មុនពេលដែលលោកស្រីបាបារ៉ា ប៊ូស(Barbara Bush) ដែលជាភរិយារបស់អតីតប្រធានាធិបតីអាមេរិក ចច អេឆ ដាប់ប៊លយូ ប៊ូស(George H. W. Bush) លាចាកលោក គាត់បានមានប្រសាសន៍ទៅកាន់កូនប្រុសរបស់គាត់ថា “ម៉ាក់បានទទួលជឿព្រះយេស៊ូវ ហើយទ្រង់ជាព្រះអង្គសង្រ្គោះរបស់ម៉ាក់។ ហើយម៉ាក់មិនខ្លាចសេចក្តីស្លាប់ទេ”។ នេះជាប្រសាសន៍ ដោយមានទំនុកចិត្ត និងគួរឲ្យស្ងប់ស្ងែងណាស់ ដែលបានឆ្លុះបញ្ចាំង អំពីជំនឿដ៏រឹងមាំ និងបានចាក់ឫសចូលជ្រៅ។ គាត់បានពិសោធន៍នឹងអំណោយនៃសន្តិភាពរបស់ព្រះជាម្ចាស់ ដែលបានកើតឡើង ពីការស្គាល់ព្រះយេស៊ូវ សូម្បីតែនៅពេលដែលគាត់កំពុងតែប្រឈមមុខដាក់សេចក្តីស្លាប់ក៏ដោយ។
លោកស៊ីម្មានដែលជាអ្នកក្រុងយេរូសាឡិម នៅសតវត្សរ៍ទី១ ក៏បានពិសោធន៍នឹងសន្តិភាពដ៏អស្ចារ្យនេះ តាមរយៈព្រះយេស៊ូវផងដែរ។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានប៉ះពាល់ចិត្តគាត់ គាត់ក៏បានទៅព្រះវិហារ ទន្ទឹមនឹងពេល ដែលនាងម៉ារា និងលោកយ៉ូសែប បាននាំព្រះឱរ៉សយេស៊ូវ ទៅកាត់ស្បែក នៅព្រះវិហារ តាមការតម្រូវរបស់ក្រឹត្យវិន័យ សម្រាប់កូនប្រុសដែលទើបតែកើត។ ព្រះគម្ពីរមិនបាននិយាយច្រើន អំពីលោកស៊ីម្មាននោះទេ តែតាមរយៈការពិពណ៌នារបស់លោកលូកា គេអាចនិយាយបានថា គាត់ជាមនុស្សពិសេសរបស់ព្រះ ដែលសុចរិត និងមានជំនឿខ្លាំង ដែលកំពុងតែរង់ចាំការយាងមកនៃព្រះមែស៊ី ដោយចិត្តស្មោះត្រង់ ហើយ “ព្រះវិញ្ញាណបរិសុទ្ធបានសណ្ឋិតលើគាត់”(លូកា ២:២៥)។ ប៉ុន្តែ ទាល់តែគាត់បានឃើញព្រះយេស៊ូវ ទើបគាត់បានពិសោធន៍នឹងសន្តិភាពដ៏ពិត ក្នុងជម្រៅចិត្តគាត់។
ខណៈពេលដែលគាត់កំពុងតែពរព្រះយេស៊ូវ ក្នុងដៃគាត់ គាត់ក៏បានបន្លឺសម្លេងច្រៀងសរសើរព្រះ ដោយបង្ហាញចេញនូវការពេញចិត្តទាំងស្រុងចំពោះព្រះអង្គថា “សូមបើកឲ្យបាវបំរើទ្រង់ទៅដោយសុខសាន្ត តាមព្រះបន្ទូលទ្រង់ចុះ ដ្បិតភ្នែកទូលបង្គំបានឃើញសេចក្តីសង្គ្រោះរបស់ផងទ្រង់”(ខ.២៩-៣០)។ គាត់មានសន្តិភាពក្នុងចិត្ត ព្រោះគាត់បានមើលឃើញក្តីសង្ឃឹម ដែលព្រះជាម្ចាស់បានប្រទានមកពិភពលោក។
ខណៈពេលដែលយើងអបអរព្រះជន្ម ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ដែលជាព្រះសង្រ្គោះ ដែលបានយាងមកតាមព្រះបន្ទូលសន្យា ចូរយើងអរសប្បាយនឹងអំណោយនៃសន្តិភាព ដែលព្រះទ្រង់បានប្រទាន។—Estera Pirosca Escobar