ខ្ញុំ និង​ឪពុក​ខ្ញុំ​ធ្លាប់​កាប់​រំលំ​ដើម​ឈើ ហើយ​កាត់​ដើម​ឈើ​ទាំង​នោះ​ជា​កំណាត់​ៗ ដោយ​ប្រើ​រណា​វែង​មួយ ដែល​ត្រូវប្រើ​កម្លាំង​មនុស្ស​ពីរ​នាក់។ កាល​នោះ ដោយ​សារ​ខ្ញុំ​នៅ​ក្មេង​ពេញ​កម្លាំង ខ្ញុំ​​ក៏​បាន​ព្យាយាម​សង្កត់​រណា ឲ្យ​កាត់​ចូលទៅ​ក្នុង​សាច់​ឈើ​ទាំង​បង្ខំ។ ឪពុក​របស់​ខ្ញុំ​ក៏​បាន​ប្រាប់​ខ្ញុំ​ឲ្យ “ធ្វើ​តាម​សម្រួល ដោយ​អនុញ្ញា​ឲ្យ​រណា​បំពេញ​តួនាទីរបស់​វា ដោយ​គ្មាន​ការ​បង្ខំ”។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​ភីលីព ដែល​បាន​ចែង​ថា “ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះហឫទ័យ​ទ្រង់​ដែរ”(ភីលីព ២:១៣)។ ដូច​នេះ ចូរ​យើង​ធ្វើ​តាម​សម្រួល ដោយ​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​ធ្វើ​ការ​ក្នុង​ជីវិត​យើង ដើម្បី​កែ​ប្រែ​យើង។​

លោកស៊ី អែស លូអ៊ីស(C. S. Lewis) បាន​មាន​ប្រសាសន៍​ថា ការ​លូត​លាស់ គឺ​លើស​ពី​ការ​អាន​ព្រះ​បន្ទូល​ព្រះ​គ្រីស្ទ និង​អនុវត្ត​តាម។ គាត់​ពន្យល់​ថា “ព្រះ​គ្រីស្ទ​កំពុង​តែ​ធ្វើ​ការ​ក្នុង​ជីវិត​អ្នក ដោយ​កែ​ប្រែ​អ្នក​បន្តិច​ម្តង​ៗ ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី ដែល​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ ដោយ​ទទួល​អំណាច​ចេស្តា​ ក្តី​អំណរ ប្រាជ្ញា និង​ភាព​អស់​កល្ប​ជានិច្ច​ពី​ព្រះ​អង្គ”។

ព្រះ​ជា​ម្ចាស់​កំពុង​តែ​ធ្វើ​ការ ក្នុង​ជីវិត​យើង ក្នុង​ពេល​សព្វ​ថ្ងៃ។ ចូរ​អង្គុយ​នៅ​ទាប​ព្រះ​បាទ​ព្រះ​យេស៊ូវ ហើយ​ទទួល ព្រះ​បន្ទូល​ព្រះ​អង្គ ទុក​ក្នុង​ចិត្ត។ ចូរ​អធិស្ឋាន។ ចូរ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ(យ៉ាកុប ១:២០) ដោយរំឭក​ខ្លួន​ឯង ពេញ​មួយ​ថ្ងៃ​ថា អ្នក​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​អង្គ។ ចូរ​សម្រាក ដោយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​កំពុង​តែ​កែ​ប្រែជីវិត​អ្នក​បន្តិច​ម្តង​ៗ។​

ប៉ុន្តែ តើ​យើង​មិន​គួរ​ស្រេក​ឃ្លាន​សេចក្តី​សុចរិត​ទេ​ឬ? សូម​ស្រមៃថា​ មាន​ក្មេង​តូច​ម្នាក់​បាន​ព្យាយាម​ឈោង​ទៅ​រកអំណោយ​មួយ នៅ​លើ​ធ្នើ​ ដោយ​ភ្នែក​របស់​វា​បាន​សម្លឹង​មើល​ទៅ​អំណោយ​នោះ ដោយ​ចិត្ត​ស្រេក​ឃ្លាន។ ឪពុករបស់​វា​ដឹង​ថា​វា​ចង់​បាន​អំណោយ​នោះ គាត់​ក៏​បាន​យក​អំណោយ​នោះ​ចុះ​ពី​លើ​ធ្នើ​ មក​ឲ្យ​វា។​ ដូច​នេះ​ ព្រះ​ជាម្ចាស់ក៏​នឹង​ប្រទាន​សេចក្តី​សុចរិត ដល់​អ្នក​ដែល​ស្វែង​រក​ផង​ដែរ។​

ព្រះជា​ម្ចាស់​ជា​អ្នក​ធ្វើ​​ការ​ក្នុង​ជីវិត​យើង ហើយ​យើង​ជា​អ្នក​ទទួល​ក្តី​អំណរពី​ព្រះ​អង្គ។ ដូច​នេះ ថ្ងៃ​ណា​មួយ កិច្ចការរបស់​ព្រះ​អង្គ ក្នុង​ជីវិត​យើង​នឹង​បាន​ចប់​សព្វ​គ្រប់។​—David H. Roper