មានពេលមួយកូនស្រីខ្ញុំបាននិយាយថា “នាងមើលតាមបង្អូចបណ្ណាគារ ឃើញភ្លើងដែលកំពុងឆាបឆេះនៅខាងក្រៅ”។ របៀបនៃការនិយាយរបស់នាងបានបង្ហាញថា នាងកំពុងតែមានការភ័យខ្លាច។ យើងក៏ដឹងផងដែរថា អគារមហាវិទ្យាល័យរបស់នាង គឺជាកន្លែងដែលមានសុវត្ថិភាពបំផុត សម្រាប់នាង និងនិស្សិតជិត៣ពាន់នាក់។ កាលពីឆ្នាំ២០១៨ ភ្លើងឆេះព្រៃវូលសេយ បានរាលដាលយ៉ាងឆាប់រហ័ស លឿនជាងការរំពឹងគិតរបស់មនុស្សគ្រប់គ្នា ជាពិសេសភ្នាក់ងារពន្លត់អគ្គីភ័យ។ ឆ្នាំនោះតំបនជ្រលងភ្នំ នៅរដ្ឋកាលីហ្វូញ៉ា មានអាកាសធាតុក្តៅ និងស្ងួតបំផុត ក្នុងប្រវត្តិសាស្រ្ត ទន្ទឹមនឹងនោះ បូករួមនឹងខ្យល់បក់បោកខ្លាំងខុសធម្មតា ពីតំបន់សាន់តា អាណា បាននាំផ្កាភ្លើងតែបន្តិច ចូលទៅដុតបំផ្លាញព្រៃឈើ អស់៤ម៉ឺនហិចតា និងបំផ្លិចបំផ្លាញសំណង់អគារអស់១៦០០ខ្នង ហើយបណ្តាលឲ្យមនុស្សបីនាក់ បាត់បង់ជីវិត។ នៅក្នុងរូបថត ដែលគេបានថត បន្ទាប់ពីគេបានទប់ស្កាត់ការរាលដាលនៃភ្លើងឆេះព្រៃនេះ យើងឃើញតំបន់ឆ្នេរបានប្រែក្លាយជាវាលរហោស្ថាន ដែលក្រៀមក្រោះ គ្មានជីវិត ដូចផ្ទៃដីនៅស្ថានព្រះច័ន្ទ។
ក្នុងកណ្ឌគម្ពីរយ៉ាកុប អ្នកនិពន្ធបាននិយាយអំពីវត្ថុតូចៗ តែមានអំណាចណាស់ ដែលមានដូចជា ដែកបង្ខាំក្នុងមាត់សេះ និងចង្កូតសំពៅ(៣:៣-៤)។ យើងប្រហែលជាធ្លាប់ស្គាល់ឧបករណ៍ទាំងនេះហើយ។ ប៉ុន្តែ គាត់បាននិយាយអំពីវត្ថុម្យ៉ាង ដែលយើងគ្រប់គ្នាសុទ្ធតែស្គាល់ សុទ្ធតែមានដូចគ្នា គឺអណ្តាត។ ជំពូកនោះបានបង្រៀនគ្រូបង្រៀនព្រះបន្ទូលទំាងឡាយ មុនគេ(ខ.១) បន្ទាប់មក ការបង្រៀននេះក៏សម្រាប់យើងរាល់គ្នាផងដែរ។
អណ្តាតតូចទេ តែវាអាចនាំមកនូវវិនាសកម្មដ៏ធ្ងន់ធ្ងរ។
អណ្តាតដ៏តូចរបស់យើង មានអំណាចណាស់ ប៉ុន្តែ ព្រះដ៏ធំរបស់យើង មានអំណាចជាង។ ជំនួយដែលព្រះអង្គប្រទានជារៀងរាល់ថ្ងៃ នាំឲ្យយើងមានកម្លាំងគ្រប់គ្រងពាក្យសម្តីរបស់យើង។—JOHN BLASÉ