ក្នុង​នាម​ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ លោក​ផាទ្រីក អាយរ៍លែន(Patrick Ireland) បាន​ដឹង​ថា ព្រះ​ជា​ម្ចាស់​បានជ្រើស​រើស​គាត់ សម្រាប់​ការ​អ្វី​មួយ។ តើ​សម្រាប់​ការ​អ្វី? ក្រោយ​មក គាត់​បាន​រួច​ជីវិត នៅ​ក្នុង​ការ​សម្លាប់​រង្គាល​ដ៏តក់​ស្លត់ នៅ​វិទ្យាល័យ​ខូឡុមបាញ(រដ្ឋកូឡូរ៉ាដូ) ដែល​មាន​មនុស្ស​១៣​នាក់​បាន​បាត់​បង់​ជីវិត និង​២៤​នាក់​របួស ដែល​ក្នុង​ចំណោម​នោះ គាត់ក៏​បាន​របួស​ផង​ដែរ។ ពេល​នោះ គាត់​ក៏​បាន​ចាប់​ផ្តើម​ទទួល​ចម្លើយ។

តាម​រយៈ​ការជា​សះស្បើយ​ ដែល​ត្រូវ​ចំណាយ​ពេល​យ៉ាង​យូរ លោក​ផាទ្រីក​ក៏​បាន​ដឹង​ថា ភាព​ល្វីង​ជូរ​ចត់​ដែលនៅ​ជាប់​ក្នុង​ចិត្ត​យើង ធ្វើ​ឲ្យ​យើង​មាន​របួស​ក្នុង​ចិត្ត​កាន់​តែ​ធ្ងន់​ធ្ងរ។ ព្រះ​ជា​ម្ចាស់​បាន​បង្ហាញ​ឲ្យ​លោក​ផាទ្រីកដឹង​ថា គន្លឹះ​ដើម្បី​ឲ្យ​គាត់​អាច​អត់​ឱន​ទោស​ឲ្យ​គេ គឺ​ត្រូវ​ឈប់​ផ្តោត​ទៅ​លើ​ការ​អ្វី​ដែល​អ្នកដទៃធ្វើមកលើ យើង ហើយ​ផ្តោត​មក​លើ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ សម្រាប់​យើង​វិញ។ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​កំពុង​តែ​ឈឺ​ចាប់នៅ​លើ​ឈើ​ឆ្កាង ព្រះ​អង្គ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​អ្នក​ដែល​កំពុង​ធ្វើ​ទារុណ​កម្ម​ព្រះ​អង្គ​ថា “ឱ​ព្រះ​វរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ​”(លូកា២៣:៣៤)។ ការ​នេះ​បាន​សម្រេច​សេចក្តី​ទំនាយ​របស់​ហោរា​សាការី ដែល​បាន​ថ្លែង​អំពី​ការ​អត់​ទោស​ដែល​ព្រះ​យេស៊ូវ​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​(លូកា ១:៧៧)។ ជាង​នេះ​ទៅ​ទៀត គំរូ​នៃ​ការ​អត់​ទោស​របស់​ព្រះ​យេស៊ូវ បាន​បើក​បង្ហាញ​ឲ្យ​លោក​ផាទ្រីក​យល់ អំពី​គោល​បំណង ដែល​ព្រះ​អង្គ​បាន​ជ្រើស​រើស​គាត់។ ហើយ​បន្ទាប់​ពី​សោកនាដ​កម្ម​នេះ​បាន​កន្លង​ផុត​ទៅ​២០ឆ្នាំ លោក​ផាទ្រីក​ក៏​បាន​ចែក​ចាយ​ថា ព្រះ​ជា​ម្ចាស់​ប្រហែល​ជា​ជ្រើស​រើស​គាត់ ឲ្យ​ជួប​រឿង​នោះ ដើម្បី​ឲ្យ​គាត់​អត់​ឱន​ទោស​ឲ្យគេ​។

មនុស្ស​ភាគ​ច្រើន​មិន​បាន​ឆ្លង​កាត់​សោកនាដ​កម្ម ដែល​មាន​ភាព​ធ្ងន់​ធ្ងរ​ដូច​រឿង​ដែល​បាន​កើត​ឡើង នៅ​វិទ្យាល័យ​ខូលុមបាញ​ទេ តែ​យើង​ម្នាក់​ៗ​សុទ្ធតែ​ត្រូវ​បាន​គេ​ធ្វើ​ខុស​មក​លើ​យើង តាម​របៀប​ណា​មួយ។ អ្នក​ខ្លះ​ត្រូវ​ប្តី​ឬ​ប្រពន្ធ​ផឹត​ក្បត់។ អ្នក​ខ្លះ​មាន​កូន​ដែល​មិន​ស្តាប់​បង្គាប់។ អ្នក​ខ្លះ​ត្រូវ​ចៅ​ហ្វាយ​នាយ​ធ្វើ​បាប។ តើ​យើង​នឹង​បន្តដំណើរ​ទៅ​មុខ​ទៀត​ដោយ​របៀប​ណា? យើង​ប្រហែល​ជា​ត្រូវ​មើល​ទៅ​គំរូ​របស់​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង។ នៅ​ពេល​ដែល​គេ​បដិសេធ និង​ធ្វើ​ទារុណ​កម្ម​ដ៏​ឃោរ​ឃៅ​មក​លើ​ព្រះ​អង្គ ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​គេ។ តាម​រយៈ​ការ​អត់​ទោស​បាប​របស់​ព្រះ​យេស៊ូវ យើង​អាច​រក​ឃើញ​សេចក្តី​សង្រ្គោះ និង​កម្លាំង​សម្រាប់​អត់​ឱន​ទោស​ឲ្យ​អ្នក​ដទៃ។ ហើយ​យើង​ក៏​អាច​សម្រេច​ចិត្ត​ដក​ភាព​ល្វីង​ជូរ​ចត់​ចេញ ហើយ​បើក​ចំហរ​ចិត្ត​យើង ដើម្បី​អត់​ឱន​ទោស​ឲ្យ​អ្នក​ដទៃ។—ELISA MORGAN