មាន​ពេល​មួយ ក្មេង​ជំទង់​ដែល​ជា​សិស្ស​វិទ្យាល័យ​មួយ​ក្រុម មក​ពី​សហរដ្ឋ​អាមេរិក បាន​ទៅ​សួរ​សុខ​ទុក្ខ​ជន​ចាស់ជរា នៅ​ក្នុង​មន្ទីរ​ចាស់​ជរា ក្នុង​ទីក្រុង​បេឡាយ។ ពេល​ដែល​ពួក​គេ​កំពុង​តែ​ច្រៀង​សរសើរ​ព្រះ​យេស៊ូវ គេ​សង្កេត​ឃើញបុរស​ម្នាក់ កំពុង​តែ​អង្គុយ​ស្តាប់ នៅ​លើ​រទេះ​រុញ ដោយ​អំណរ។ ក្រោយ​មក ក្នុង​ចំណោម​ក្មេង​ជំទង់​ទាំង​នោះ ​មាន​អ្នក​ខ្លះ​បាន​ព្យាយាម​ទំនាក់​ទំនង​ជា​មួយ​គាត់ ហើយ​ក៏​បាន​ដឹង​ថា គាត់​មិន​អាច​និយាយ​បាន​ទេ ដោយសារ​គាត់​មាន​ជម្ងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​។​

ដោយសារ​ពួក​គេ​មិន​អាច​បន្ត​ការ​សន្ទនា​ជា​មួយ​គាត់ ក្មេង​ជំទង់​ទាំង​នោះ​ក៏​បាន​សម្រេច​ចិត្ត​ច្រៀង​ឲ្យ​គាត់​ស្តាប់។ ពេល​ដែល​ពួក​គេ​ចាប់​ផ្តើម​ច្រៀង រឿង​ដ៏​អស្ចារ្យ​មួយ​បាន​កើត​ឡើង។ បុរស​ដែល​មិន​អាច​និយាយ​នោះ ក៏​បាន​ចាប់ផ្តើម​ច្រៀង។ គាត់​ក៏​បាន​បន្លឺ​សម្លេង​ច្រៀង​ជា​មួយ​មិត្ត​ភក្តិ​ថ្មី​ទាំង​នោះ​ថា “ទ្រង់​ធំ​ណាស់​ណា ទ្រង់​ធំ​អស្ចារ្យ”។

វា​ជា​ពេល​ដែល​ពួក​គេ​មិន​អាច​បំភ្លេច​បាន​ឡើយ។ សេចក្តី​ស្រឡាញ់​ដែល​បុរស​នេះ​មាន​ចំពោះ​ព្រះ​ជា​ម្ចាស់​ បានទម្លុះ​ទម្លាយ​ឧប​ស័គ្គ​ដែល​ធ្វើ​ឲ្យ​គាត់​និយាយ​មិន​កើត ហើយ​ក៏​បាន​បន្លឺ​សម្លេង​ច្រៀង និង​ថ្វាយ​បង្គំ អស់​ពី​ចិត្ត និងដោយ​អំណរ។

យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​ឧបស័គ្គ នៅ​ក្នុង​ការ​ថ្វាយ​បង្គំ ពី​មួយ​ពេល​ទៅ​មួយ​ពេល។ វា​អាច​ជា​ការ​ប៉ះ​ទង្គិច​គ្នា នៅក្នុង​ទំនាក់​ទំនង ឬ​ជា​បញ្ហា​លុយ​កាក់​ជា​ដើម។ ពុំ​នោះ​ទេ វា​អាច​ជា​ចិត្ត​ដែល​កំពុង​តែ​ឃ្លាត​ចេញ​ឆ្ងាយ​ពី​ព្រះ​ជា​ម្ចាស់​។

បុរស​នៅ​មន្ទីរ​ចាស់​ជរា​ដែល​និយាយ​មិន​កើត​នោះ បាន​រំឭក​យើង​ថា ភាព​អស្ចារ្យ​របស់​ព្រះ​ដ៏​មាន​គ្រប់​ចេស្តា​ អាចជម្នះ​ឧបស័គ្គ​ទាំង​អស់។ យើង​អាច​បន្លឺ​សម្លេង​ច្រៀង​ថា​ “ឱ​ព្រះ​អម្ចាស់ កាល​ខ្ញុំ​នឹក​ស្ងើច​ខ្លាំង​អស្ចារ្យ ពី​សកលលោក ដែល​ទ្រង់​សាង​ដោយ​ព្រះ​ហស្ត!”

តើ​អ្នក​មាន​ការ​ពិបាក​ក្នុង​ការ​ច្រៀង​សរសើរ និង​ថ្វាយ​បង្គំ​ព្រះ​ទេ? សូម​ជញ្ជឹង​គិត​ អំពី​ភាព​ធំ​ប្រសើរ​របស់​ព្រះ​នៃ​យើង ដោយ​អាន​ខគម្ពីរ ដែល​មាន​ដូចជា ទំនុក​ដំកើង ជំពូក​៩៦ ជា​ដើម ហើយ​អ្នក​ក៏​នឹង​បាន​ដឹង​ថា ឧបស័គ្គ​ដែលអ្នក​កំពុង​ជួប នឹង​ត្រូវ​បាន​ជំនួស​ដោយ​ការ​សរសើរ​ដំកើង។—Dave Branon