ហ្វូងមនុស្សមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពិធីចែកសញ្ញាប័ត្រ នៅឆ្នាំ២០១៩ នៅមហាវិទ្យាល័យ ម័រហោស ទីក្រុងអាត្លាន់តា រដ្ឋចចជា។ និសិ្សតដែលបានឡើងនិយាយនៅពិធីចែកសញ្ញាប័ត្រនេះ ប្រកាស់ថា គាត់ និងក្រុមគ្រួសារគាត់ នឹងបរិច្ចាកប្រាក់រាប់លានដុល្លា ដើម្បីលុបបំណុលរបស់និសិ្សត ក្នុងថ្នាក់បញ្ចប់របស់គាត់ទាំងមូល។ មាននិសិ្សតម្នាក់ ដែលបានជាប់បំណុល១០ម៉ឺនដុល្លា ស្ថិតក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាដែលកំពុងត្រេកអរជាពន់ពេក ដោយបង្ហាញក្តីអំណររបស់ខ្លួន ទាំងទឹកភ្នែក និងសម្លេងស្រែកហូរ។
មនុស្សភាគច្រើនធ្លាប់ឆ្លងកាត់ការជាប់បំណុល តាមរូបភាពផ្សេងៗ ដោយខ្លះត្រូវបង់រំលោះផ្ទះ ឬឡាន ឬក៏ជំពាក់ប្រាក់សម្រាប់បង់ថ្លៃសាលា ថ្លៃពេទ្យ ឬអ្វីផ្សេងទៀត។ ប៉ុន្តែ យើងក៏មានអារម្មណ៍ធូរស្បើយផងដែរ ពេលដែលយើងបានរួចបំណុលទំាងនោះ។
លោកយ៉ូហានបានប្រកាស់ថា ព្រះយេស៊ូវ “ជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី”។ បន្ទាប់មក គាត់ក៏បានទទួលស្គាល់ព្រះរាជកិច្ចលុបបំណុល ដែលព្រះអង្គបានធ្វើសម្រាប់យើង ដោយព្រះអង្គបានស្រឡាញ់យើង ហើយរំដោះយើងឲ្យរួចពីអំពើបាប ដោយព្រះលោហិតព្រះអង្គ(វិវរណៈ ១:៥)។ ការប្រកាស់នេះពិតជាមានអត្ថន័យជ្រាលជ្រៅណាស់។ គឺគួរឲ្យភ្ញាក់ផ្អើលជាងការប្រកាស នៅពិធីចែកសញ្ញាប័ត្រ នៅមហាវិទ្យាល័យម័រហោសទៅទៀត ព្រោះជាដំណឹងល្អ ដែលបានបញ្ជាក់ច្បាស់ថា ការសុគតរបស់ព្រះយេស៊ូវ(ការបង្ហូរព្រះលោហិតរបស់ព្រះអង្គនៅលើឈើឆ្កាង) បានរំដោះយើង ឲ្យរួចពីទោសនៃអាកប្បកិរិយា សេចក្តីប៉ងប្រាថ្នា និងការប្រព្រឹត្តដែលមានបាប។ ដោយសារព្រះអង្គបានលោះបំណុលនៃអំពើបាប អ្នកដែលជឿព្រះយេស៊ូវ ក៏បានទទួលការអត់ទោសបាប និងក្លាយជាផ្នែកមួយនៃមហាគ្រួសារនៃនគរព្រះ(ខ.៦)។ ដំណឹងល្អនេះជាដំណឹងដែលល្អបំផុត!—Arthur Jackson