មាន​ដើម​សែន​មួយ​ដើម ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា ដើម​សែន​បរិសុទ្ធ។ វា​បាន​ដុះ​នៅ​ក្បែរ​ព្រះវិហារ​សភាភិបាល​បាស្គីង រីជ អស់​រយៈ​ពេល​ជាង​៦​រយ​ឆ្នាំ​មក រហូត​ដល់​ពេល​ដែល​គេ​កាប់​រំលំ​វា។ ពេល​ដែល​វា​ដុះ​បាន​ល្អ​បំផុត មែក​ខ្វាត់​ខ្វែង​របស់វា​បាន​លូត​ខ្ពស់ ហើយ​វែង។ ខ្យល់​ត្រជាក់​បាន​បក់​មក​រំភើយ ធ្វើ​ឲ្យ​ស្លឹក​ពណ៌​បៃតង និង​ផ្លែ​របស់​វា​លាន់​សូរ​ក្រិក​ៗ។ ប៉ុន្តែ នៅ​ក្រោម​គល់​របស់​វា មាន​ប្រព័ន្ធ​ឫស​ដែល​ពិត​ជា​មាន​ភាព​អស្ចារ្យ​ណាស់។ ឫស​កែវ​របស់​ដើម​សែន​ចាក់​ត្រង់​ទៅ​ក្រោម តាម​ខ្សែ​បន្ទាត់​ឈរ ដោយ​ផ្គត់​ផ្គង់​ដើម​របស់​វា ដោយ​ជីវជាតិ​គ្រប់​គ្រាន់។ ឫស​ស្ញែង​ដ៏​ច្រើន​សណ្ឋឹក​បាន​ដុះ​ចេញ​ពីឫសកែវ​នោះ តាម​ខ្សែ​បន្ទាត់​ដេក​រីក​សាយ​ពេញ​ក្រោម​ដី ដើម្បី​ផ្គត់​ផ្គង់​ដើម​របស់​វា នូវ​សំណើម និង​ជីវជាតិ​ពេញ​មួយ​ជីវិត។ ប្រព័ន្ធ​ឫស​ដ៏​សាំញ៉ាំ​របស់​វា ច្រើន​តែ​លូត​លាស់​ធំ​ជាង​ដើម ដែល​វា​កំពុង​តែ​ទ្រ​ទ្រង់ និង​បាន​ធ្វើ​ជា​សរសៃ​ឈាម និង​យុថ្កា ដែល​ជួយ​ឲ្យ​ដើម​របស់​វា​ឈរ​នឹង។​

ភាគ​ច្រើន​នៃ​ការ​លូត​លាស់​នៃ​ជីវិត​យើង បាន​កើត​ឡើង នៅ​ក្រោម​ផ្ទៃ​ខាង​លើ គឺ​មិន​ខុស​ពី​ដើម​សែន​ដ៏​ធំ​សម្បើម​នោះ​ឡើយ។ ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច អំពី​ការ​ព្រោះ​គ្រាប់​ពូជ ដល់​ពួក​សិស្ស​របស់​ព្រះ​អង្គ ព្រះ​អង្គ​បាន​មាន​បន្ទូល​សង្កត់​ធ្ងន់ អំពី​សារៈ​សំខាន់​នៃ​ការ​ដុះ​យ៉ាង​រឹង​មាំ នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះ​វរបិតា។ កាល​ណា​យើងលូត​លាស់ នៅ​ក្នុង​ការ​ស្គាល់​ព្រះ ដូច​ដែល​បាន​បើក​សម្តែង ក្នុង​ព្រះ​គម្ពីរ នោះ​ព្រះ​វិញ្ញាណ​ក៏​បាន​ទ្រទ្រង់​ប្រព័ន្ធ​ឫស​នៃជំនឿ​យើង។​ ព្រះ​ជា​ម្ចាស់​ជួយ​ឲ្យ​អ្នក​ដើរ​តាម​ព្រះ​អង្គ​មាន​ការ​ចម្រើន​ឡើង ដោយ​ឆ្លង​កាត់​កាលៈ​ទេសៈ​ដែល​ប្រែ​ប្រួល​ជានិច្ច ទុក្ខ​លំបាក ការ​បៀត​បៀន និង​ការ​ព្រួយ​បារម្ភ​(ម៉ាថាយ ១៣:១៨-២៣)។

ព្រះ​វរបិតា​នៃ​សេចក្តី​ស្រឡាញ់​របស់​យើង បាន​ប្រទាន​អាហារ ចម្អែត​ចិត្ត​របស់​យើង ដោយ​ព្រះ​បន្ទូល​ព្រះ​អង្គ។ ខណៈ​ពេល​ដែល​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​កែ​ប្រែ​ចរិយា​សម្បត្តិ​របស់​យើង ព្រះ​អង្គ​ក៏​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​យើង បាន​ឃើញ​ជំនឿ​របស់​យើង​ ដែល​បាន​ចាក់​ឫស​ជ្រៅ​ក្នុង​ព្រះ​អង្គ។​—Xochitl Dixon