នៅ​ពេល​សាលា​បើក​បវេសនកាល រៀង​រាល់​ពេល​រសៀល ស៊ីជេ(C.J.) ដែល​ជា​ក្មេង​អាយុ​១៤​ឆ្នាំ តែង​តែ​ចុះ​ពី​ឡាន​ក្រុង ហើយ​ដើរ​បណ្តើរ​រាំ​បណ្តើរ តាម​ផ្លូវ​ចូល​ផ្ទះ។ ម្តាយ​របស់​គាត់​ក៏​បាន​ថត និង​ចែក​រំលែក​វីដេអូ​សកម្មភាព​រាំ​របស់​គាត់ ។ គាត់​រាំ ព្រោះ​គាត់​អរសប្បាយ​នឹង​ជីវិត​គាត់ ហើយ “ធ្វើ​ឲ្យ​អ្នក​ដទៃ​សប្បាយ​ចិត្ត” នឹង​ការ​រាំ​របស់​គាត់។​ ថ្ងៃ​មួយ មាន​អ្នកប្រមូល​សំរាម​ពីរ​នាក់​បាន​ផ្អាក​ការងារ​​ដ៏​មមាញឹក​របស់​ខ្លួន ដើម្បី​លោត បង្វិល​ខ្លួន និង​គ្រវី​ចង្កេះ​រាំ ជា​មួយ​នឹង​ក្មេង​ប្រុសម្នាក់​នេះ ដែល​បាន​បណ្តាល​ចិត្ត​អ្នក​ដទៃ​ឲ្យ​រាំ​ជា​មួយ​គាត់។ អ្នក​ទំាង​បី​នាក់​នេះ​បាន​បង្ហាញ​ចេញ​នូវ​អំណាច​នៃ​ក្តី​អំណរ​ដ៏ស្មោះ​ត្រង់ ដែល​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។​

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ១៤៩ បាន​ពិពណ៌នា អំពី​ប្រភព​ដើម នៃ​ក្តី​អំណរ​ដ៏​ស្ថិត​ស្ថេរ និង​គ្មាន​លក្ខ​ខណ្ឌ ដែល​មាន​នៅ​ក្នុង​ព្រះ​ជា​ម្ចាស់។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​លើក​ទឹក​ចិត្ត​រាស្រ្ត​របស់​ព្រះ ឲ្យ​រួម​គ្នា “ច្រៀង​បទ​ថ្មី ថ្វាយ​ព្រះអម្ចាស់”(ខ.១)។ គាត់​បាន​អញ្ជើញ​ពួក​អ៊ីស្រាអែល ឲ្យ “អរសប្បាយ​នឹង​ព្រះ​ដែល​បាន​បង្កើត​ពួក​គេ​មក” និង “ត្រេកអរ​ក្នុងមហាក្សត្រ​របស់​ខ្លួន”(ខ.២)។ ព្រះ​អង្គ​ត្រាស់​ហៅ​យើង ឲ្យ​ថ្វាយ​បង្គំ​ទ្រង់ ដោយ​ការ​រាំ និង​តន្រ្តី​(ខ.១-៣)។ តើ​ហេតុ​អ្វី? ព្រោះ “ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​រាស្ត្រ​ទ្រង់ ទ្រង់​តាក់​តែង​មនុស្ស​រាបសា ដោយ​សេចក្តី​សង្គ្រោះ”(ខ.៤)។

ព្រះ​វរបិតា​ជា​ទី​ស្រឡាញ់​នៃ​យើង បាន​បង្កើត​យើង​មក និង​បាន​ទ្រទ្រង់​ចក្រ​វាល​ទាំង​មូល។ ព្រះ​អង្គ​អរ​ព្រះ​ទ័យ​ចំពោះយើង ដោយសារ​យើង​ជា​កូន​ជាទី​ស្រឡាញ់​របស់​ទ្រង់។ ព្រះ​អង្គ​បាន​រចនា​យើង​មក ស្គាល់​យើង និង​បាន​អញ្ជើញ​យើង ចូល​ទៅ​ក្នុង​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជា​មួយ​ព្រះ​អង្គ។ ​គឺ​ពិត​ជា​កិត្តិយស​ណាស់! ព្រះ​ដ៏​រស់ និង​ព្រះនៃ​ក្តី​ស្រឡាញ់​នៃ​យើង គឺជា​មូល​ហេតុ​ដែល​យើង​ត្រូវ​អរ​សប្បាយ​អស់​កល្ប​ជា​និច្ច។ យើង​អាច​អរ​សប្បាយ​នឹង​អំណោយ​នៃ​ព្រះ​វត្ត​មាន​ដ៏​ស្ថិត​ស្ថេររបស់​ព្រះ​អង្គ និង​អរ​ព្រះ​គុណ​សម្រាប់​ថ្ងៃ​នីមួយ​ៗ ដែល​ព្រះ​អាទិករ​នៃ​យើង​បាន​ប្រទាន​ឲ្យ​យើង​រស់​នៅ។​—Xochitl Dixon