លោក​អាន់ឃល ហ្សាគី(Uncle Zaki) គឺ​ជា​មិត្ត​ភក្តិ​របស់​លោក​ខេនេត បេលី(Kenneth Bailey) ដែល​ជា​អ្នកប្រាជ្ញ​ ហើយ​ថែម​ទាំង​បាន​ធ្វើ​ជា​អ្នក​នាំ​ផ្លូវ​ដែល​គាត់​បាន​ទុក​ចិត្ត នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​សមុទ្រ​ខ្សាច់​សាហារា​ដ៏​ធំ​ល្វឹង​ល្វើយ។ លោក​បេលី​ក៏​បាន​និយាយ​ថា គាត់​និង​ក្រុម​ការងារ​របស់​គាត់បាន​បង្ហាញ​ចេញ​នូវ​ការទុក​ចិត្ត​ទាំង​ស្រុង ចំពោះ​លោក​ហ្សាគី ក្នុង​ការ​ធ្វើ​ដំណើរ​នេះ។ ត្រង់​ចំណុច​នេះ ពួក​គេ​កំពុង​តែ​បញ្ជាក់ ដល់​លោកហ្សាគី​ថា​ “យើង​មិន​ស្គាល់​ផ្លូវធ្វើ​ដំណើរ​ទេ ហើយ​បើ​អ្នក​វង្វេង​ផ្លូវ នោះ​យើង​នឹង​ស្លាប់​ទាំង​អស់​គ្នា​មិន​ខាន។ យើងបាន​ទុក​ចិត្ត​ទំាង​ស្រុង ចំពោះ​ការ​ដឹក​នាំ​របស់​អ្នក”។

ក្នុង​ពេល​ដែល​ស្តេច​ដាវីឌ​មាន​ចិត្ត​នឿយ​ព្រួយ និង​ឈឺ​ចាប់​ខ្លាំង ទ្រង់​បាន​ស្វែង​រក​ការ​ដឹក​នាំ ពី​ព្រះ​ជា​ម្ចាស់ ដែលទ្រង់​បាន​បម្រើ។ ក្នុង​បទ​គម្ពីរ ទំនុកដំកើង ៦១:២ ទ្រង់​បាន​ពោល​ថា “កាល​ណា​ចិត្ត​ទូល​បង្គំ​ត្រូវ​បង្គ្រប នោះ​ទូលបង្គំ​នឹង​អំពាវ​នាវ​ដល់​ទ្រង់​ពី​ចុង​ផែន​ដី​ផង សូម​នាំ​ទូល​បង្គំ​ទៅ​ឯ​ថ្ម​ដា​ដែល​ខ្ពស់​ជាង​ទូល​បង្គំ”។ ទ្រង់​ត្រូវ​ការ​សុវត្ថិភាព និង​ភាព​ធូរ​ស្រាល នៅ​ក្នុង​ការ​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់​សារ​ជា​ថ្មី​(ខ.៣-៤)។

មនុស្ស​ដែល​អស់​សង្ឃឹម ដូច​សត្វ​ចៀម​ដែល​វង្វេង​ចេញ​ពី​អ្នក​គង្វាល ត្រូវ​ការ​ការ​ដឹក​នាំ​មក​ពី​ព្រះ​(អេសាយ ៥៣:៦)។ បើ​ដឹក​នាំ​ជីវិត​ខ្លួន​ឯង យើង​នឹង​វង្វេង ដោយ​គ្មាន​ក្តី​សង្ឃឹម ក្នុង​វាល​រហោ​ស្ថាន​នៃ​លោកិយ ដែល​ពេញដោយអំពើបាប។

ប៉ុន្តែ ព្រះ​អម្ចាស់​មិន​ដែល​ទុក​យើង​ចោល​ឡើយ! ព្រះ​អង្គ​ជា​អ្នក​គង្វាល​យើង ដែល​នឹង​ដឹក​នាំ​យើង “នៅ​ក្បែរ​ទឹកហូរ​គ្រឿន​ៗ” ហើយ​ដឹក​នាំ​យើង ធ្វើ​ឲ្យ​វិញ្ញាណ​យើង​មាន​ភាព​ស្រស់​ថ្លា​ឡើង ​(ទំនុក​ដំកើង ២៣:២-៣)។

តើ​អ្នក​ត្រូវ​ការ​ការ​ដឹក​នាំ​របស់​ព្រះ ក្នុង​ផ្នែក​ណា​ខ្លះ​នៃ​ជីវិត​អ្នក នៅ​ថ្ងៃ​នេះ? ចូរ​ស្រែក​រក​ព្រះ​អង្គ​ចុះ។ ព្រះ​អង្គ​នឹងមិន​បោះ​បង់​ចោល​អ្នក​ឡើយ។—BILL CROWDER