ហ្វូង​មនុស្ស​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​ពិធី​ចែក​សញ្ញា​ប័ត្រ នៅ​ឆ្នាំ​២០១៩ នៅ​មហា​វិទ្យា​ល័យ ម័រហោស ទីក្រុង​អាត្លាន់តា រដ្ឋ​ចចជា។​ និសិ្សត​ដែល​បាន​ឡើង​និយាយ​នៅ​ពិធី​ចែក​សញ្ញា​ប័ត្រ​នេះ ប្រកាស់​ថា គាត់ និង​ក្រុម​គ្រួសារ​គាត់ នឹងបរិច្ចាក​ប្រាក់​រាប់​លាន​ដុល្លា ដើម្បី​លុប​បំណុល​របស់​និសិ្សត ក្នុង​ថ្នាក់​បញ្ចប់​របស់​គាត់​ទាំង​មូល។ មាន​និសិ្សត​ម្នាក់ ដែលបាន​ជាប់​បំណុល​១០​ម៉ឺន​ដុល្លា ស្ថិត​ក្នុង​ចំណោម​និស្សិត​បញ្ចប់​ការ​សិក្សា​ដែល​កំពុង​ត្រេក​អរ​ជា​ពន់​ពេក ដោយ​បង្ហាញ​ក្តីអំណរ​របស់​ខ្លួន ទាំង​ទឹក​ភ្នែក និង​សម្លេង​ស្រែក​ហូរ។​

មនុស្ស​ភាគ​ច្រើន​ធ្លាប់​ឆ្លង​កាត់​ការ​ជាប់​បំណុល តាម​រូប​ភាព​ផ្សេង​ៗ ដោយ​ខ្លះ​ត្រូវ​បង់​រំលោះ​ផ្ទះ ​ឬ​ឡាន ឬ​ក៏​ជំពាក់​ប្រាក់​សម្រាប់​បង់​ថ្លៃ​សាលា ថ្លៃ​ពេទ្យ ឬ​អ្វី​ផ្សេង​ទៀត។ ប៉ុន្តែ យើង​ក៏​មាន​អារម្មណ៍​ធូរ​ស្បើយ​ផង​ដែរ ពេល​ដែល​យើង​បាន​រួចបំណុល​ទំាង​នោះ។​

លោក​យ៉ូហាន​បាន​ប្រកាស់​ថា ព្រះយេស៊ូវ “​ជា​ស្មរ​បន្ទាល់​ស្មោះត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី”។ បន្ទាប់​មក គាត់​ក៏​បាន​ទទួល​ស្គាល់​ព្រះ​រាជ​កិច្ច​លុបបំណុល ដែល​ព្រះ​អង្គ​បាន​ធ្វើ​សម្រាប់​យើង ដោយ​ព្រះ​អង្គ​បាន​ស្រឡាញ់​យើង ហើយ​រំដោះ​យើង​ឲ្យ​រួច​ពី​អំពើ​បាប ដោយ​ព្រះ​លោហិត​ព្រះ​អង្គ​(វិវរណៈ ១:៥)។ ការ​ប្រកាស់​នេះ​ពិត​ជា​មាន​អត្ថ​ន័យ​ជ្រាល​ជ្រៅ​ណាស់។ គឺ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជាង​ការ​ប្រកាស នៅ​ពិធី​ចែក​សញ្ញា​ប័ត្រ នៅ​មហា​វិទ្យាល័យ​ម័រហោស​ទៅ​ទៀត ព្រោះ​ជា​ដំណឹង​ល្អ ដែល​បាន​បញ្ជាក់​ច្បាស់​ថា ការ​សុគត​របស់​ព្រះ​យេស៊ូវ​(ការ​បង្ហូរព្រះ​លោហិត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង) បាន​រំដោះ​យើង ឲ្យ​រួច​ពី​ទោស​នៃ​អាកប្ប​កិរិយា សេចក្តី​ប៉ង​ប្រាថ្នា និង​ការ​ប្រព្រឹត្ត​ដែល​មាន​បាប។ ដោយ​សារ​ព្រះ​អង្គ​បាន​លោះ​បំណុល​នៃ​អំពើ​បាប អ្នក​ដែល​ជឿ​ព្រះ​យេស៊ូវ ក៏​បាន​ទទួល​ការ​អត់ទោស​បាប និង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​មហា​គ្រួសារ​នៃ​នគរ​ព្រះ​(ខ.៦)។ ដំណឹង​ល្អ​នេះ​ជា​ដំណឹង​ដែល​ល្អ​បំផុត​!—Arthur Jackson