កូនប្រុសរបស់ខ្ញុំបានចាប់កំណើត នៅថ្ងៃសុក្រ តាមពេលវេលាដែលព្រះជាម្ចាស់បានកំណត់។ យើងក៏បានដាក់ឈ្មោះឲ្យគាត់ថា កូហ្វ៊ី(Kofi) ដែលមានន័យថា ក្មេងប្រុសដែលកើតនៅថ្ងៃសុក្រ។ យើងបានដាក់ឈ្មោះឲ្យគាត់ តាមលំនាំឈ្មោះរបស់មិត្តភក្តិយើងម្នាក់ ដែលជាគ្រូគង្វាលជនជាតិហ្កាណា។ កូនប្រុសតែមួយរបស់គាត់បានបាត់បង់ជីវិត កាលពីប៉ុន្មានឆ្នាំមុន។ គាត់បានអធិស្ឋានឲ្យកូហ្វ៊ីជាប្រចាំ។ យើងពិតជាមានកិត្តិយសណាស់។
យើងងាយនឹងមើលរំលងសារៈសំខាន់របស់ឈ្មោះមនុស្ស បើសិនជាយើងមិនបានដឹងអំពីប្រវត្តិរបស់ឈ្មោះណាមួយ។ ក្នុងបទគម្ពីរលូកា ជំពូក ៣ យើងឃើញថា ក្នុងបញ្ជីរាយនាមបុព្វបុរសរបស់លោកយ៉ូសែប មានឈ្មោះមួយ ដែលមានលក្ខណៈគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លំាង។ បញ្ជីរាយនាមបុព្វបុរសរបស់លោកយ៉ូសែប បានរាប់ឈ្មោះក្នុងខ្សែស្រឡាយរបស់លោកយ៉ូសែប បញ្រ្ចាស់មកក្រោយ ចាប់ពីឈ្មោះរបស់លោកយ៉ូសែប ដល់លោកអ័ដាំម ហើយថែមទាំងរាប់បញ្ចូលព្រះជាម្ចាស់ផងដែរ(ខ.៣៨)។ ខ.៣១ លោកលូកាបានសរសេរថា “កូនរបស់ណាថាន់ៗ ជាកូនដាវីឌ”។ ណាថាន់ ជាឈ្មោះដែលគួរឲ្យចាប់អារម្មណ៍ព្រោះ ក្នុងបទគម្ពីរ ១របាក្សត្រ ៣:៥ យើងឃើញថា គាត់បានចាប់កំណើតពីនាងបាតសេបា។
តើវាជារឿងចៃដន្យទេ ដែលស្តេចដាវីឌបានដាក់ឈ្មោះឲ្យកូនដែលទ្រង់មានជាមួយនាងបាតសេបាថា ណាថាន់? តាមប្រវត្តិរបស់រឿងនេះ នាងបាតសេបាមិនមែនជាមហេសីស្របច្បាប់របស់ស្តេចដាវីឌឡើយ។ ហោរាណាថាន់ ហ៊ានទៅស្តីបន្ទោសឲ្យស្តេចអង្គនេះ ដោយសារទ្រង់បានប្រើអំណាចទ្រង់ក្នុងផ្លូវខុស ដោយលួចយកនាងបាតសេបា ហើយធ្វើឃាតស្វាមីរបស់នាង(២សាំយ៉ូអែល ១២)។ ស្តេចដាវីឌក៏បានទទួលយកការស្តីបន្ទោសរបស់លោកហោរារូបនេះ ហើយក៏បានប្រែចិត្តចេញពីអំពើបាបដ៏ស្មោកគ្រោកនេះ។ ក្នុងពេលដែលទ្រង់កំពុងឆ្លងកាត់ការប្រោសឲ្យជា ទ្រង់ក៏បានដាក់ព្រះនាមឲ្យបុត្រាទ្រង់ថា ណាថាន់។ នេះពិតជាទង្វើរដ៏ត្រឹមត្រូវណាស់ ព្រោះណាថាន់ ជាកូនរបស់នាងបាតសេបា ហើយទ្រង់នឹងក្លាយជាបុព្វបុរសរបស់លោកយ៉ូសែប ដែលមានឈ្មោះជាឪពុករបស់ព្រះយេស៊ូវនៅផែនដី(លូកា ៣:២៣)។
ក្នុងព្រះគម្ពីរ យើងសង្កេតឃើញថា ព្រះគុណរបស់ព្រះបានជាប់ទាក់ទងនឹងការគ្រប់យ៉ាង សូម្បីតែនៅក្នុងឈ្មោះ ដែលមានកត់ទុកក្នុងបញ្ជីនាមបុព្វបុរស ដែលគេកម្រនឹងអាន។ ដូចនេះ ព្រះគុណរបស់ព្រះមាននៅគ្រប់ទីកន្លែង។—Tim Gustafson