មាន​ពេល​មួយ ខ្ញុំ​បាន​ចូល​រួម​ការ​ជិះ​ទូក​ចុះ​តាម​ល្បាក់​ទឹក ជា​មួយ​មនុស្ស​មួយ​ក្រុម។ អ្នក​នាំ​ផ្លូវក៏​បាន​ស្រែក​ប្រាប់ ក្រុមដែល​អង្គុយ​នៅ​ខាង​ឆ្វេង​គាត់ ឲ្យ​ចែវ​ទូក​ទៅ​មុខ​ឲ្យ​បាន​បី​ច្រវ៉ា។ ក្រុម​ខាង​ឆ្វេង ក៏​ខំ​ចូក​ចែវ ដោយ​ទាញ​នាំ​ទូក​ចេញ​ពី​កន្លែងដែល​មាន​ទឹក​កួច​ខ្លាំង។ អស់​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​នោះ យើង​បាន​រៀន អំពី​សារៈ​សំខាន់​នៃ​ការ​ស្តាប់​តាម​ការ​ណែ​នាំ របស់​អ្នក​នាំ​ផ្លូវ​របស់​យើង។  សម្លេង​ដ៏​នឹង​ធឹង​របស់​គាត់​​បាន​ជួយ​ឲ្យ​គ្នា​យើង​៦​នាក់ ដែល​មាន​បទ​ពិសោធន៍​តិច​តួច ក្នុង​ការ​អុំទូក ឲ្យ​ធ្វើ​ការ​រួម​គ្នា ដើម្បី​ទាញ​នាំ​ទូក ទៅ​រក​កន្លែង​ដែល​មាន​សុវត្ថិ​ភាព​បំផុត តាម​បណ្តោយ​ខ្សែ​ទឹក ដែល​កំពុង​ហូរធ្លាក់​ចុះ​មក​យ៉ាង​គំហុក។​

ជីវិត​ខាង​វិញ្ញាណ​យើង​ ក៏​មាន​ដំណើរ​ដូច​ការ​ជិះ​ទូក​ចុះ​តាម​ល្បាក់​ទឹក​ផង​ដែរ តើ​មែន​ទេ? ពេល​ខ្លះ ការ​អុំទូក​មាន​ភាព​រលូន​ទៅ​មុខ។ បន្ទាប់​មក មួយ​រំពេច​នោះ យើងក៏​បាន​ប្រញាប់​ចូក​ចែវ​ទូក​យ៉ាង​រហ័ស ដើម្បី​ជៀស​ចេញ​ពី​កន្លែង​ទឹក​កួច ដែល​កើត​ឡើង​ភ្លាម​ៗ។ ពេល​ដ៏​តាន​តឹង​នេះ ធ្វើឲ្យ​យើង​ដឹង​ថា យើង​ត្រូវ​ការ​អ្នក​នាំ​ផ្លូវ​ដែល​មាន​ជំនាញ​ម្នាក់  ដើម្បី​ផ្តល់​ឲ្យ​នូវ​ការ​ណែនាំ​ដែល​អាច​ទុក​ចិត្ត​បាន ដើម្បី​ជួយ​នាំ​យើង​ឆ្លង​កាត់​ពេល​ដ៏​រំជើប​រំជួល។​

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ៣២ ព្រះ​ជា​ម្ចាស់​បាន​សន្យា​ថា​ “អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ ដែល​ឯង​ត្រូវ​ដើរ”(ខ.៨)។ ទន្ទឹម​នឹង​នោះ ដើម្បី​ឲ្យ​យើង​ស្តាប់​តាម​ព្រះ​អង្គ យើង​ក៏​ចាំ​បាច់​ត្រូវ​សារ​ភាព​អំពើ​បាប​របស់​យើង​(ខ.៥) ហើយ​អធិស្ឋាន ក្នុង​ការ​ស្វែង​រក​ព្រះ​អង្គ​(ខ.៦)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មាន​ការ​កម្សាន្ត​ចិត្ត នៅ​ក្នុង​ព្រះ​បន្ទូល ដែល​ព្រះ​ជា​ម្ចាស់​បានសន្យា​ថា ព្រះ​អង្គ​នឹង​ទូន្មាន​យើង ដោយ​ព្រះ​នេត្រ​មើល​យើង​ជា​និច្ច(ខ.៨)។​ គឺ​បាន​រំឭក​យើង​ថា ការ​ដឹក​នាំ​របស់​ព្រះ​អង្គបាន​បង្ហូរ​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។ នៅ​ចុង​ជំពូក​នេះ អ្នក​និពន្ធ​ទំនុក​ដំកើង ក៏​បាន​សន្និដ្ឋាន​ថា “សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ​អម្ចាស់ ក៏​ហ៊ម​ព័ទ្ធ​អ្នក​ដែល​ទុក​ចិត្ត​ព្រះ​អង្គ”(ខ.១០)។ ហើយ​កាល​ណា​យើងទុក​ចិត្ត​ព្រះ​អង្គ យើង​នឹង​អាច​សម្រាក ដោយ​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​ដឹក​នាំ​យើង ឆ្លង​កាត់​ដំណាក់​កាល​ដែល​រលាក់​បំផុត​នៃ​ជីវិត តាម​ការ​សន្យា​របស់​ព្រះ​អង្គ។​-Adam Holz