ពេល​ដែល​ខ្ញុំ និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​តំបន់​សំណង់​អាណា​ធិប​តេយ្យ ចិត្ត​របស់​យើង​ក៏​បានបន្ទាប​ចុះ ដោយ​សារ​ភាព​ក្រី​ក្រ ដែល​យើង​បាន​ឃើញ នៅ​ទី​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្នុង​ពេល​ដដែលនោះ ខ្ញុំ​ក៏​មាន​អារម្មណ៍​ផ្សេង​មួយ​ទៀត គឺ​ស្រស់​ថ្លា​ណាស់ ពេល​ដែល​បាន​ឃើញ​ក្មេង​ៗ​រត់​មក​រក​យើង ដោយស្រែក​ឡើង​ថា “មឈុងហ្កាយី មឈុងហ្កាយី!” (ជា​ភាសា​ស្វាហ៊ីលី មាន​ន័យ​ថា “លោក​គ្រូ​គង្វាល”)។ នេះ​ជា​ការឆ្លើយ​តប​របស់​ពួក​គេ ដែល​ពេញ​ដោយ​អំណរ ពេល​ដែល​បាន​ឃើញ​អ្នក​ដឹក​នាំ​ខាង​វិញ្ញាណ​របស់​ពួក​គេ កំពុង​តែនៅ​ក្នុង​យាន​យន្ត​ជា​មួយ​យើង។ ក្មេង​ៗ​ទាំង​នោះ​បាន​បន្លឺ​សម្លេង​ស្រែក​ដ៏​ស្រទន់ ដើម្បី​ស្វាគម​ន៍អ្នក​ដែល​បាន​យក​ចិត្ត​ទុក​ដាក់ និង​ខ្វល់​ខ្វាយ​ពី​ពួក​គេ។

ពេល​ព្រះ​យេស៊ូវ​យាង​មក​ដល់​ទីក្រុង​យេរូសាឡិម ដោយ​ជិះ​នៅ​លើ​ខ្នង​សត្វ​លា ក្មេង​ៗ​ដែល​ពេញ​ដោយ​អំណរ ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ស្វាគមន៍ និង​សរសើរ​ដំកើង​ព្រះ​អង្គ​ថា “​ហូសាណា ដល់​ព្រះវង្ស​ហ្លួង​ដាវីឌ ព្រះអង្គ​ដែល​យាង​មក​ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះពរ ហូសាណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត”(ម៉ាថាយ ២១:៩,១៥)។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ គេ​មិន​គ្រាន់​តែ​ឮ​សម្លេង​សរសើរ​ដំកើង​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ​ទេ។ សម្លេង​រំខាន​ក៏បាន​កើត​មាន​ផង​ដែរ ពេល​ដែល​ពួក​អ្នក​ដូរ​លុយ​កំពុង​តែ​ច្រាស់​ច្រាល ដោយ​សារ​ព្រះ​យេស៊ូ​បាន​បណ្តេញ​ពួក​គេចេញ​ពី​ព្រះ​វិហារ(ខ.១២-១៣)។ ជាង​នេះ​ទៅ​ទៀត ពួក​អ្នក​ដឹក​នាំ​សាសនា​ដែល​បាន​មើល​ឃើញ​អំពើ​សប្បុរស​របស់​ព្រះ​យេស៊ូវ “ក៏​មាន​ចិត្ត​គ្នាន់​ក្នាញ់”(ខ.១៤-១៥)។ ពួក​គេ​ក៏​បាន​និយាយ អំពី​ការ​មិន​ពេញ​ចិត្ត ចំពោះ​ការ​ដែល​ក្មេង​ៗ​សរសើរ​ដំកើង​ព្រះ​អង្គ​(ខ.១៦)។ ការ​នេះ​បាន​បង្ហាញ​ថា ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នោះ​ កំពុង​តែ​មាន​ភាព​ក្រីក្រ នៅ​ក្នុង​ចិត្ត។

យើង​អាច​រៀន​សូត្រ​អំពី​ជំនឿ​របស់​ក្មេង​ៗ​ នៅ​គ្រប់​សម័យ និង​គ្រប់​ទី​កន្លែង ដែល​បាន​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវជា​ព្រះ​អង្គ​សង្រ្គោះ នៃ​ពិភព​លោក។ ព្រះ​អង្គ​ជា​ព្រះ​ដែល​ឮ​ការ​សរសើរ​ដំកើង និង​សម្លេង​យំ​របស់​យើង ហើយព្រះ​អង្គ​ក៏​យក​ព្រះ​ទ័យ​ទុក​ដាក់ និង​សង្រ្គោះ​យើង ពេល​ណា​យើង​ចូល​មក​រក​ព្រះ​អង្គ ដោយ​ជំនឿ​ដូច​ក្មេង​ៗ។​—Arthur Jackson