មានពេលមួយ អ្នកកែសម្លេងព្យាណូបានព្យាយាមកែសម្លេងព្យាណូធំមួយគ្រឿង ឲ្យមានសម្លេងត្រឹមត្រូវឡើងវិញ។ ពេលខ្ញុំកំពុងតែស្តាប់សម្លេងដែលគាត់កំពុងតែកែនោះ ខ្ញុំក៏បានគិតដល់ពេលមួយ ដែលខ្ញុំធ្លាប់ស្តាប់សម្លេងដ៏ពិរោះក្រៃលែងរបស់ព្យាណូ ក្នុងការប្រគុំបទ “វ័រស័រ ខុនសឺតូ” និងបទ “ទ្រង់ធំអស្ចារ្យ”។ ប៉ុន្តែ ពេលនេះឧបករណ៍តន្រ្តីនេះ កំពុងត្រូវការឲ្យគេកែសម្លេងវា។ ខ្ទង់ខ្លះមានសម្លេងត្រូវហើយ តែខ្ទង់ខ្លះទៀតមានសម្លេងទាបពេក ឬខ្ពស់ពេក ស្តាប់ទៅមិនពិរោះ។ គេមិនដែលជួលអ្នកកែសម្លេងព្យាណូ ឲ្យកែសម្រួលខ្ទង់នីមួយៗ ឲ្យមានសម្លេងដូចគ្នានោះទេ ប៉ុន្តែ គេត្រូវធ្វើយ៉ាងណា ឲ្យខ្ទង់នីមួយៗមានសម្លេងពិសេសខុសគ្នា ហើយរួមផ្សំគ្នា បង្កើតជាទំនុកដ៏ពិរោះរណ្តំ។
សូម្បីតែនៅក្នុងពួកជំនុំ ក៏យើងអាចសង្កេតឃើញភាពមិនស៊ីសង្វាក់គ្នាផងដែរ។ អ្នកដែលមានបំណងប្រាថ្នាខ្ពស់ ឬមានអំណោយទានខុសគ្នា អាចបង្កើតឲ្យមានភាពមិនចុះសម្រុងគ្នា ពេលណាពួកគេធ្វើការជាមួយគ្នា។ ហេតុនេះហើយ ក្នុងបទគម្ពីរកាឡាទី ជំពូក៥ សាវ័កប៉ុលបានលើកទឹកចិត្តអ្នកជឿទាំងអស់ឲ្យលះបង់ “ការស្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក” ដែលអាចបំផ្លាញការប្រកបស្និទ្ធស្នាលជាមួយព្រះ ឬបំផ្លាញទំនាក់ទំនងជាមួយអ្នកដទៃ។ បន្ទាប់មក សាវ័កប៉ុលក៏បានលើកទឹកចិត្តយើង ឲ្យឱបក្រសោបយក ផលផ្លែនៃព្រះវិញ្ញាណវិញ ដែលមានដូចជា : “សេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត”(ខ.២០,២២-២៣)។
ពេលណាយើងរស់នៅ តាមការដឹកនាំរបស់ព្រះវិញ្ញាណ យើងនឹងមិនពិបាកជៀសវាងការប៉ះទង្គិច ដោយសារបញ្ហាដែលមិនចាំបាច់នោះឡើយ។ ការមានគោលបំណងរួម និងចុះសម្រុងគ្នា អាចសំខាន់ជាងការមានបំណងខុសគ្នា។ ហើយដោយមានជំនួយមកពីព្រះ នោះយើងម្នាក់ៗអាចលូតលាស់ ក្នុងព្រះគុណ និងការរួបរួម ដោយមានចិត្តគំនិតដែលស្របនឹងបំណងព្រះទ័យទ្រង់។—Cindy Hess Kasper