នៅរដ្ឋវើជីនា នៅក្រុងវើជីនាប៊ីច ក្មេងៗដែលជាសិស្សសាលា បានឃើញគេសរសេរពីលើផ្លែចេកជាច្រើនផ្លែ ដោយពាក្យលើកទឹកចិត្ត ដែលមានដូចជា “ចូរកុំបោះបង់ការតស៊ូ។ ចូរធ្វើជាមូលហេតុដែលនាំឲ្យអ្នកដទៃញញឹម។ អ្នកជាមនុស្សអស្ចារ្យ។ កន្លែងដែលអ្នកចេញមក នោះមិនសំខាន់ទេ ដែលសំខាន់នោះ គឺកន្លែងដែលអ្នកកំពុងទៅ”។ អ្នកស្រីស្តេស៊ី ទ្រូមែន(Stacey Truman) ដែលជាអ្នកគ្រប់គ្រងកន្លែងលក់អាហារក្នុងសាលារៀន បានចំណាយពេលសរសេរពាក្យលើកទឹកចិត្តនៅលើផ្លែឈើទាំងនោះ ហើយក្មេងៗក៏បានដាក់រហ័សនាមឲ្យផ្លែចេកទំាងនោះថា “ផ្លែចេកចេះនិយាយ”។
ជាការពិតណាស់ផ្លែចេកមិនចេះនិយាយទេ តែការលើកទឹកចិត្តដែលគាត់បានសរសេរ នៅលើផ្លែចេកទាំងនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីទឹកចិត្តដែលលោកបាណាបាសមាន ចំពោះ “អ្នកដែលនៅក្មេងខាងវិញ្ញាណ” នៅទីក្រុងបុរាណអាន់ទីយ៉ូក(កិច្ចការ ១១:២២-២៤)។ លោកបាណាបាសមានឈ្មោះល្បី ដោយសារគាត់ពូកែលើកទឹកចិត្តអ្នកដទៃ។ គេហៅគាត់ថា មនុស្សល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ និងសេចក្តីជំនឿ ព្រោះគាត់បាន “ទូន្មានគេគ្រប់គ្នា ឲ្យសំរេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់”(ខ.២៣)។ ខ្ញុំក៏បានស្រមៃថា កាលនោះ គាត់ប្រហែលជាបានចំណាយពេលជាមួយអ្នកដែលគាត់ចង់ជួយ ដោយប្រាប់គេថា ចូរបន្តអធិស្ឋាន ចូរទុកចិត្តព្រះអម្ចាស់ ចូរនៅជាប់ព្រះអម្ចាស់ ពេលដែលការរស់នៅមានការពិបាក។
អ្នកជឿថ្មី គឺមិនខុសពីក្មេងៗឡើយ។ ពួកគេត្រូវការការលើកទឹកចិត្តជាច្រើន ដើម្បីឲ្យមានការលូតលាស់ល្អ នៅក្នុងជំនឿ។ ពួកគេមានពេញដោយសក្តានុពល។ ពួកគេចង់ដឹងថា ខ្លួនពូកែអ្វី។ ពួកគេប្រហែលមិនទាន់បានដឹងច្បាស់ថា ព្រះជាម្ចាស់សព្វព្រះទ័យនឹងធ្វើអ្វី តាមរយៈពួកគេ ហើយជាញឹកញាប់ អារក្សដែលជាខ្មាំងសត្រូវ តែងតែព្យាយាមរារាំងជំនឿរបស់ពួកគេមិនឲ្យរីកចម្រើន។
អ្នកដែលបានដើរជាមួយព្រះយេស៊ូវជាយូរហើយ សុទ្ធតែបានដឹងថា ការរស់នៅថ្វាយព្រះយេស៊ូវ អាចមានការពិបាក។ សូមឲ្យយើងរាល់គ្នា ទទួលការលើកទឹកចិត្តជានិច្ច ខណៈពេលដែលព្រះវិញ្ញាណដឹកនាំ និងរំឭកយើង អំពីសេចក្តីពិតខាងវិញ្ញាណ។—JENNIFER BENSON SCHULDT