លោកសេយឌី(Saydee) និងក្រុមគ្រួសារគាត់ បានប្រកាន់យកគោលការណ៍ “បើកចំហរដៃ និងបើកចំហរផ្ទះ”។ គាត់ថា ផ្ទះរបស់គាត់ស្វាគមន៍មនុស្សទាំងអស់ “ជាពិសេស អ្នកដែលមានទុក្ខព្រួយ”។ គាត់បានចម្រើនវ័យធំឡើង នៅប្រទេលលីបេរា ជាមួយបងប្អូន៩នាក់ ក្នុងគ្រួសារប្រភេទនេះឯង។ ឪពុកម្តាយរបស់គាត់តែងតែស្វាគមន៍អ្នកដទៃ ចូលក្នុងគ្រួសារពួកគេ តាមរបៀបនេះ។ គាត់ថា “យើងបានចម្រើនវ័យធំឡើង ក្នុងសហគមន៍មួយ។ យើងស្រឡាញ់គ្នាទៅវិញទៅមក។ យើងមានការទទួលខុសត្រូវចំពោះគ្នា។ ឪពុកខ្ញុំបានបង្រៀនយើង ឲ្យស្រឡាញ់គ្នា ថែរក្សាគ្នា និងការពារគ្នាទៅវិញទៅមក”។
កាលស្តេចដាវីឌកំពុងតែត្រូវការជំនួយ ទ្រង់បានរកឃើញសេចក្តីស្រឡាញ់ប្រភេទនេះ នៅក្នុងព្រះជាម្ចាស់។ ក្នុង បទគម្ពីរសាំយ៉ូអែលទី២ ជំពូក២២ (និងទំនុកដំកើង ១៨) ស្តេចដាវីឌបានច្រៀងសរសើរដំកើងព្រះអម្ចាស់ ដ្បិតព្រះអង្គបានធ្វើជាទីជ្រកកោន ដល់ស្តេចដាវីឌអស់មួយជីវិត។ ទ្រង់ក៏បានរំឭកផងដែរថា “នៅគ្រាមានសេចក្តីវេទនា នោះទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា គឺបានស្រែករកព្រះនៃទូលបង្គំ ទ្រង់ក៏ឮសំឡេងនៃទូលបង្គំពីក្នុងព្រះវិហារទ្រង់ សំរែករបស់ទូលបង្គំបានឮនៅព្រះកាណ៌ទ្រង់”(២សាំយ៉ូអែល ២២:៧)។ ព្រះជាម្ចាស់បានរំដោះទ្រង់ជាច្រើនដង ឲ្យរួចពីខ្មាំងសត្រូវ ដែលរាប់បញ្ចូលទាំងការសង្រ្គោះឲ្យរួចពីស្តេចសូលផងដែរ។ ទ្រង់បានសរសើរដំកើងព្រះជាម្ចាស់ ព្រោះព្រះអង្គបានធ្វើជាទីមាំមួន និងជាអ្នករំដោះ ដែលទ្រង់បានចូលជ្រកកោន(ខ.២-៣)។
ទុក្ខព្រួយរបស់យើង ប្រហែលជាតូចទេ បើធៀបនឹងទុក្ខព្រួយរបស់ស្តេចដាវីឌ តែព្រះជាម្ចាស់បានស្វាគមន៍យើង ឲ្យរត់មករកព្រះអង្គ ដើម្បីស្វែងរកជម្រក ដែលយើងត្រូវការ។ ព្រះហស្តព្រះអង្គតែងតែបើកចំហរជានិច្ច។ ដូចនេះ ចូរយើង “ច្រៀងសរសើរដំកើងព្រះនាមព្រះអង្គ”(ខ.៥០)។—Anne Cetas