បង​ប្រុស​របស់​ស្វាមី​ខ្ញុំ មាន​ទី​លំ​នៅ ក្នុង​តំបន់​ជួរ​ភ្នំ​ខូឡូរ៉ាដូ ដែល​ស្ថិត​នៅ​ចម្ងាយ ១៩៣០ គីឡូ​ម៉ែត្រ​ពី​ផ្ទះ​របស់​យើង។ ទោះ​ផ្ទះ​របស់​ហ្គ័ររីត(Gerrits) នៅ​ឆ្ងាយ​ពី​យើង​ក៏​ដោយ គាត់​នៅ​តែ​ជា​សមាជិក​ជា​ទី​ស្រឡាញ់​របស់​គ្រួសារ ដោយ​សារ​គាត់​មាន​ភាព​កំប្លុក​កំប្លែង និង​ចិត្ត​ល្អ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នៅ​អាច​ចាំ​បាន​ថា មាន​ពេល​មួយ បង​ប្អូន​បង្កើត​របស់​គាត់​បាន​និយាយ​លេង​សើច​ថា គាត់​ជា​កូន​សំណប់​របស់​ម្តាយ​ពួក​គេ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ពួក​គេ​ថែម​ទាំង​បានទិញ​អាវ​យឺត​មួយ ដែល​មាន​អក្សរ​បោះ​ពុម្ភ​ពី​លើ​ថា “ខ្ញុំ​ជា​កូន​សំណប់​របស់​ម៉ាក់”។ យើង​សុទ្ធ​តែ​មាន​ភាព​សប្បាយ​រីក​រាយ ចំពោះ​ភាព​កំប្លុក​កំប្លែង​របស់​បង​ប្អូន​បង្កើត​របស់​យើង ប៉ុន្តែ តាម​ធម្មតា ភាព​លម្អៀង​ មិន​មែន​ជា​រឿង​លេង​សើច​ឡើយ​។​

ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ជំពូក​៣៧ យើង​ឃើញ​ថា លោក​យ៉ាកុប​បាន​ឲ្យ​អាវ​ដែល​មាន​ពណ៌​ច្រើន ទៅ​យ៉ូសែប​ដែល​ជា​កូនប្រុស​របស់​គាត់ ដែល​ការ​នេះ​បាន​បង្ហាញ​ឲ្យ​កូន​ដទៃ​ទៀត​ដឹង​ថា យ៉ូសែប​ជា​កូន​ពិសេស​ជាង​គេ ចំពោះ​គាត់​(ខ.៣)។ អាវ​នោះ​មិន​មាន​អក្សរ​សរសេរ​ពី​លើ​ទេ តែ​ការ​ប្រគល់​អាវ​ពិសេស​នេះ ឲ្យ​ទៅ​យ៉ូសែប គឺ​មិន​ខុស​ពី​ការ​ប្រកាស់​ថា យ៉ូសែប​ជា​កូន​សំណប់​របស់​លោក​យ៉ាកុប។​

ការ​បង្ហាញ​ចេញ​នូវ​ភាព​លម្អៀង​ក្នុង​គ្រួសារ អាច​នាំ​ឲ្យ​មាន​ការ​បែក​បាក់​គ្រួសារ។ នាង​រេបេកា ដែល​ជា​ម្តាយ បានស្រឡាញ់​លោក​យ៉ាកុប ខ្លាំង​ជាង​លោក​អេសាវ ជា​ហេតុ​នាំ​ឲ្យ​មាន​ជម្លោះ​រវាង​បង​ប្អូន​ទាំង​ពីរ(២៥:២៨)។ កំហុស​នេះ​ក៏​បាន​បន្ត​កើត​មាន​ទៀត នៅ​ពេល​ដែល​លោក​យ៉ាកុប ស្រឡាញ់​នាង​រ៉ាជែល​(ម្តាយ​របស់​លោក​យ៉ូសែប) ខ្លាំង​ជាង​នាង​ឡេអា ដែល​នាំ​ឲ្យ​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា និង​បញ្ហា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ឈឺ​ក្បាល​(២៩:៣០-៣១)។ ជា​ការ​ពិត​ណាស់ គំរូ​អាក្រក់​នេះ គឺ​ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​បង​ប្អូន​របស​លោក​យូសែប​ស្អប់​គាត់ ហើយ​ថែម​ទាំង​រៀប​គម្រោង​សម្លាប់​គាត់​ទៀត​ផង(៣៧:១៨)។

នៅ​ក្នុង​ទំនាក់​ទំនង យើង​អាច​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ជៀស​វាង​ភាព​លម្អៀង។ ប៉ុន្តែ គោល​ដៅ​របស់​យើង គឺ​ត្រូវ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ម្នាក់​ៗ ដោយ​គ្មាន​ភាព​លម្អៀង ហើយ​ត្រូវ​ស្រឡាញ់​មនុស្ស​ម្នាក់​ៗ ដែល​បាន​ចូល​ក្នុង​ជីវិត​យើង ដូច​ដែល​ព្រះ​វរបិតា​ស្រឡាញ់​យើង​(យ៉ូហាន ១៣:៣៤)។—CINDY HESS KASPER