូសាឡិមវិញ ហើយ “ជួសជុលកំផែងទីក្រុងនេះ ឲ្យល្អឡើងវិញ”(៩:១១)។
ពេលណាជីវិតយើងស្ថិតក្នុងភាពងងឹត ដូចពួកអ៊ីស្រាអែល យើងអាចស្វែងរកការកម្សាន្តចិត្ត ដោយដឹងថា ព្រះជាម្ចាស់កំពុងតែធ្វើការរបស់ទ្រង់យ៉ាងសកម្ម ដើម្បីនាំពន្លឺ និងក្តីសង្ឃឹមត្រឡប់មករករាស្រ្តរបស់ព្រះអង្គទាំងអស់ (កិច្ចការ ១៥:១៤-១៨)។—Lisa M. Samra