ខ្ញុំ និងឪពុកខ្ញុំធ្លាប់កាប់រំលំដើមឈើ ហើយកាត់ដើមឈើទាំងនោះជាកំណាត់ៗ ដោយប្រើរណាវែងមួយ ដែលត្រូវប្រើកម្លាំងមនុស្សពីរនាក់។ កាលនោះ ដោយសារខ្ញុំនៅក្មេងពេញកម្លាំង ខ្ញុំក៏បានព្យាយាមសង្កត់រណា ឲ្យកាត់ចូលទៅក្នុងសាច់ឈើទាំងបង្ខំ។ ឪពុករបស់ខ្ញុំក៏បានប្រាប់ខ្ញុំឲ្យ “ធ្វើតាមសម្រួល ដោយអនុញ្ញាឲ្យរណាបំពេញតួនាទីរបស់វា ដោយគ្មានការបង្ខំ”។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរភីលីព ដែលបានចែងថា “ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណងចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ”(ភីលីព ២:១៣)។ ដូចនេះ ចូរយើងធ្វើតាមសម្រួល ដោយអនុញ្ញាតឲ្យព្រះអង្គធ្វើការក្នុងជីវិតយើង ដើម្បីកែប្រែយើង។
លោកស៊ី អែស លូអ៊ីស(C. S. Lewis) បានមានប្រសាសន៍ថា ការលូតលាស់ គឺលើសពីការអានព្រះបន្ទូលព្រះគ្រីស្ទ និងអនុវត្តតាម។ គាត់ពន្យល់ថា “ព្រះគ្រីស្ទកំពុងតែធ្វើការក្នុងជីវិតអ្នក ដោយកែប្រែអ្នកបន្តិចម្តងៗ ឲ្យក្លាយទៅជាមនុស្សថ្មី ដែលមានលក្ខណៈដូចព្រះគ្រីស្ទ ដោយទទួលអំណាចចេស្តា ក្តីអំណរ ប្រាជ្ញា និងភាពអស់កល្បជានិច្ចពីព្រះអង្គ”។
ព្រះជាម្ចាស់កំពុងតែធ្វើការ ក្នុងជីវិតយើង ក្នុងពេលសព្វថ្ងៃ។ ចូរអង្គុយនៅទាបព្រះបាទព្រះយេស៊ូវ ហើយទទួល ព្រះបន្ទូលព្រះអង្គ ទុកក្នុងចិត្ត។ ចូរអធិស្ឋាន។ ចូរនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះ(យ៉ាកុប ១:២០) ដោយរំឭកខ្លួនឯង ពេញមួយថ្ងៃថា អ្នកជាកម្មសិទ្ធិរបស់ព្រះអង្គ។ ចូរសម្រាក ដោយទុកចិត្តថា ព្រះអង្គកំពុងតែកែប្រែជីវិតអ្នកបន្តិចម្តងៗ។
ប៉ុន្តែ តើយើងមិនគួរស្រេកឃ្លានសេចក្តីសុចរិតទេឬ? សូមស្រមៃថា មានក្មេងតូចម្នាក់បានព្យាយាមឈោងទៅរកអំណោយមួយ នៅលើធ្នើ ដោយភ្នែករបស់វាបានសម្លឹងមើលទៅអំណោយនោះ ដោយចិត្តស្រេកឃ្លាន។ ឪពុករបស់វាដឹងថាវាចង់បានអំណោយនោះ គាត់ក៏បានយកអំណោយនោះចុះពីលើធ្នើ មកឲ្យវា។ ដូចនេះ ព្រះជាម្ចាស់ក៏នឹងប្រទានសេចក្តីសុចរិត ដល់អ្នកដែលស្វែងរកផងដែរ។
ព្រះជាម្ចាស់ជាអ្នកធ្វើការក្នុងជីវិតយើង ហើយយើងជាអ្នកទទួលក្តីអំណរពីព្រះអង្គ។ ដូចនេះ ថ្ងៃណាមួយ កិច្ចការរបស់ព្រះអង្គ ក្នុងជីវិតយើងនឹងបានចប់សព្វគ្រប់។—David H. Roper