យុវជនម្នាក់បានក្លាយជាកាពីទែនរបស់ក្រុមកីឡាកររបស់គាត់។ ឥឡូវនេះ ក្រុមកីឡាករអាជីពមួយនេះ ត្រូវបានយុវជនដ៏សុភាពម្នាក់នេះដឹកនំា ទំាងខ្លួននៅក្មេងនៅឡើយ។ ការធ្វើសន្និសិទការសែតជាលើកទីមួយរបស់គាត់ មិនបានធ្វើឲ្យគេស្ងើចសរសើរឡើយ។ គាត់បានបន្តចុះចូលនឹងគ្រូបង្វឹក និងមិត្តរួមក្រុមរបស់គាត់ ហើយក៏បានប្រាប់គេថា គាត់ព្យាយាមបំពេញតួនាទីរបស់គាត់។ នៅរដូវកាលនៃការប្រកួតមួយនោះ ក្រុមរបស់គាត់ប្រកួតមិនបានល្អទេ ហើយនៅចុងបញ្ចប់នៃរដូវកាលនៃការប្រកួត គេក៏បានផ្លាស់ប្តូរកាពីទែនក្រុម។ គាត់មិនបានដឹងទេថា គាត់មិនមានអំណោយទាននៅក្នុងការដឹកនាំ ឬគាត់មិនដែលជឿជាក់ថា គាត់អាចធ្វើបានឡើយ។
ដោយសារស្តេចសូលបានធ្វើខុស នោះទ្រង់គិតថា ទ្រង់ជាមនុស្សតូចទាប(១សាំយ៉ូអែល ១៥:១៧)។ ហេតុអ្វីបានបុរសដែលមានកម្ពស់ខ្ពស់ម្នាក់នេះ ជាមនុស្សតូចទាប។ គាត់ជាមនុស្សមានកម្ពស់ខ្ពស់ជាងគេ ក្នុងចំណោមជនជាតិគាត់(៩:២)។ ប៉ុន្តែ គាត់មិនបានមើលឃើញខ្លួនឯងជាមនុស្សខ្ពង់ខ្ពស់នោះឡើយ។ តាមពិត ក្នុងជំពូកនេះ សកម្មភាពរបស់ទ្រង់បានបង្ហាញថា ទ្រង់កំពុងតែព្យាយាមយកចិត្តរាស្រ្តរបស់ទ្រង់។ ទ្រង់មិនបានដឹងថា ប្រជាជនទ្រង់មិនមែនជាអ្នកជ្រើសរើសទ្រង់ឡើយ តែផ្ទុយទៅវិញ ព្រះជាម្ចាស់បានជ្រើសរើសទ្រង់ ហើយប្រទានឲ្យទ្រង់មានបេសកម្មមួយ។
ប៉ុន្តែ កំហុសរបស់ស្តេចសូលបានឆ្លុះបញ្ចាំង អំពីកំហុសរបស់មនុស្សម្នាក់ៗ ដែលអាចភ្លេចថា យើងត្រូវបានព្រះជាម្ចាស់បង្កើតមក ឲ្យមានរូបភាពដូចព្រះអង្គ ដើម្បីឆ្លុះបញ្ចាំងឲ្យគេស្គាល់ការគ្រប់គ្រងរបស់ព្រះអង្គ ហើយយើងក៏បានប្រើអំណាចយើងក្នុងផ្លូវខុស ដោយសាបព្រោះវិនាសកម្ម នៅក្នុងពិភពលោក។ ហេតុនេះហើយ យើងចាំបាច់ត្រូវវិលត្រឡប់ទៅរកព្រះជាម្ចាស់វិញ ដើម្បីអនុញ្ញាតឲ្យព្រះវរបិតាបង្ហាញអត្តសញ្ញាណពិតរបស់យើង ដោយសេចក្តីស្រឡាញ់ ដើម្បីឲ្យព្រះអង្គបំពេញយើងដោយព្រះវិញ្ញាណ និងអនុញ្ញាតឲ្យព្រះយេស៊ូវចាត់យើង ឲ្យចេញទៅបង្កើតសិស្សក្នុងពិភពលោក។—Glenn Packiam