កាល​ប៉ុន្មាន​ឆ្នាំ​មុន កូន​ប្រុស​ខ្ញុំ​ដែល​មាន​អាយុ៤​ឆ្នាំ មាន​ស៊ុម​ធ្វើ​ពី​ឈើ​មួយ មាន​រូប​រាង​ដូច​បេះ​ដូង ដែល​គេ​បានភ្ជាប់​ពី​លើ​បន្ទះ​លោហៈ ដោយ​មាន​អក្សរ​ឆ្លាក់​នៅ​ចំ​កណ្តាល​ថា ជា​រៀង​រហូត ។ គាត់​បាន​ឲ្យ​ស៊ុម​នោះ​មក​ខ្ញុំ ហើយប្រាប់​ខ្ញុំ​ថា “ម៉ាក់ កូន​ស្រឡាញ់​ម៉ាក់​ជា​រៀង​រហូត”។

ខ្ញុំ​ក៏​បាន​អរគុណ​គាត់ ដោយ​ឱប​គាត់ ហើយ​ប្រាប់​គាត់​ថា “កូនធ្វើ​ឲ្យ​ម៉ាក់​ស្រឡាញ់​កូន​កាន់​តែ​ខ្លាំង​ហើយ”។

កូន​ប្រុស​ខ្ញុំ​បាន​ឲ្យ​អំណោយ​មិន​អាច​កាត់​ថ្លៃ​នេះ​មក​ខ្ញុំ ដើម្បី​ធានា​ថា គាត់​នឹង​ស្រឡាញ់​ខ្ញុំ​ជា​រៀង​រហូត។ នៅ​ថ្ងៃដែល​មាន​ការ​ពិបាក ព្រះ​ជា​ម្ចាស់​បាន​ប្រើ​ព្រះ​វត្ត​មាន​ដ៏​ផ្អែម​ល្ហែម​របស់​ព្រះ​អង្គ ដើម្បី​កម្សាន្ត​ចិត្ត និង​លើក​ទឹក​ចិត្ត​ខ្ញុំ ដោយ​បញ្ជាក់​ច្បាស់​ថា​ ព្រះ​អង្គ​បាន​ស្រឡាញ់​ខ្ញុំ ដោយ​ក្តី​ស្រឡាញ់ដ៏​ជ្រាល​ជ្រៅ។​

ស៊ុម​នោះ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អំណោយ​នៃ​សេចក្តី​ស្រឡាញ់​ដ៏​អស់​កល្ប​របស់​ព្រះ ដែល​បាន​បង្ហាញ​ នៅ​ក្នុងព្រះ​បន្ទូល​ព្រះ​អង្គ​ទាំង​មូល និង​បញ្ជាក់ ដោយ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ។ យើង​អាច​ទុក​ចិត្ត​លើ​សេចក្តី​ល្អ​ដែល​មិន​ប្រែប្រួល​របស់​ព្រះ​អង្គ ហើយ​ច្រៀង​សរសើរ ដោយ​ការ​ដឹង​គុណ​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ស្ថិត​ស្ថេរ​ជា​និច្ច គឺដូច​ដែល​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​បន្លឺ​សម្លេង​សរសើរ​ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ១៣៦:១)។ យើង​អាចសរសើរ​ដំកើង​ថា ព្រះ​អម្ចាស់​ធំ​ប្រសើរ​លើស​អ្វី​ៗ​ទាំង​អស់​(ខ.២-៣) ខណៈ​ពេល​ដែល​យើង​ជញ្ជឹង​គិត អំពី​ភាព​អស្ចារ្យ​មិន​ចេះ​ចប់ និង​ប្រាជ្ញា​ដែល​គ្មាន​ដែន​កំណត់​របស់​ព្រះ​អង្គ (ខ.៤-៥)។ ព្រះ​ដែល​ស្រឡាញ់​យើង​ជា​រៀង​រហូត ជា​ព្រះ​អាទិករ​នៃ​ផ្ទៃ​មេឃ និង​ផែន​ដី ដែល​ស្គាល់​យើង និង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង ហើយ​ក៏​បានគ្រប់​គ្រង​ពេល​វេលា ផង​ដែរ​(ខ.៦-៩)។

យើង​អាច​អរ​សប្បាយ ព្រោះ​សេចក្តី​ស្រឡាញ់ដ៏​ស្ថិត​ស្ថេរ ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ក៏​ជា​សេចក្តីស្រឡាញ់ ដ៏​ស្ថិត​ស្ថេរ ដែល​ព្រះ​អាទិករ ​ដ៏​មាន​គ្រប់​ចេស្តា បាន​ចាក់​បង្ហូរ​មក​លើ​ជីវិត របស់​កូន​ព្រះ​អង្គ នៅ​ថ្ងៃ​នេះ។ ទោះ​យើង​កំពុង​តែ​ប្រឈម​មុខ​ដាក់​បញ្ហា​អ្វី​ក៏​ដោយ ព្រះ​ដែល​បាន​បង្កើត​យើង និង​បន្ត​គង់​នៅ​ជា​មួយ​យើង នឹងចម្រើន​កម្លាំង​យើង ដោយ​ធានា​យើង​ថា ព្រះ​អង្គ​ស្រឡាញ់​យើង​មួយ​រយ​ភាគ​រយ ដោយ​គ្មាន​លក្ខ​ខណ្ឌ។

ឱ​ព្រះ​អម្ចាស់ សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​រំឭក​ជា​ច្រើន​រាប់​មិន​អស់ អំពី​សេចក្តី​ស្រឡាញ់ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ​អង្គ ដែល​នាំ​ឲ្យ​ជីវិត​ទាំង​ឡាយ​ផ្លាស់​ប្រែ។​—Xochitl Dixon