នៅពេលសាលាបើកបវេសនកាល រៀងរាល់ពេលរសៀល ស៊ីជេ(C.J.) ដែលជាក្មេងអាយុ១៤ឆ្នាំ តែងតែចុះពីឡានក្រុង ហើយដើរបណ្តើររាំបណ្តើរ តាមផ្លូវចូលផ្ទះ។ ម្តាយរបស់គាត់ក៏បានថត និងចែករំលែកវីដេអូសកម្មភាពរាំរបស់គាត់ ។ គាត់រាំ ព្រោះគាត់អរសប្បាយនឹងជីវិតគាត់ ហើយ “ធ្វើឲ្យអ្នកដទៃសប្បាយចិត្ត” នឹងការរាំរបស់គាត់។ ថ្ងៃមួយ មានអ្នកប្រមូលសំរាមពីរនាក់បានផ្អាកការងារដ៏មមាញឹករបស់ខ្លួន ដើម្បីលោត បង្វិលខ្លួន និងគ្រវីចង្កេះរាំ ជាមួយនឹងក្មេងប្រុសម្នាក់នេះ ដែលបានបណ្តាលចិត្តអ្នកដទៃឲ្យរាំជាមួយគាត់។ អ្នកទំាងបីនាក់នេះបានបង្ហាញចេញនូវអំណាចនៃក្តីអំណរដ៏ស្មោះត្រង់ ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ១៤៩ បានពិពណ៌នា អំពីប្រភពដើម នៃក្តីអំណរដ៏ស្ថិតស្ថេរ និងគ្មានលក្ខខណ្ឌ ដែលមាននៅក្នុងព្រះជាម្ចាស់។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានលើកទឹកចិត្តរាស្រ្តរបស់ព្រះ ឲ្យរួមគ្នា “ច្រៀងបទថ្មី ថ្វាយព្រះអម្ចាស់”(ខ.១)។ គាត់បានអញ្ជើញពួកអ៊ីស្រាអែល ឲ្យ “អរសប្បាយនឹងព្រះដែលបានបង្កើតពួកគេមក” និង “ត្រេកអរក្នុងមហាក្សត្ររបស់ខ្លួន”(ខ.២)។ ព្រះអង្គត្រាស់ហៅយើង ឲ្យថ្វាយបង្គំទ្រង់ ដោយការរាំ និងតន្រ្តី(ខ.១-៣)។ តើហេតុអ្វី? ព្រោះ “ទ្រង់សព្វព្រះហឫទ័យនឹងរាស្ត្រទ្រង់ ទ្រង់តាក់តែងមនុស្សរាបសា ដោយសេចក្តីសង្គ្រោះ”(ខ.៤)។
ព្រះវរបិតាជាទីស្រឡាញ់នៃយើង បានបង្កើតយើងមក និងបានទ្រទ្រង់ចក្រវាលទាំងមូល។ ព្រះអង្គអរព្រះទ័យចំពោះយើង ដោយសារយើងជាកូនជាទីស្រឡាញ់របស់ទ្រង់។ ព្រះអង្គបានរចនាយើងមក ស្គាល់យើង និងបានអញ្ជើញយើង ចូលទៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះអង្គ។ គឺពិតជាកិត្តិយសណាស់! ព្រះដ៏រស់ និងព្រះនៃក្តីស្រឡាញ់នៃយើង គឺជាមូលហេតុដែលយើងត្រូវអរសប្បាយអស់កល្បជានិច្ច។ យើងអាចអរសប្បាយនឹងអំណោយនៃព្រះវត្តមានដ៏ស្ថិតស្ថេររបស់ព្រះអង្គ និងអរព្រះគុណសម្រាប់ថ្ងៃនីមួយៗ ដែលព្រះអាទិករនៃយើងបានប្រទានឲ្យយើងរស់នៅ។—Xochitl Dixon