មាន​ពេល​មួយ​ក្រុម​គ្រួសារ​ខ្ញុំ និង​មនុស្ស​រាប់​លាន​នាក់ នៅ​សហរដ្ឋ​អាមេរិក បាន​ត្រៀម​ខ្លួន​មើល​សូគ្រាស​ដែល​បាំង​ពន្លឺ​ទាំង​ស្រុង ជា​បាតុភូតិ​ដ៏​កម្រ ដោយ​ពេល​នោះ ព្រះ​ច័ន្ទ​បាន​បាំង​ពន្លឺ​ព្រះ​អាទិត្យ​ទាំង​ស្រុង ដែល​បាន​ចែង​ចាំ​ងមក​ចំ​តំបន់​របស់​យើង។ ខ្ញុំ​ក៏​បាន​ត្រៀម​ឧបករណ៍​ការពារ​ភ្នែក និង​ទី​កន្លែង​ដ៏​សមរម្យ​សម្រាប់​ទស្សនា ព្រម​ទំាង​នំ​ផៃ​ខ្លះ​ៗ ដែល​យើង​បាន​ដុត​ដោយ​ខ្លួន​ឯង នៅ​ផ្ទះ។

សូគ្រាស​នោះ បាន​បណ្តាល​ឲ្យ​មាន​ភាព​ងងឹត​គ្រប​ដណ្តប់​ ​នៅ​ពេល​រសៀល ដែល​ធ្លាប់​តែ​មាន​ពន្លឺ​ថ្ងៃ​ភ្លឺ​ចិញ្ចាច ក្នុងរដូវ​ក្តៅ។ សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ សូគ្រាស​នោះ​បាន​នាំ​មក​នូវ​ការ​កម្សាន្ត​សប្បាយ និង​នឹក​ចាំ អំពី​អំណាច​ដ៏​អស្ចារ្យ​ដែល​ព្រះ​ជាម្ចាស់​មាន មក​លើ​ស្នា​ព្រះ​ហស្ត​ព្រះ​អង្គ​(ទំនុក​ដំកើង ១៣៥:៦-៧) ប៉ុន្តែ ក្នុង​ប្រវត្តិ​សាស្រ្ត​ទាំង​មូល គេ​ច្រើន​តែ​គិត​ថា ភាព​ងងឹត​នៅ​ពេល​ថ្ងៃ គឺ​ជា​រឿង​មិន​ធម្មតា និង​ប្រថ្នូល​អាក្រក់​(និក្ខមនំ ១០:២១ និង ម៉ាថាយ ២៧:៤៥) ជា​ទី​សម្គាល់​ដែល​បង្ហាញ​ថា អ្វី​ៗ​មិន​ដំណើរ​ការ ដូច​ធម្មតា​ឡើយ។

ហោរា​អេម៉ុស​ក៏​បាន​ជួប​ភាព​ងងឹត​ផង​ដែរ ក្នុង​អំឡុង​សម័យ​ដែល​ពួក​ស្តេច​របស់​ជន​ជាតិ​អ៊ីស្រាអែល​កំពុង​តែ​បាក់បែក​គ្នា។ លោក​អេម៉ុស​បាន​ព្រមាន​នគរ​ខាង​ជើង​ថា សេចក្តី​ហិន​វិនាស​នឹង​ធ្លាក់​មក​លើ​ពួក​គេ បើ​សិន​ជា​ពួក​គេ​នៅតែ​បន្ត​ងាក​បែរ​ចេញ​ពីព្រះ​។ ព្រះ​ជា​ម្ចាស់​នឹង​ប្រទាន​ទី​សម្គាល់​មួយ ដោយ “​ធ្វើ​ឲ្យ​ព្រះអាទិត្យ​លិច​ទៅ នៅ​ពេល​ថ្ងៃ​ត្រង់ ឲ្យ​ផែនដី​បាន​ទៅ​ជា​ងងឹត កំពុង​ដែល​មេឃ​នៅ​ស្រឡះ​”(អេម៉ុស ៨:៩)។

ប៉ុន្តែ បំណង​ព្រះ​ទ័យ​ធំ​បំផុត​របស់​ព្រះ​ជា​ម្ចាស់​នៅ​ពេល​នោះ គឺ​ដើម្បី​កែ​តម្រង់​ពួក​គេ ឲ្យ​ងាក​មក​ដើរ​ផ្លូវ​ត្រូវ​ឡើង​វិញ​។ សូម្បី​តែ​នៅ​ពេល​ដែល​រាស្រ្ត​របស់​ទ្រង់ ត្រូវ​គេ​និរទេស ឲ្យ​ធ្វើ​ជា​ឈ្លើយ​ក្នុង​នគរ​ដទៃ ព្រះ​អង្គ​បាន​សន្យា​ថា ថ្ងៃ​មួយ ព្រះ​អង្គ​នឹង​នាំ​សំណល់​នៃ​ជន​ជាតិ​អ៊ីស្រាអែល ត្រឡប់​មក​ទីក្រុង​យេរូសាឡិម​វិញ ហើយ “ជួស​ជុល​កំផែងទីក្រុង​នេះ ឲ្យ​ល្អ​ឡើង​វិញ”(៩:១១)។

ពេល​ណា​ជីវិត​យើង​ស្ថិត​ក្នុង​ភាព​ងងឹត ដូច​ពួក​អ៊ីស្រាអែល យើង​អាច​ស្វែង​រក​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ព្រះ​ជាម្ចាស់​កំពុង​តែ​ធ្វើ​ការ​របស់​ទ្រង់​យ៉ាង​សកម្ម ដើម្បី​នាំ​ពន្លឺ និង​ក្តី​សង្ឃឹម​ត្រឡប់​មក​រក​រាស្រ្ត​របស់​ព្រះ​អង្គទាំង​អស់ (កិច្ចការ ១៥:១៤-១៨)។—Lisa M. Samra