ពេល​ដែល​ទិវា​អតីត​យុទ្ធ​ជន​មក​ដល់​ ខ្ញុំ​បាន​គិត​ដល់​អតីត​យុទ្ធ​ជន​ជា​ច្រើន​នាក់ ជា​ពិសេស​ឪពុក និង​ពូ​របស់​ខ្ញុំ ដែល​បាន​បម្រើ​ក្នុង​ជួរ​កង​ទ័ព​អាមេរិក ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២។ ពួក​គេ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​សុវត្ថិ​ភាព ប៉ុន្តែ នៅ​សម័យ​សង្រ្គាម​នោះ ប្រជាជន​រាប់​សែន​គ្រួសារ​បាន​បាត់​បង់​មនុស្ស​ជា​ទីស្រឡាញ់​របស់ខ្លួន ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ​។​ ប៉ុន្តែ ពេល​ដែល​មាន​គេ​សួរ​ឪពុក​ខ្ញុំ និង​ទាហាន​ភាគ​ច្រើន ដែល​បាន​ប្រយុទ្ធ​ក្នុង​សង្រ្គាម​នោះ ពួកគេ​ក៏​បាន​និយាយ​ថា ពួក​គេ​បាន​ស្ម័គ្រ​ចិត្ត​បូជា​ជីវិត ដើម្បី​ការពារ​មនុស្ស​ជា​ទីស្រឡាញ់​របស់​ខ្លួន និង​ដើម្បី​គាំ​ទ្រ​អ្វី​ដែល​ត្រឹម​ត្រូវ​សម្រាប់​ពួក​គេ។​

នៅ​សហ​រដ្ឋ​អាមេរិក ពេល​នរណា​ម្នាក់​ពលី​ជីវិត ក្នុង​បុព្វ​ហេតុ​ការពារ​ជាតិ​របស់​ខ្លួន ​ជា​ញឹក​ញាប់ គេ​បាន​យក​បទ​គម្ពីរ យ៉ូហាន ១៥:១៣ មក​សូត្រ ក្នុង​ពិធី​បុណ្យ​សព ដើម្បី​ផ្តល់​កិត្តិ​យស សម្រាប់​ការ​លះ​បង់​របស់​ពួក​គេ។ បទគម្ពីរនេះចែងថា “គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”។ ប៉ុន្តែ តើ​ខគម្ពីរ​នេះ​មាន​ប្រវត្តិ​ដើម​យ៉ាង​ដូច​ម្តេច​ខ្លះ?

ខគម្ពីរ​នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ ដែល​បាន​ថ្លែង​ទៅ​កាន់​ពួក​សិស្ស​របស់​ព្រះ​អង្គ ក្នុង​ពិធី​លៀង​ព្រះ​អម្ចាស់ នៅ​ពេល​ដែល​ព្រះ​អង្គ​ជិត​ដល់​ពេល​សុគត។ តាម​ពិត នៅ​ពេល​នោះ យូដាស​បាន​ចេញ​ទៅ​ក្រៅ​ហើយ ដើម្បី​ក្បត់​ព្រះ​អង្គ(១៣:១៨-៣០)។ ​ព្រះ​គ្រីស្ទ​បាន​ជ្រាប​អំពី​រឿង​នេះ​ទាំង​ស្រុង តែ​ព្រះ​អង្គ​នៅ​តែ​សម្រេច​ព្រះ​ទ័យ​លះ​បង់ព្រះ​ជន្ម ដើម្បី​មិត្ត​សម្លាញ់ និង​សត្រូវ​របស់​ទ្រង់។​

ព្រះ​យេស៊ូវ​បាន​ស្ម័គ្រ​ព្រះ​ទ័យ និង​ត្រៀម​ព្រះ​កាយ​ជា​ស្រេច ដើម្បី​សុគត សម្រាប់​អ្នក​ដែល​នឹង​ជឿ​ព្រះ​អង្គ​នៅ​ថ្ងៃណា​មួយ និង​ថែម​ទាំង​សម្រាប់​អ្នក​ដែល​ជា​សត្រូវ​របស់​ទ្រង់​នៅ​ឡើយ​(រ៉ូម ៥:១០)។  បន្ទាប់​មក ព្រះ​អង្គ​ក៏​បានបង្គាប់​សិស្ស​ព្រះ​អង្គ ឲ្យ “ស្រឡាញ់​គ្នា” ដូច​ដែល​ព្រះ​អង្គ​បាន​ស្រឡាញ់​ពួក​គេ​(យ៉ូហាន ១៥:១២)។ សេចក្តី​ស្រឡាញ់ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ​បាន​ជំរុញ​យើង ឲ្យ​ស្រឡាញ់​អ្នក​ដទៃ ដោយ​ការ​លះ​បង់ គឺ​រាប់​បញ្ចូល​ទាំង​មិត្ត​ភក្តិ និង​សត្រូវ​របស់​យើង​ផង​ដែរ។—Alyson Kieda