កូន​ប្រុស​របស់​ខ្ញុំ​បាន​ចាប់​កំណើត នៅ​ថ្ងៃ​សុក្រ តាម​ពេល​វេលា​ដែល​ព្រះ​ជា​ម្ចាស់​បាន​កំណត់។ យើង​ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​គាត់​ថា កូហ្វ៊ី(Kofi) ដែល​មាន​ន័យ​ថា ក្មេង​ប្រុស​ដែល​កើត​នៅ​ថ្ងៃ​សុក្រ។ យើង​បាន​ដាក់​ឈ្មោះ​ឲ្យ​គាត់ តាម​លំ​នាំ​ឈ្មោះ​របស់​មិត្ត​ភក្តិ​យើង​ម្នាក់ ដែល​ជា​គ្រូ​គង្វាល​ជន​ជាតិ​ហ្កាណា។ កូន​ប្រុស​តែ​មួយ​របស់​គាត់​បាន​បាត់​បង់​ជីវិត កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ គាត់​បាន​អធិស្ឋាន​ឲ្យ​កូហ្វ៊ី​ជា​ប្រចាំ។ យើង​ពិត​ជា​មាន​កិត្តិ​យស​ណាស់។

យើង​ងាយ​នឹង​មើល​រំលង​សារៈ​សំខាន់​របស់​ឈ្មោះម​នុស្ស បើ​សិន​ជា​យើង​មិន​បាន​ដឹង​អំពី​ប្រវត្តិ​របស់​ឈ្មោះ​ណាមួយ​។ ក្នុង​បទ​គម្ពីរ​លូកា ជំពូក ៣ យើង​ឃើញ​ថា ក្នុង​បញ្ជី​រាយ​នាម​បុព្វ​បុរស​របស់​លោក​យ៉ូសែប មាន​ឈ្មោះ​មួយ ដែល​មាន​លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លំាង។ បញ្ជី​រាយ​នាម​បុព្វ​បុរស​របស់​លោក​យ៉ូសែប បាន​រាប់​ឈ្មោះ​ក្នុងខ្សែ​ស្រឡាយ​របស់​លោក​យ៉ូសែប បញ្រ្ចាស់​មក​ក្រោយ​ ចាប់​ពី​ឈ្មោះ​របស់​លោក​យ៉ូសែប ដល់​លោក​អ័ដាំម ហើយថែម​ទាំង​រាប់​បញ្ចូល​ព្រះ​ជា​ម្ចាស់​ផង​ដែរ​(ខ.៣៨)។ ខ.៣១ លោក​លូកា​បាន​សរសេរ​ថា “​កូន​របស់​ណាថាន់ៗ ជា​កូន​ដាវីឌ”។ ណាថាន់ ជា​ឈ្មោះ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ព្រោះ ក្នុង​បទ​គម្ពីរ ១របាក្សត្រ ៣:៥ យើង​ឃើញ​ថា គាត់បាន​ចាប់​កំណើត​ពី​នាង​បាតសេបា។

តើ​វា​ជា​រឿង​ចៃដន្យ​ទេ ដែល​ស្តេច​ដាវីឌ​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ដែល​ទ្រង់​មាន​ជា​មួយ​នាងបាតសេបា​ថា ណាថាន់? តាម​ប្រវត្តិ​របស់​រឿង​នេះ នាង​បាតសេបា​មិន​មែន​ជា​មហេសី​ស្រប​ច្បាប់​របស់​ស្តេច​ដាវីឌ​ឡើយ។ ហោរា​ណាថាន់ ហ៊ាន​ទៅ​ស្តី​បន្ទោស​ឲ្យ​ស្តេច​អង្គ​នេះ ដោយ​សារ​ទ្រង់​បាន​ប្រើ​អំណាច​ទ្រង់​ក្នុង​ផ្លូវ​ខុស ដោយ​លួច​យក​នាង​បាត​សេបា ហើយ​ធ្វើ​ឃាត​ស្វាមី​របស់​នាង​(២សាំយ៉ូអែល ១២)។ ស្តេច​ដាវីឌ​ក៏​បាន​ទទួល​យក​ការ​ស្តី​បន្ទោស​របស់​លោកហោរា​រូប​នេះ ហើយ​ក៏​បាន​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​ដ៏​ស្មោក​គ្រោក​នេះ។ ក្នុង​ពេល​ដែល​ទ្រង់​កំពុង​ឆ្លង​កាត់​ការ​ប្រោស​ឲ្យ​ជា ទ្រង់​ក៏​បាន​ដាក់​ព្រះ​នាម​ឲ្យ​បុត្រា​ទ្រង់​ថា ណាថាន់។ នេះ​ពិត​ជា​ទង្វើរ​ដ៏​ត្រឹម​ត្រូវ​ណាស់ ព្រោះ​ណាថាន់ ជា​កូន​របស់​នាង​បាតសេបា ហើយ​ទ្រង់​នឹង​ក្លាយ​ជា​បុព្វ​បុរស​របស់​លោក​យ៉ូសែប ដែល​មាន​ឈ្មោះ​ជាឪពុក​របស់​ព្រះយេស៊ូវ​នៅ​ផែន​ដី(លូកា ៣:២៣)។

ក្នុង​ព្រះ​គម្ពីរ យើង​សង្កេត​ឃើញ​ថា ព្រះ​គុណ​របស់​ព្រះ​បាន​ជាប់​ទាក់​ទង​នឹង​ការ​គ្រប់​យ៉ាង សូម្បី​តែ​នៅ​ក្នុង​ឈ្មោះ ដែល​មាន​កត់​ទុក​ក្នុង​បញ្ជី​នាម​បុព្វ​បុរស ដែល​គេ​កម្រ​នឹង​អាន។ ដូច​នេះ ព្រះ​គុណ​របស់​ព្រះ​មាន​នៅ​គ្រប់​ទីកន្លែង។​—Tim Gustafson