លោក​សេយ​ឌី(Saydee) និង​ក្រុម​គ្រួសារ​គាត់ បាន​ប្រកាន់​យក​គោល​ការណ៍ “បើក​ចំហរ​ដៃ  និង​បើក​ចំហរ​ផ្ទះ”។ គាត់​ថា ផ្ទះ​របស់​គាត់​ស្វាគមន៍​មនុស្ស​ទាំង​អស់ “ជា​ពិសេស អ្នក​ដែល​មាន​ទុក្ខ​ព្រួយ”។ គាត់​បាន​ចម្រើន​វ័យ​ធំ​ឡើង នៅ​ប្រទេល​លីបេរា ជា​មួយ​បង​ប្អូន​៩​នាក់ ក្នុង​គ្រួសារ​ប្រភេទ​នេះ​ឯង។ ឪពុក​ម្តាយ​របស់​គាត់​តែង​តែ​ស្វាគមន៍​អ្នកដទៃ ចូល​ក្នុង​គ្រួសារ​ពួក​គេ តាម​របៀប​នេះ។ គាត់​ថា​ “យើង​បាន​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​សហគមន៍​មួយ។ យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​គ្នា។ ឪពុក​ខ្ញុំ​បាន​បង្រៀន​យើង ឲ្យ​ស្រឡាញ់​គ្នា ថែរក្សា​គ្នា និង​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក”។

កាល​ស្តេច​ដាវីឌ​កំពុង​តែ​ត្រូវ​ការ​ជំនួយ ទ្រង់​បាន​រក​ឃើញ​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ នៅ​ក្នុង​ព្រះ​ជាម្ចាស់។ ក្នុង បទ​គម្ពីរ​សាំយ៉ូអែលទី២ ជំពូក២២ (និង​ទំនុក​ដំកើង ១៨) ស្តេច​ដាវីឌ​បាន​ច្រៀង​សរសើរ​ដំកើង​ព្រះ​អម្ចាស់ ដ្បិតព្រះ​អង្គ​បាន​ធ្វើ​ជា​ទីជ្រក​កោន ដល់​ស្តេច​ដាវីឌ​អស់​មួយ​ជីវិត។ ទ្រង់​ក៏​បាន​រំឭក​ផង​ដែរ​ថា “នៅ​គ្រា​មាន​សេចក្តី​វេទនា នោះ​ទូលបង្គំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា គឺ​បាន​ស្រែក​រក​ព្រះ​នៃ​ទូលបង្គំ ទ្រង់​ក៏​ឮ​សំឡេង​នៃ​ទូលបង្គំ​ពី​ក្នុង​ព្រះវិហារ​ទ្រង់ សំរែក​របស់​ទូលបង្គំ​បាន​ឮ​នៅ​ព្រះកាណ៌​ទ្រង់”(២សាំយ៉ូអែល ២២:៧)។ ព្រះ​ជា​ម្ចាស់​បាន​រំដោះ​ទ្រង់​ជា​ច្រើន​ដង ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ ដែល​រាប់​បញ្ចូល​ទាំង​ការ​សង្រ្គោះ​ឲ្យ​រួច​ពី​ស្តេច​សូល​ផង​ដែរ។ ទ្រង់​បាន​សរសើរដំកើង​ព្រះ​ជា​ម្ចាស់ ព្រោះ​ព្រះ​អង្គ​បាន​ធ្វើ​ជា​ទីមាំ​មួន និង​ជា​អ្នក​រំដោះ ដែល​ទ្រង់​បាន​ចូល​ជ្រក​កោន(ខ.២-៣)។

ទុក្ខ​ព្រួយ​របស់​យើង ប្រហែល​ជា​តូច​ទេ បើ​ធៀប​នឹង​ទុក្ខ​ព្រួយ​របស់​ស្តេច​ដាវីឌ តែ​ព្រះ​ជា​ម្ចាស់​បាន​ស្វាគមន៍​យើង ឲ្យ​រត់​មក​រក​ព្រះ​អង្គ ដើម្បី​ស្វែង​រក​ជម្រក ដែល​យើង​ត្រូវ​ការ។ ព្រះ​ហស្ត​ព្រះ​អង្គ​តែង​តែ​បើក​ចំហរ​ជា​និច្ច។ ដូចនេះ ចូរ​យើង “ច្រៀង​សរសើរ​ដំកើង​ព្រះ​នាម​ព្រះ​អង្គ”(ខ.៥០)។—Anne Cetas