ពេលដែលខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំម្នាក់ ធ្វើដំណើរចូលទៅក្នុងតំបន់សំណង់អាណាធិបតេយ្យ ចិត្តរបស់យើងក៏បានបន្ទាបចុះ ដោយសារភាពក្រីក្រ ដែលយើងបានឃើញ នៅទីនោះ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលដដែលនោះ ខ្ញុំក៏មានអារម្មណ៍ផ្សេងមួយទៀត គឺស្រស់ថ្លាណាស់ ពេលដែលបានឃើញក្មេងៗរត់មករកយើង ដោយស្រែកឡើងថា “មឈុងហ្កាយី មឈុងហ្កាយី!” (ជាភាសាស្វាហ៊ីលី មានន័យថា “លោកគ្រូគង្វាល”)។ នេះជាការឆ្លើយតបរបស់ពួកគេ ដែលពេញដោយអំណរ ពេលដែលបានឃើញអ្នកដឹកនាំខាងវិញ្ញាណរបស់ពួកគេ កំពុងតែនៅក្នុងយានយន្តជាមួយយើង។ ក្មេងៗទាំងនោះបានបន្លឺសម្លេងស្រែកដ៏ស្រទន់ ដើម្បីស្វាគមន៍អ្នកដែលបានយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីពួកគេ។
ពេលព្រះយេស៊ូវយាងមកដល់ទីក្រុងយេរូសាឡិម ដោយជិះនៅលើខ្នងសត្វលា ក្មេងៗដែលពេញដោយអំណរ ក៏ស្ថិតក្នុងចំណោមអ្នកដែលស្វាគមន៍ និងសរសើរដំកើងព្រះអង្គថា “ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត”(ម៉ាថាយ ២១:៩,១៥)។ ប៉ុន្តែ នៅថ្ងៃនោះ គេមិនគ្រាន់តែឮសម្លេងសរសើរដំកើងព្រះយេស៊ូវប៉ុណ្ណោះទេ។ សម្លេងរំខានក៏បានកើតមានផងដែរ ពេលដែលពួកអ្នកដូរលុយកំពុងតែច្រាស់ច្រាល ដោយសារព្រះយេស៊ូបានបណ្តេញពួកគេចេញពីព្រះវិហារ(ខ.១២-១៣)។ ជាងនេះទៅទៀត ពួកអ្នកដឹកនាំសាសនាដែលបានមើលឃើញអំពើសប្បុរសរបស់ព្រះយេស៊ូវ “ក៏មានចិត្តគ្នាន់ក្នាញ់”(ខ.១៤-១៥)។ ពួកគេក៏បាននិយាយ អំពីការមិនពេញចិត្ត ចំពោះការដែលក្មេងៗសរសើរដំកើងព្រះអង្គ(ខ.១៦)។ ការនេះបានបង្ហាញថា ពួកអ្នកដឹកនាំសាសនាទាំងនោះ កំពុងតែមានភាពក្រីក្រ នៅក្នុងចិត្ត។
យើងអាចរៀនសូត្រអំពីជំនឿរបស់ក្មេងៗ នៅគ្រប់សម័យ និងគ្រប់ទីកន្លែង ដែលបានទទួលស្គាល់ថា ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ នៃពិភពលោក។ ព្រះអង្គជាព្រះដែលឮការសរសើរដំកើង និងសម្លេងយំរបស់យើង ហើយព្រះអង្គក៏យកព្រះទ័យទុកដាក់ និងសង្រ្គោះយើង ពេលណាយើងចូលមករកព្រះអង្គ ដោយជំនឿដូចក្មេងៗ។—Arthur Jackson