មានពេលមួយ លោកមីង តិច(Ming Teck)បានភ្ញាក់ពីដំណេក ដោយអាការៈឈឺក្បាលយ៉ាងខ្លាំង ហើយគាត់គិតថា គាត់កំពុងតែមានជំងឺប្រកាំងទៀតហើយ។ ប៉ុន្តែ ពេលគាត់ងើបពីគ្រែ គាត់ក៏បានដួលទៅលើកម្រាលឥដ្ឋ។ គេក៏បានយកគាត់ទៅមន្ទីរពេទ្យ ដែលនៅទីនោះ គ្រូពេទ្យក៏បានប្រាប់គាត់ថា គាត់មានជំងឺដាច់សរសៃឈាមខួរក្បាលហើយ។ ប៉ុន្តែ បន្ទាប់ពីគាត់បានទៅទទួលការស្តារនិតិសម្បទាឡើងវិញ អស់រយៈពេល៤ខែ គាត់ក៏បានមានលទ្ធភាពគិត និងនិយាយឡើងវិញ ប៉ុន្តែ គាត់នៅមានការឈឺចាប់ នៅក្នុងការដើរ។ ជាញឹកញាប់ គាត់បានព្យាយាមជម្នះភាពអស់សង្ឃឹម ប៉ុន្តែ គាត់រកឃើញការកម្សាន្តចិត្តដ៏អស្ចារ្យ នៅក្នុងកណ្ឌគម្ពីរយ៉ូប។
លោកយ៉ូបបានបាត់បង់ទ្រព្យសម្បត្តិ និងកូនៗរបស់គាត់ ក្នុងរយៈពេលដ៏ខ្លី។ ទោះគាត់បានទទួលដំណឹងដ៏សោកសៅយ៉ាងណាក៏ដោយ ក៏គាត់នៅតែមើលទៅព្រះជាទីមួយ ដោយសេចក្តីសង្ឃឹម ហើយសរសេរដំកើងព្រះអង្គ ដែលបានធ្វើជាប្រភពនៃអ្វីៗទាំងអស់។ គាត់បានទទួលស្គាល់ថា ព្រះហស្តរបស់ព្រះបានឃុំគ្រងអ្វីៗទាំងអស់ ក្នុងពេលដែលគាត់មានទុក្ខភ័យ(យ៉ូប ១:២១)។ យើងស្ញើចសរសើរជំនឿដ៏រឹងមាំរបស់គាត់ ប៉ុន្តែ លោកយ៉ូបក៏បានតយុទ្ធនឹងភាពអស់សង្ឃឹមផងដែរ។ បន្ទាប់ពីគាត់ធ្លាក់ខ្លួនឈឺ(២:៧) គាត់ក៏បានពោលពាក្យប្រទេចផ្តាសា ដល់ថ្ងៃកំណើតរបស់គាត់(៣:១)។ គាត់បាននិយាយប្រាប់មិត្តភក្តិរបស់គាត់ និងទូលថ្វាយព្រះជាម្ចាស់ អំពីការឈឺចាប់របស់គាត់ ដោយមិនលាក់លៀម។ ទោះជាយ៉ាងណាក៏ដោយ ទីបំផុត គាត់ក៏បានទទួលស្គាល់ថា ព្រះហស្តព្រះ គឺជាអ្នកអនុញ្ញាតឲ្យការល្អ ក៏ដូចជាការអាក្រក់ កើតឡើងចំពោះគាត់(១៣:១៥ ១៩:២៥-២៧)។
ពេលដែលយើងមានការឈឺចាប់ យើងក៏អាចជ្រើសរើសយកក្តីសង្ឃឹម ឬភាពអស់សង្ឃឹម ហើយជ្រើសរើសការសង្ស័យ ឬសេចក្តីជំនឿ។ ព្រះជាម្ចាស់មិនតម្រូវថា យើងត្រូវតែប្រឈមមុខដាក់ទុក្ខលំបាក ដោយគ្មានការភ័យខ្លាចទាល់តែសោះនោះទេ តែផ្ទុយទៅវិញ ព្រះអង្គបានអញ្ជើញយើងឲ្យចូលមករកព្រះអង្គ ដោយនាំសំណួររបស់យើងទូលថ្វាយព្រះអង្គផងដែរ។ ទោះពេលខ្លះ ជំនឿរបស់យើងមានការធ្លាក់ចុះ ក៏យើងនៅតែអាចទុកចិត្តថា ព្រះជាម្ចាស់តែងតែស្មោះត្រង់ជានិច្ច។—Poh Fang Chia