កាលប៉ុន្មានឆ្នាំមុន កូនប្រុសខ្ញុំដែលមានអាយុ៤ឆ្នាំ មានស៊ុមធ្វើពីឈើមួយ មានរូបរាងដូចបេះដូង ដែលគេបានភ្ជាប់ពីលើបន្ទះលោហៈ ដោយមានអក្សរឆ្លាក់នៅចំកណ្តាលថា ជារៀងរហូត ។ គាត់បានឲ្យស៊ុមនោះមកខ្ញុំ ហើយប្រាប់ខ្ញុំថា “ម៉ាក់ កូនស្រឡាញ់ម៉ាក់ជារៀងរហូត”។
ខ្ញុំក៏បានអរគុណគាត់ ដោយឱបគាត់ ហើយប្រាប់គាត់ថា “កូនធ្វើឲ្យម៉ាក់ស្រឡាញ់កូនកាន់តែខ្លាំងហើយ”។
កូនប្រុសខ្ញុំបានឲ្យអំណោយមិនអាចកាត់ថ្លៃនេះមកខ្ញុំ ដើម្បីធានាថា គាត់នឹងស្រឡាញ់ខ្ញុំជារៀងរហូត។ នៅថ្ងៃដែលមានការពិបាក ព្រះជាម្ចាស់បានប្រើព្រះវត្តមានដ៏ផ្អែមល្ហែមរបស់ព្រះអង្គ ដើម្បីកម្សាន្តចិត្ត និងលើកទឹកចិត្តខ្ញុំ ដោយបញ្ជាក់ច្បាស់ថា ព្រះអង្គបានស្រឡាញ់ខ្ញុំ ដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ។
ស៊ុមនោះក៏បានធ្វើឲ្យខ្ញុំនឹកចាំ អំពីអំណោយនៃសេចក្តីស្រឡាញ់ដ៏អស់កល្បរបស់ព្រះ ដែលបានបង្ហាញ នៅក្នុងព្រះបន្ទូលព្រះអង្គទាំងមូល និងបញ្ជាក់ ដោយព្រះវិញ្ញាណព្រះអង្គ។ យើងអាចទុកចិត្តលើសេចក្តីល្អដែលមិនប្រែប្រួលរបស់ព្រះអង្គ ហើយច្រៀងសរសើរ ដោយការដឹងគុណថា សេចក្តីស្រឡាញ់របស់ព្រះអង្គស្ថិតស្ថេរជានិច្ច គឺដូចដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានបន្លឺសម្លេងសរសើរ ក្នុងបទគម្ពីរទំនុកដំកើង ១៣៦:១)។ យើងអាចសរសើរដំកើងថា ព្រះអម្ចាស់ធំប្រសើរលើសអ្វីៗទាំងអស់(ខ.២-៣) ខណៈពេលដែលយើងជញ្ជឹងគិត អំពីភាពអស្ចារ្យមិនចេះចប់ និងប្រាជ្ញាដែលគ្មានដែនកំណត់របស់ព្រះអង្គ (ខ.៤-៥)។ ព្រះដែលស្រឡាញ់យើងជារៀងរហូត ជាព្រះអាទិករនៃផ្ទៃមេឃ និងផែនដី ដែលស្គាល់យើង និងយកព្រះទ័យទុកដាក់ចំពោះយើង ហើយក៏បានគ្រប់គ្រងពេលវេលា ផងដែរ(ខ.៦-៩)។
យើងអាចអរសប្បាយ ព្រោះសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ ដែលមានចែងក្នុងបទគម្ពីរទំនុកដំកើង ក៏ជាសេចក្តីស្រឡាញ់ ដ៏ស្ថិតស្ថេរ ដែលព្រះអាទិករ ដ៏មានគ្រប់ចេស្តា បានចាក់បង្ហូរមកលើជីវិត របស់កូនព្រះអង្គ នៅថ្ងៃនេះ។ ទោះយើងកំពុងតែប្រឈមមុខដាក់បញ្ហាអ្វីក៏ដោយ ព្រះដែលបានបង្កើតយើង និងបន្តគង់នៅជាមួយយើង នឹងចម្រើនកម្លាំងយើង ដោយធានាយើងថា ព្រះអង្គស្រឡាញ់យើងមួយរយភាគរយ ដោយគ្មានលក្ខខណ្ឌ។
ឱព្រះអម្ចាស់ សូមអរព្រះគុណព្រះអង្គ សម្រាប់ការរំឭកជាច្រើនរាប់មិនអស់ អំពីសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះអង្គ ដែលនាំឲ្យជីវិតទាំងឡាយផ្លាស់ប្រែ។—Xochitl Dixon