នៅ​ពេល​រសៀល​ថ្ងៃ​សៅរ៍​មួយ​នោះ ពេល​ដែល​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ យើង​បាន​ឈប់ឡាន ដើម្បី​ញាំ​អាហារ ក្នុង​ភោជនីយ​ដ្ឋាន​មួយ។ ខណៈ​ពេល​ដែល​អ្នក​រត់​តុ​បាន​ដាក់​ចំណិត​ដំឡូង​បំពង និង​នំប័រហ្គ័រ​ក្រាស់​ៗ នៅ​លើ​តុ​របស់​យើង ស្វាមី​ខ្ញុំ​ក៏​បាន​ងើប​ក្បាល​ឡើង ​ហើយ​សួរ​ឈ្មោះ​គាត់។ បន្ទាប់​មក ស្វាមី​ខ្ញុំ​ក៏​បាន​និយាយ​ថា “ពួក​ខ្ញុំ​អធិស្ឋាន​ជា​លក្ខណៈ​គ្រួសារ មុន​ពេល​ញាំ​អាហារ។ តើ​មាន​អ្វី​ដែល​ពួក​ខ្ញុំ​អាច​អធិស្ឋានឲ្យ​អ្នកនៅថ្ងៃនេះឬទេ?” អ៊ែលិន(Allen គឺជាឈ្មោះរបស់គាត់) ក៏​បាន​មើល​មក​យើង ដោយ​ការ​ភ្ញាក់​ផ្អើល រួម​ផ្សំ​នឹង​ការ​ថប់​បារម្ភ។ គាត់​មិន​មាត់​មិន​ក​មួយ​សន្ទុះ ហើយ​ក៏​បាន​ប្រាប់​យើង​ថា គាត់​គេង​នៅ​លើ​សាឡុង ក្នុង​ផ្ទះ​មិត្ត​ភក្តិ​គាត់​រាល់​យប់។ ឡាន​របស់​គាត់​ខូច ហើយ​គាត់​ដាច់​លុយ​ហើយ។

ស្វាមី​របស់​ខ្ញុំ​ក៏​បាន​អធិស្ឋាន​យ៉ាង​ស្ងាត់​ស្ងៀម សូម​ព្រះ​ជា​ម្ចាស់​ផ្គត់​ផ្គង់​អ៊ែលិន ហើយ​បង្ហាញ​ឲ្យ​គាត់​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។ ពេល​ដែល​ស្វាមី​របស់​ខ្ញុំ​បាន​អធិស្ឋាន​ទូល​អង្វរ​ឲ្យ​អ៊ែលិន ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​យល់​ចិត្ត​យើង ហើយ​បាន​អធិស្ឋាន​ទូល​អង្វរ​ជំនួស​យើង។ ក្នុង​ពេល​ដែល​យើង​មាន​តម្រូវ​ការ​ខ្លាំង​បំផុត គឺ​នៅ​ពេល​ដែល​យើង​ដឹង​ថា យើង​មិន​មាន​លទ្ធ​ភាព​ដោះ​ស្រាយ​បញ្ហា​ក្នុង​ជីវិត​យើង។ ពេល​នោះយើង​មិន​ដឹង​ថា ត្រូវ​អធិស្ឋាន​ទៅ​ព្រះ​ជាម្ចាស់​យ៉ាង​ដូច​ម្តេច​ទេ តែ “ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទូល​អង្វរ​ជំនួស​រាស្រ្ត​របស់​ព្រះ”(រ៉ូម ៨:២៧)។ យើង​មិន​ដឹង​ថា ព្រះ​វិញ្ញាណ​ទូល​អង្វរ​អំពី​អ្វី​ខ្លះ​ទេ តែ​យើង​អាច​ដឹង​ច្បាស់​ថា ព្រះ​អង្គ​តែង​តែ​ទូល​អង្វរ តាម​បំណង​ព្រះ​ទ័យ ដែល​ព្រះវរបិតា​មាន​សម្រាប់​ជីវិត​យើង​ម្នាក់​ៗ។​

ពេល​ណា​អ្នក​អធិ​ស្ឋាន សូម​ការ​ដឹក​នាំ ការ​ផ្គត់​ផ្គង់ និង​ការ​ការពារ​ពី​ព្រះ​ជា​ម្ចាស់ សម្រាប់​នរណា​ម្នាក់ សូម​ឲ្យ​ទង្វើ​ដ៏​សប្បុរស​នេះ បាន​រំឭក​អ្នក​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​កំពុង​តែ​ទូល​អង្វរ ដល់​ព្រះ​វរបិតា អំពី​តម្រូវ​ការ​ខាង​វិញ្ញណរបស់​អ្នក​ផង​ដែរ គឺ​ទូល​អង្វរ​ដល់​ព្រះ​ដែល​ស្គាល់​ឈ្មោះ​អ្នក ហើយ​យក​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​បញ្ហា​របស់​អ្នក​។—Jennifer Benson Schuldt