បានសម្រេចចិត្តអត់ឱនទោស
ក្នុងនាមជាគ្រូបង្រៀននៅវិទ្យាល័យ លោកផាទ្រីក អាយរ៍លែន(Patrick Ireland) បានដឹងថា ព្រះជាម្ចាស់បានជ្រើសរើសគាត់ សម្រាប់ការអ្វីមួយ។ តើសម្រាប់ការអ្វី? ក្រោយមក គាត់បានរួចជីវិត នៅក្នុងការសម្លាប់រង្គាលដ៏តក់ស្លត់ នៅវិទ្យាល័យខូឡុមបាញ(រដ្ឋកូឡូរ៉ាដូ) ដែលមានមនុស្ស១៣នាក់បានបាត់បង់ជីវិត និង២៤នាក់របួស ដែលក្នុងចំណោមនោះ គាត់ក៏បានរបួសផងដែរ។ ពេលនោះ គាត់ក៏បានចាប់ផ្តើមទទួលចម្លើយ។
តាមរយៈការជាសះស្បើយ ដែលត្រូវចំណាយពេលយ៉ាងយូរ លោកផាទ្រីកក៏បានដឹងថា ភាពល្វីងជូរចត់ដែលនៅជាប់ក្នុងចិត្តយើង ធ្វើឲ្យយើងមានរបួសក្នុងចិត្តកាន់តែធ្ងន់ធ្ងរ។ ព្រះជាម្ចាស់បានបង្ហាញឲ្យលោកផាទ្រីកដឹងថា គន្លឹះដើម្បីឲ្យគាត់អាចអត់ឱនទោសឲ្យគេ គឺត្រូវឈប់ផ្តោតទៅលើការអ្វីដែលអ្នកដទៃធ្វើមកលើ យើង ហើយផ្តោតមកលើអ្វីដែលព្រះយេស៊ូវបានធ្វើ សម្រាប់យើងវិញ។ នៅពេលដែលព្រះយេស៊ូវកំពុងតែឈឺចាប់នៅលើឈើឆ្កាង ព្រះអង្គបានមានបន្ទូលទៅកាន់ពួកអ្នកដែលកំពុងធ្វើទារុណកម្មព្រះអង្គថា “ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”(លូកា២៣:៣៤)។ ការនេះបានសម្រេចសេចក្តីទំនាយរបស់ហោរាសាការី ដែលបានថ្លែងអំពីការអត់ទោសដែលព្រះយេស៊ូវប្រទានដល់មនុស្សទាំងអស់(លូកា ១:៧៧)។ ជាងនេះទៅទៀត គំរូនៃការអត់ទោសរបស់ព្រះយេស៊ូវ បានបើកបង្ហាញឲ្យលោកផាទ្រីកយល់ អំពីគោលបំណង ដែលព្រះអង្គបានជ្រើសរើសគាត់។ ហើយបន្ទាប់ពីសោកនាដកម្មនេះបានកន្លងផុតទៅ២០ឆ្នាំ លោកផាទ្រីកក៏បានចែកចាយថា ព្រះជាម្ចាស់ប្រហែលជាជ្រើសរើសគាត់ ឲ្យជួបរឿងនោះ ដើម្បីឲ្យគាត់អត់ឱនទោសឲ្យគេ។
មនុស្សភាគច្រើនមិនបានឆ្លងកាត់សោកនាដកម្ម ដែលមានភាពធ្ងន់ធ្ងរដូចរឿងដែលបានកើតឡើង នៅវិទ្យាល័យខូលុមបាញទេ តែយើងម្នាក់ៗសុទ្ធតែត្រូវបានគេធ្វើខុសមកលើយើង តាមរបៀបណាមួយ។ អ្នកខ្លះត្រូវប្តីឬប្រពន្ធផឹតក្បត់។ អ្នកខ្លះមានកូនដែលមិនស្តាប់បង្គាប់។ អ្នកខ្លះត្រូវចៅហ្វាយនាយធ្វើបាប។ តើយើងនឹងបន្តដំណើរទៅមុខទៀតដោយរបៀបណា? យើងប្រហែលជាត្រូវមើលទៅគំរូរបស់ព្រះអង្គសង្រ្គោះរបស់យើង។ នៅពេលដែលគេបដិសេធ និងធ្វើទារុណកម្មដ៏ឃោរឃៅមកលើព្រះអង្គ ព្រះអង្គបានអត់ទោសឲ្យគេ។…
