ក្នុង​ខ្សែ​ភាព​យន្ត​ដែល​បាន​ចាក់​បញ្ចាំង កាល​ពី​ពេលថ្មី​ៗ​នេះ បុរស​ម្នាក់​ដែល​បាន​តាំង​ខ្លួន​ជា “អ្នក​ប្រាជ្ញ” បានស្រែក​ឡូឡា នៅពី​មុខ​កាំមីរ៉ា អំពី “រឿង​អាក្រក់​ៗ អំពើ​ពុក​រលួយ ភាព​ល្ងង់​ខ្លៅ និង​ភាព​ក្រីក្រ” ក្នុង​ពិភព​លោក​នេះ ដោយ​ប្រកាស់​ថា ការអាក្រក់​ទាំង​នោះ គឺ​បណ្តាល​មក​ពី​ការ​រស់​នៅ​ក្នុង​ជីវិត​ដែល​គ្មាន​ព្រះ និង​គ្មាន​ហេតុ​ផល។ នៅ​ក្នុង​សាច់​រឿង​របស់​ខ្សែ​ភាព​យន្ត​សម័យ​ទំនើប ការ​គិត​ដូច​នេះ គឺ​មិន​មែន​ជា​រឿង​ចម្លែក​ទេ តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ តើ​ការ​គិត​ដូច​នេះ​បាន​ប្រយោជន៍​អ្វី​ខ្លះ? នៅ​ទី​បញ្ចប់ តួឯក​ក្នុង​រឿង​នេះ ក៏​បាន​ងាក​មក​រក​ទស្សនិក​ជន​ទាំង​ឡាយ ដោយ​អង្វរ​ពួក​គេ​ឲ្យ​ធ្វើ​អ្វី​ក៏​ដោយ ឲ្យ​តែ​រកបាន​សុភមង្គល​​។ សម្រាប់​គាត់ ការ​ស្វែងរក​សុភ​មង្គល គឺ​រាប់​បញ្ចូល​ការ​បោះ​បង់​ចោល​ក្រម​សីលធម៌ នៅ​ក្នុង​ប្រពៃណី។ ​

ប៉ុន្តែ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ក៏​ដោយ ឲ្យ​តែ​បាន​សុភ​មង្គល​ឬ? អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​សាស្តា​បាន​សាក​ល្បង​វិធី​សាស្ត្រ​នេះ តាំង​ពី​យូរ​មក​ហើយ ពេល​ដែល​គាត់​កំពុង​តែ​ជួប​ប្រទះ​ភាព​អស់​សង្ឃឹម ដោយ​សារ​រឿង​អាក្រក់​ជា​ច្រើន ក្នុង​ជីវិត។ គាត់​បាន​ព្យាយាម​ស្វែង​រក​សុភ​មង្គល តាម​រយៈ​ការ​សប្បាយ​(សាស្តា ២:១,១០) គម្រោង​ធំ​ៗ(ខ.៤-៦) ទ្រព្យ​សម្បត្តិ(ខ.៧-៩) និង​ការ​ស្វែង​រក​ចំណេះ​ដឹង​ក្នុង​ទស្សន​វិជ្ជា(ខ.១២-១៦​)។ ប៉ុន្តែ ទី​បំផុត​គាត់​ក៏​បាន​រក​ឃើញ​ថា “ការ​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ជា​អសារ​ឥត​ការ​ទទេ”(ខ.១៧)។ របស់​ទាំង​អស់​នេះ​មិន​អាច​ធន់​នឹង​សេចក្តី​ស្លាប់ គ្រោះ​មហន្ត​រាយ ឬ​ភាព​អយុត្តិ​ធម៌​ឡើយ​(៥:១៣-១៧)។

មាន​តែ​ដំណោះ​ស្រាយ​មួយ​ប៉ុណ្ណោះ ដែល​អាច​នាំ​អ្នក​និពន្ធ​បទ​គម្ពីរ​សាស្តា ចេញ​ពី​ភាព​អស់​សង្ឃឹម។ ពេល​ដែលជីវិត​មាន​ទុក្ខ​លំបាក យើង​អាច​រក​ឃើញ​ភាព​ស្កប់​ចិត្ត ពេល​ដែល​យើង​អនុញ្ញាត​ឲ្យ​​ព្រះ​ជា​ម្ចាស់ ធ្វើ​ជា​ផ្នែក​មួយ​នៃការ​រស់​នៅ និង​ការងារ​របស់​យើង។ ព្រោះ​បើ​គ្មាន​ព្រះ​អង្គ​ទេ តើ​យើង​អាច​មាន​អាហារ​បរិភោគ និង​មាន​ក្តី​អំណរដោយ​របៀប​ណា?(២:២៤-២៥)។ ពេល​ខ្លះ យើង​មាន​អារម្មណ៍​ថា ជីវិត​យើង​ហាក់​ដូច​ជា​គ្មាន​ន័យ ប៉ុន្តែ “សូម​នឹកចាំ អំពី​ព្រះ​អាទិករ​របស់​យើង​ចុះ”(១២:១)។ ចូរ​កុំ​ខ្ជះ​ខ្ជាយ​កម្លាំង និង​ពេល​វេលា​របស់​អ្នក នៅ​ក្នុង​ការ​ស្វែង​រកដំណោះ​ស្រាយ​នៅ​ខាង​ក្រៅ​ព្រះ​គម្ពីរ​នោះ​ឡើយ តែ​ចូរ “កោត​ខ្លាច​ព្រះ និង​កាន់​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ​ចុះ”(ខ.១៣)។

បើ​គ្មាន​ព្រះ​ជា​ម្ចាស់​គង់​នៅ​ជា​ចំណុច​កណ្តាល​នៃ​ជីវិត​យើង​ទេ នោះ​ការ​សប្បាយ និង​ទុក្ខ​ព្រួយ​ក្នុង​ជីវិត​យើង នឹងនាំ​ទៅ​រក​ការ​ខក​ចិត្ត​មិន​ខាន។​—Sheridan Voysey