នៅ​រដ្ឋ​វើជីនា នៅ​ក្រុង​វើជីនាប៊ីច ក្មេង​ៗ​ដែល​ជា​សិស្ស​សាលា បាន​ឃើញ​គេ​សរសេរ​ពី​លើ​ផ្លែ​ចេក​ជា​ច្រើន​ផ្លែ ដោយ​ពាក្យ​លើក​ទឹក​ចិត្ត ដែល​មាន​ដូចជា “ចូរ​កុំ​បោះ​បង់​ការ​តស៊ូ។ ចូរ​ធ្វើ​ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​អ្នក​ដទៃ​ញញឹម។ អ្នក​ជា​មនុស្ស​អស្ចារ្យ។ កន្លែង​ដែល​អ្នក​ចេញ​មក នោះ​មិន​សំខាន់​ទេ ដែល​សំខាន់​នោះ គឺ​កន្លែង​ដែល​អ្នក​កំពុង​ទៅ”។ អ្នក​ស្រី​ស្តេស៊ី ទ្រូមែន(Stacey Truman) ដែល​ជា​អ្នក​គ្រប់​គ្រង​កន្លែង​លក់​អាហារ​ក្នុង​សាលា​រៀន បាន​ចំណាយ​ពេល​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត​នៅ​លើ​ផ្លែ​ឈើ​ទាំង​នោះ ហើយ​ក្មេង​ៗ​ក៏​បាន​ដាក់​រហ័ស​នាម​ឲ្យ​ផ្លែ​ចេក​ទំាង​នោះ​ថា “ផ្លែ​ចេក​ចេះ​និយាយ”។

ជា​ការ​ពិត​ណាស់​ផ្លែ​ចេក​មិន​ចេះ​និយាយ​ទេ តែ​ការ​លើក​ទឹក​ចិត្ត​ដែល​គាត់​បាន​សរសេរ នៅ​លើ​ផ្លែ​ចេក​ទាំង​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ទឹក​ចិត្ត​ដែល​លោក​បាណាបាស​មាន ចំពោះ “អ្នក​ដែល​នៅ​ក្មេង​ខាង​វិញ្ញាណ” នៅ​ទីក្រុង​បុរាណ​អាន់​ទីយ៉ូក​(កិច្ចការ ១១:២២-២៤)។ លោក​បាណាបាស​មាន​ឈ្មោះ​ល្បី ដោយ​សារ​គាត់​ពូកែ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ។ គេ​ហៅ​គាត់ថា មនុស្ស​ល្អ ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ និង​សេចក្តី​ជំនឿ ព្រោះ​គាត់​បាន “​ទូន្មាន​គេ​គ្រប់​គ្នា ឲ្យ​សំរេច​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ព្រះអម្ចាស់”(ខ.២៣)។ ខ្ញុំ​ក៏​បាន​ស្រមៃ​ថា កាល​នោះ គាត់​ប្រហែល​ជា​បាន​ចំណាយ​ពេល​ជា​មួយ​អ្នក​ដែល​គាត់​ចង់​ជួយ ដោយ​ប្រាប់​គេ​ថា ចូរ​បន្ត​អធិស្ឋាន ចូរ​ទុក​ចិត្ត​ព្រះ​អម្ចាស់ ចូរ​នៅ​ជាប់​ព្រះ​អម្ចាស់ ពេល​ដែល​ការ​រស់​នៅ​មាន​ការ​ពិបាក​។​

អ្នក​ជឿ​ថ្មី គឺ​មិន​ខុស​ពី​ក្មេង​ៗ​ឡើយ។ ពួក​គេ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន ដើម្បីឲ្យ​មាន​ការ​លូត​លាស់​ល្អ​ នៅ​ក្នុង​ជំនឿ​។ ពួក​គេ​មាន​ពេញ​ដោយ​សក្តានុ​ពល។ ពួក​គេ​ចង់​ដឹង​ថា ខ្លួន​ពូកែ​អ្វី។ ពួក​គេ​ប្រហែល​មិន​ទាន់​បាន​ដឹង​ច្បាស់​ថា ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​នឹង​ធ្វើ​អ្វី តាម​រយៈ​ពួក​គេ ហើយ​ជា​ញឹក​ញាប់​ អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​ តែង​តែ​ព្យាយាម​រារាំង​ជំនឿ​របស់​ពួក​គេ​មិន​ឲ្យ​រីក​ចម្រើន។

អ្នក​ដែល​បាន​ដើរ​ជា​មួយ​ព្រះ​យេស៊ូវ​ជា​យូរ​ហើយ សុទ្ធ​តែ​បាន​ដឹង​ថា ការ​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ អាច​មាន​ការ​ពិបាក។ សូម​ឲ្យ​យើង​រាល់​គ្នា ​ទទួល​ការ​លើក​ទឹក​ចិត្តជានិច្ច ខណៈ​ពេល​ដែល​ព្រះ​វិញ្ញាណ​ដឹក​នាំ និង​រំឭក​យើង អំពី​សេចក្តី​ពិត​ខាង​វិញ្ញាណ។​—JENNIFER BENSON SCHULDT