យុវជន​ម្នាក់​បាន​ក្លាយ​ជា​កាពីទែន​របស់​ក្រុម​កីឡាករ​របស់​គាត់។ ឥឡូវ​នេះ ក្រុម​កីឡាករ​អាជីព​មួយ​នេះ ត្រូវ​បាន​យុវជន​ដ៏សុភាព​ម្នាក់​នេះ​ដឹក​នំា ទំាង​ខ្លួន​នៅ​ក្មេង​នៅ​ឡើយ។ ការ​ធ្វើ​សន្និសិទ​ការសែត​ជា​លើកទី​មួយ​របស់​គាត់ មិន​បាន​ធ្វើឲ្យ​គេស្ងើច​សរសើរ​ឡើយ។ គាត់​បាន​បន្ត​ចុះ​ចូល​នឹង​គ្រូ​បង្វឹក និង​មិត្ត​រួម​ក្រុម​របស់​គាត់ ហើយ​ក៏​បាន​ប្រាប់​គេ​ថា គាត់​ព្យាយាម​បំពេញ​តួនាទី​របស់​គាត់។ នៅ​រដូវ​កាល​នៃ​ការ​ប្រកួត​មួយ​នោះ ក្រុម​របស់​គាត់​ប្រកួត​មិន​បាន​ល្អ​ទេ ហើយ​នៅ​ចុង​បញ្ចប់​នៃរដូវ​កាល​នៃ​ការ​ប្រកួត គេ​ក៏​បាន​ផ្លាស់​ប្តូរ​កាពីទែន​ក្រុម។ គាត់​មិន​បាន​ដឹង​ទេ​ថា គាត់​មិន​មាន​អំណោយ​ទាន​នៅ​ក្នុង​ការ​ដឹក​នាំ ឬ​គាត់​មិន​ដែល​ជឿ​ជាក់​ថា គាត់​អាច​ធ្វើ​បាន​ឡើយ។​

ដោយសារ​ស្តេច​សូល​បាន​ធ្វើ​ខុស នោះ​ទ្រង់​គិត​ថា ទ្រង់​ជា​មនុស្ស​តូច​ទាប​(១សាំយ៉ូអែល ១៥:១៧)។ ហេតុ​អ្វី​បាន​បុរស​ដែល​មាន​កម្ពស់​ខ្ពស់​ម្នាក់​នេះ ជា​មនុស្ស​តូច​ទាប។​ គាត់​ជា​មនុស្ស​មាន​កម្ពស់​ខ្ពស់​ជាង​គេ ក្នុង​ចំណោម​ជន​ជាតិ​គាត់​(៩:២)។ ប៉ុន្តែ គាត់​មិន​បាន​មើល​ឃើញ​ខ្លួន​ឯង​ជា​មនុស្ស​ខ្ពង់​ខ្ពស់​នោះ​ឡើយ។ តាម​ពិត ក្នុង​ជំពូក​នេះ សកម្ម​ភាព​របស់​ទ្រង់បាន​បង្ហាញ​ថា ទ្រង់​កំពុង​តែ​ព្យាយាម​យក​ចិត្ត​រាស្រ្ត​របស់​ទ្រង់។ ទ្រង់​មិន​បាន​ដឹង​​ថា ប្រជាជន​ទ្រង់​មិន​មែន​ជា​អ្នក​ជ្រើស​រើស​ទ្រង់​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ព្រះ​ជា​ម្ចាស់​បាន​ជ្រើស​រើស​ទ្រង់ ហើយ​ប្រទាន​ឲ្យ​ទ្រង់​មាន​បេសកម្ម​មួយ។

ប៉ុន្តែ កំហុស​របស់​ស្តេច​សូល​បាន​ឆ្លុះ​បញ្ចាំង អំពី​កំហុស​របស់​មនុស្ស​ម្នាក់​ៗ ដែល​អាច​ភ្លេច​ថា យើង​ត្រូវ​បាន​ព្រះ​ជា​ម្ចាស់បង្កើត​មក ឲ្យ​មាន​រូប​ភាព​ដូច​ព្រះ​អង្គ ដើម្បី​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ស្គាល់​ការ​គ្រប់​គ្រង​របស់​ព្រះ​អង្គ ហើយ​យើង​ក៏​បាន​ប្រើអំណាច​យើង​ក្នុង​ផ្លូវ​ខុស ដោយ​សាប​ព្រោះ​វិនាស​កម្ម នៅ​ក្នុង​ពិភព​លោក។​ ហេតុ​នេះ​ហើយ យើង​ចាំ​បាច់​ត្រូវ​វិល​ត្រឡប់​ទៅ​រក​ព្រះ​ជាម្ចាស់​វិញ ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះ​វរបិតា​បង្ហាញ​អត្ត​សញ្ញាណ​ពិត​របស់​យើង ដោយ​សេចក្តី​ស្រឡាញ់ ដើម្បី​ឲ្យ​ព្រះ​អង្គ​បំពេញ​យើង​ដោយ​ព្រះ​វិញ្ញាណ និង​អនុញ្ញាត​ឲ្យ​ព្រះ​យេស៊ូវ​ចាត់​យើង ​ឲ្យ​ចេញ​ទៅ​បង្កើត​សិស្ស​ក្នុង​ពិភព​លោក​។​—Glenn Packiam