សារៈសំខាន់នៃការការដឹកនាំរបស់ព្រះ
លោកអាន់ឃល ហ្សាគី(Uncle Zaki) គឺជាមិត្តភក្តិរបស់លោកខេនេត បេលី(Kenneth Bailey) ដែលជាអ្នកប្រាជ្ញ ហើយថែមទាំងបានធ្វើជាអ្នកនាំផ្លូវដែលគាត់បានទុកចិត្ត នៅក្នុងការធ្វើដំណើរចូលទៅក្នុងសមុទ្រខ្សាច់សាហារាដ៏ធំល្វឹងល្វើយ។ លោកបេលីក៏បាននិយាយថា គាត់និងក្រុមការងាររបស់គាត់បានបង្ហាញចេញនូវការទុកចិត្តទាំងស្រុង ចំពោះលោកហ្សាគី ក្នុងការធ្វើដំណើរនេះ។ ត្រង់ចំណុចនេះ ពួកគេកំពុងតែបញ្ជាក់ ដល់លោកហ្សាគីថា “យើងមិនស្គាល់ផ្លូវធ្វើដំណើរទេ ហើយបើអ្នកវង្វេងផ្លូវ នោះយើងនឹងស្លាប់ទាំងអស់គ្នាមិនខាន។ យើងបានទុកចិត្តទំាងស្រុង ចំពោះការដឹកនាំរបស់អ្នក”។
ក្នុងពេលដែលស្តេចដាវីឌមានចិត្តនឿយព្រួយ និងឈឺចាប់ខ្លាំង ទ្រង់បានស្វែងរកការដឹកនាំ ពីព្រះជាម្ចាស់ ដែលទ្រង់បានបម្រើ។ ក្នុងបទគម្ពីរ ទំនុកដំកើង ៦១:២ ទ្រង់បានពោលថា “កាលណាចិត្តទូលបង្គំត្រូវបង្គ្រប នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីចុងផែនដីផង សូមនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំ”។ ទ្រង់ត្រូវការសុវត្ថិភាព និងភាពធូរស្រាល នៅក្នុងការចូលទៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់សារជាថ្មី(ខ.៣-៤)។
មនុស្សដែលអស់សង្ឃឹម ដូចសត្វចៀមដែលវង្វេងចេញពីអ្នកគង្វាល ត្រូវការការដឹកនាំមកពីព្រះ(អេសាយ ៥៣:៦)។ បើដឹកនាំជីវិតខ្លួនឯង យើងនឹងវង្វេង ដោយគ្មានក្តីសង្ឃឹម ក្នុងវាលរហោស្ថាននៃលោកិយ ដែលពេញដោយអំពើបាប។
ប៉ុន្តែ ព្រះអម្ចាស់មិនដែលទុកយើងចោលឡើយ! ព្រះអង្គជាអ្នកគង្វាលយើង ដែលនឹងដឹកនាំយើង “នៅក្បែរទឹកហូរគ្រឿនៗ” ហើយដឹកនាំយើង ធ្វើឲ្យវិញ្ញាណយើងមានភាពស្រស់ថ្លាឡើង (ទំនុកដំកើង ២៣:២-៣)។
តើអ្នកត្រូវការការដឹកនាំរបស់ព្រះ ក្នុងផ្នែកណាខ្លះនៃជីវិតអ្នក នៅថ្ងៃនេះ? ចូរស្រែករកព្រះអង្គចុះ។ ព្រះអង្គនឹងមិនបោះបង់ចោលអ្នកឡើយ។—BILL CROWDER