ផ្លូវ​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ មាន​លក្ខណៈ​ចង្អៀត។ ខ្ញុំក៏​បាន​គិត​ថា គេ​ទើប​តែ​អ៊ុត​កៅ​ស៊ូ​ ឥឡូវ​នេះ គេ​កំពុងតែ​គាស់​កាយ​ផ្លូវ​នោះ​ទៀត​ហើយ!  ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា ហេតុ​អ្វី​ការ​ជួស​ជុល​ផ្លូវ​នេះ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​សោះ? ខ្ញុំមិន​ដែល​ឃើញ​គេ​ដាក់​ផ្លាក​សញ្ញា​ថា “ក្រុម​ហ៊ុន​បាន​បញ្ចប់​ការ​សាង​សង់​ផ្លូវ​នេះ​ជា​ស្ថាពរ។ សូម​បើក​បរ​នៅ​លើ​ផ្លូវដ៏​ប្រណឹត​នេះ​ដោយ​ក្តី​រីក​រាយ”

ប៉ុន្តែ ជីវិត​ខាង​វិញ្ញាណ​របស់​ខ្ញុំ ក៏​មាន​លក្ខណៈ​មិន​ខុស​ពី​ការ​ជួស​ជុល​ផ្លូវ​នេះ​ឡើយ។ ក្នុង​ដំណាក់​កាល​ដំបូង​នៃជីវិត​ខ្ញុំ​ជា​គ្រីស្ទ​បរិស័ទ ​ខ្ញុំ​បាន​នឹក​ស្រមៃ​ដល់​ពេល​ដែល​ខ្ញុំ​មាន​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ គឺ​ពេល​ដែល​អ្វី​ៗ​នឹង​មានភាព​រលូន ដូច​ផ្លូវ​ថ្នល់​ដែល​បាន “អ៊ុត​កៅ​ស៊ូ​ហើយ”។ ៣០​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​សារ​ភាព​ថា ខ្ញុំ​នៅ​មាន​ចំណុច​ខ្វះ​ខាត ដូច​ផ្លូវ​ថ្នល់​ដែល​កំពុង​ជួស​ជុល។ ការ​ជួស​ជុល ក្នុង​ជីវិត​ខ្ញុំ​ហាក់​ដូច​ជា​មិន​ចេះ“ចប់” គឺ​មិន​ខុស​ពី​ផ្លូវ​ដែល​ខ្ញុំកំពុង​តែ​ធ្វើ​ដំណើរ​នោះ ដែល​តែង​តែ​មាន​ក្រឡុក។ ជួន​កាល បញ្ហា​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​នឿយ​ណាយ​ផង​ដែរ។​

ប៉ុន្តែ បទ​គម្ពីរ​ហេព្រើរ ជំពូក​១០ មាន​ព្រះ​បន្ទូល​សន្យា​ដ៏​អស្ចារ្យ​មួយ។ ខ.១៤ បាន​ចែង​ថា “​ទ្រង់​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់​លក្ខណ៍​អស់​កល្ប​ជានិច្ច ដោយ​សារ​ដង្វាយ​តែ​១​នោះ”។ ព្រះ​រាជ​កិច្ចដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ នៅ​លើ​ឈើ​ឆ្កាង បាន​សង្រ្គោះ​យើងរួច​ហើយ​ ។ គឺ​បាន​សង្រ្គោះ​ទាំង​ស្រុង និង​យ៉ាង​ល្អ​ឥតខ្ចោះ។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​នៅ​តែ​បន្ត​កែ​ប្រែ​ជីវិត​យើង នៅ​លើ​ផែន​ដី។ គឺ​កែ​ប្រែ​ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​អង្គ គឺ​ព្រះ​អង្គ​កំពុង​តែ​ធ្វើ​ឲ្យ​យើង “កាន់​តែ​មាន​ភាព​បរិសុទ្ធ”។

ថ្ងៃ​មួយ យើង​នឹង​បាន​ជួប​ព្រះ​អង្គ​មុខ​ទល់​នឹង​មុខ ហើយ​យើង​នឹង​បាន​ដូច​ព្រះ​អង្គ​(១យ៉ូហាន ៣:២)។ ប៉ុន្តែ ទំរាំ​តែដល់​ពេល​នោះ យើង​ត្រូវ “ឆ្លង​កាត់​ការ​ជួស​ជុល” ដោយ​រង់​ចាំ​ថ្ងៃ​ដ៏​រុង​រឿង ដែល​ព្រះ​រាជ​កិច្ច​ព្រះ​អង្គ​ធ្វើ​ក្នុងជីវិត​យើង បញ្ចប់​ជា​ស្ថាពរ។​—Adam Holz