មានដើមសែនមួយដើម ត្រូវបានគេដាក់ឈ្មោះឲ្យថា ដើមសែនបរិសុទ្ធ។ វាបានដុះនៅក្បែរព្រះវិហារសភាភិបាលបាស្គីង រីជ អស់រយៈពេលជាង៦រយឆ្នាំមក រហូតដល់ពេលដែលគេកាប់រំលំវា។ ពេលដែលវាដុះបានល្អបំផុត មែកខ្វាត់ខ្វែងរបស់វាបានលូតខ្ពស់ ហើយវែង។ ខ្យល់ត្រជាក់បានបក់មករំភើយ ធ្វើឲ្យស្លឹកពណ៌បៃតង និងផ្លែរបស់វាលាន់សូរក្រិកៗ។ ប៉ុន្តែ នៅក្រោមគល់របស់វា មានប្រព័ន្ធឫសដែលពិតជាមានភាពអស្ចារ្យណាស់។ ឫសកែវរបស់ដើមសែនចាក់ត្រង់ទៅក្រោម តាមខ្សែបន្ទាត់ឈរ ដោយផ្គត់ផ្គង់ដើមរបស់វា ដោយជីវជាតិគ្រប់គ្រាន់។ ឫសស្ញែងដ៏ច្រើនសណ្ឋឹកបានដុះចេញពីឫសកែវនោះ តាមខ្សែបន្ទាត់ដេករីកសាយពេញក្រោមដី ដើម្បីផ្គត់ផ្គង់ដើមរបស់វា នូវសំណើម និងជីវជាតិពេញមួយជីវិត។ ប្រព័ន្ធឫសដ៏សាំញ៉ាំរបស់វា ច្រើនតែលូតលាស់ធំជាងដើម ដែលវាកំពុងតែទ្រទ្រង់ និងបានធ្វើជាសរសៃឈាម និងយុថ្កា ដែលជួយឲ្យដើមរបស់វាឈរនឹង។
ភាគច្រើននៃការលូតលាស់នៃជីវិតយើង បានកើតឡើង នៅក្រោមផ្ទៃខាងលើ គឺមិនខុសពីដើមសែនដ៏ធំសម្បើមនោះឡើយ។ ពេលដែលព្រះយេស៊ូវមានបន្ទូលជាពាក្យប្រៀបប្រដូច អំពីការព្រោះគ្រាប់ពូជ ដល់ពួកសិស្សរបស់ព្រះអង្គ ព្រះអង្គបានមានបន្ទូលសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃការដុះយ៉ាងរឹងមាំ នៅក្នុងទំនាក់ទំនងជាមួយព្រះវរបិតា។ កាលណាយើងលូតលាស់ នៅក្នុងការស្គាល់ព្រះ ដូចដែលបានបើកសម្តែង ក្នុងព្រះគម្ពីរ នោះព្រះវិញ្ញាណក៏បានទ្រទ្រង់ប្រព័ន្ធឫសនៃជំនឿយើង។ ព្រះជាម្ចាស់ជួយឲ្យអ្នកដើរតាមព្រះអង្គមានការចម្រើនឡើង ដោយឆ្លងកាត់កាលៈទេសៈដែលប្រែប្រួលជានិច្ច ទុក្ខលំបាក ការបៀតបៀន និងការព្រួយបារម្ភ(ម៉ាថាយ ១៣:១៨-២៣)។
ព្រះវរបិតានៃសេចក្តីស្រឡាញ់របស់យើង បានប្រទានអាហារ ចម្អែតចិត្តរបស់យើង ដោយព្រះបន្ទូលព្រះអង្គ។ ខណៈពេលដែលព្រះវិញ្ញាណព្រះអង្គកែប្រែចរិយាសម្បត្តិរបស់យើង ព្រះអង្គក៏ធ្វើឲ្យមនុស្សនៅជុំវិញយើង បានឃើញជំនឿរបស់យើង ដែលបានចាក់ឫសជ្រៅក្នុងព្រះអង្គ។—Xochitl Dixon