នៅពេលរសៀលថ្ងៃសៅរ៍មួយនោះ ពេលដែលខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំកំពុងធ្វើដំណើរតាមផ្លូវ យើងបានឈប់ឡាន ដើម្បីញាំអាហារ ក្នុងភោជនីយដ្ឋានមួយ។ ខណៈពេលដែលអ្នករត់តុបានដាក់ចំណិតដំឡូងបំពង និងនំប័រហ្គ័រក្រាស់ៗ នៅលើតុរបស់យើង ស្វាមីខ្ញុំក៏បានងើបក្បាលឡើង ហើយសួរឈ្មោះគាត់។ បន្ទាប់មក ស្វាមីខ្ញុំក៏បាននិយាយថា “ពួកខ្ញុំអធិស្ឋានជាលក្ខណៈគ្រួសារ មុនពេលញាំអាហារ។ តើមានអ្វីដែលពួកខ្ញុំអាចអធិស្ឋានឲ្យអ្នកនៅថ្ងៃនេះឬទេ?” អ៊ែលិន(Allen គឺជាឈ្មោះរបស់គាត់) ក៏បានមើលមកយើង ដោយការភ្ញាក់ផ្អើល រួមផ្សំនឹងការថប់បារម្ភ។ គាត់មិនមាត់មិនកមួយសន្ទុះ ហើយក៏បានប្រាប់យើងថា គាត់គេងនៅលើសាឡុង ក្នុងផ្ទះមិត្តភក្តិគាត់រាល់យប់។ ឡានរបស់គាត់ខូច ហើយគាត់ដាច់លុយហើយ។
ស្វាមីរបស់ខ្ញុំក៏បានអធិស្ឋានយ៉ាងស្ងាត់ស្ងៀម សូមព្រះជាម្ចាស់ផ្គត់ផ្គង់អ៊ែលិន ហើយបង្ហាញឲ្យគាត់ស្គាល់សេចក្តីស្រឡាញ់របស់ព្រះអង្គ។ ពេលដែលស្វាមីរបស់ខ្ញុំបានអធិស្ឋានទូលអង្វរឲ្យអ៊ែលិន ខ្ញុំក៏បាននឹកចាំ អំពីព្រះវិញ្ញាណបរិសុទ្ធ ដែលយល់ចិត្តយើង ហើយបានអធិស្ឋានទូលអង្វរជំនួសយើង។ ក្នុងពេលដែលយើងមានតម្រូវការខ្លាំងបំផុត គឺនៅពេលដែលយើងដឹងថា យើងមិនមានលទ្ធភាពដោះស្រាយបញ្ហាក្នុងជីវិតយើង។ ពេលនោះយើងមិនដឹងថា ត្រូវអធិស្ឋានទៅព្រះជាម្ចាស់យ៉ាងដូចម្តេចទេ តែ “ព្រះវិញ្ញាណបរិសុទ្ធទូលអង្វរជំនួសរាស្រ្តរបស់ព្រះ”(រ៉ូម ៨:២៧)។ យើងមិនដឹងថា ព្រះវិញ្ញាណទូលអង្វរអំពីអ្វីខ្លះទេ តែយើងអាចដឹងច្បាស់ថា ព្រះអង្គតែងតែទូលអង្វរ តាមបំណងព្រះទ័យ ដែលព្រះវរបិតាមានសម្រាប់ជីវិតយើងម្នាក់ៗ។
ពេលណាអ្នកអធិស្ឋាន សូមការដឹកនាំ ការផ្គត់ផ្គង់ និងការការពារពីព្រះជាម្ចាស់ សម្រាប់នរណាម្នាក់ សូមឲ្យទង្វើដ៏សប្បុរសនេះ បានរំឭកអ្នកថា ព្រះវិញ្ញាណបរិសុទ្ធក៏កំពុងតែទូលអង្វរ ដល់ព្រះវរបិតា អំពីតម្រូវការខាងវិញ្ញណរបស់អ្នកផងដែរ គឺទូលអង្វរដល់ព្រះដែលស្គាល់ឈ្មោះអ្នក ហើយយកព្រះទ័យទុកដាក់ ចំពោះបញ្ហារបស់អ្នក។—Jennifer Benson Schuldt