ពេលដែលទិវាអតីតយុទ្ធជនមកដល់ ខ្ញុំបានគិតដល់អតីតយុទ្ធជនជាច្រើននាក់ ជាពិសេសឪពុក និងពូរបស់ខ្ញុំ ដែលបានបម្រើក្នុងជួរកងទ័ពអាមេរិក ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២។ ពួកគេបានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ប៉ុន្តែ នៅសម័យសង្រ្គាមនោះ ប្រជាជនរាប់សែនគ្រួសារបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន ក្នុងការបម្រើប្រទេសជាតិ។ ប៉ុន្តែ ពេលដែលមានគេសួរឪពុកខ្ញុំ និងទាហានភាគច្រើន ដែលបានប្រយុទ្ធក្នុងសង្រ្គាមនោះ ពួកគេក៏បាននិយាយថា ពួកគេបានស្ម័គ្រចិត្តបូជាជីវិត ដើម្បីការពារមនុស្សជាទីស្រឡាញ់របស់ខ្លួន និងដើម្បីគាំទ្រអ្វីដែលត្រឹមត្រូវសម្រាប់ពួកគេ។
នៅសហរដ្ឋអាមេរិក ពេលនរណាម្នាក់ពលីជីវិត ក្នុងបុព្វហេតុការពារជាតិរបស់ខ្លួន ជាញឹកញាប់ គេបានយកបទគម្ពីរ យ៉ូហាន ១៥:១៣ មកសូត្រ ក្នុងពិធីបុណ្យសព ដើម្បីផ្តល់កិត្តិយស សម្រាប់ការលះបង់របស់ពួកគេ។ បទគម្ពីរនេះចែងថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ”។ ប៉ុន្តែ តើខគម្ពីរនេះមានប្រវត្តិដើមយ៉ាងដូចម្តេចខ្លះ?
ខគម្ពីរនេះជាព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានថ្លែងទៅកាន់ពួកសិស្សរបស់ព្រះអង្គ ក្នុងពិធីលៀងព្រះអម្ចាស់ នៅពេលដែលព្រះអង្គជិតដល់ពេលសុគត។ តាមពិត នៅពេលនោះ យូដាសបានចេញទៅក្រៅហើយ ដើម្បីក្បត់ព្រះអង្គ(១៣:១៨-៣០)។ ព្រះគ្រីស្ទបានជ្រាបអំពីរឿងនេះទាំងស្រុង តែព្រះអង្គនៅតែសម្រេចព្រះទ័យលះបង់ព្រះជន្ម ដើម្បីមិត្តសម្លាញ់ និងសត្រូវរបស់ទ្រង់។
ព្រះយេស៊ូវបានស្ម័គ្រព្រះទ័យ និងត្រៀមព្រះកាយជាស្រេច ដើម្បីសុគត សម្រាប់អ្នកដែលនឹងជឿព្រះអង្គនៅថ្ងៃណាមួយ និងថែមទាំងសម្រាប់អ្នកដែលជាសត្រូវរបស់ទ្រង់នៅឡើយ(រ៉ូម ៥:១០)។ បន្ទាប់មក ព្រះអង្គក៏បានបង្គាប់សិស្សព្រះអង្គ ឲ្យ “ស្រឡាញ់គ្នា” ដូចដែលព្រះអង្គបានស្រឡាញ់ពួកគេ(យ៉ូហាន ១៥:១២)។ សេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គបានជំរុញយើង ឲ្យស្រឡាញ់អ្នកដទៃ ដោយការលះបង់ គឺរាប់បញ្ចូលទាំងមិត្តភក្តិ និងសត្រូវរបស់យើងផងដែរ។—Alyson Kieda