លោក​ឡេអុង(Leon) មាន​ការ​ស្រង៉ាក​ចិត្ត​យ៉ាង​ខ្លាំង។ គាត់​ចង់​មាន​ជីវិត​ដែល​មាន​ន័យ​ជាង​នេះ ដូច​នេះ គាត់​ក៏​បាន​លាឈប់​ពី​ការងារ​ផ្នែក​ហិរញ្ញ​វត្ថុ។ ប៉ុន្តែ ថ្ងៃ​មួយ គាត់​បាន​ឃើញ​បុរស​អនាថា​ម្នាក់ កំពុង​តែ​ឈរ​កាន់​ផ្លាក​មួយ នៅ​ជ្រុង​ផ្លូវ ​ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា​ “សេចក្តី​សប្បុរស ​គឺ​ជា​ថ្នាំ​ដែល​ល្អ​បំផុត”។ លោក​ឡេអុង​ក៏​បាន​និយាយ​ថា “ពាក្យ​មួយ​ឃ្លា​នោះ បាន​ប៉ះ​ពាល់​ចិត្ត​ខ្ញុំ​ណាស់។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ខ្លួន”។

លោក​ឡេអុង​ក៏​បាន​សម្រេច​ចិត្ត​ចាប់​ផ្តើម​ជីវិត​ថ្មី ដោយ​បង្កើត​អង្គការ​អន្តរជាតិ​មួយ ដើម្បី​លើក​កម្ពស់​សេចក្តី​សប្បុរស។ គាត់​បាន​ធ្វើ​ដំណើរ​ទូទាំង​ពិភព​លោក ដោយ​ពឹង​ផ្អែក​លើ​ជំនួយ​របស់​មនុស្ស​ដែល​គាត់​មិន​ដែល​ស្គាល់ ដែល​មាន​ដូច​ជាអាហារ ប្រេង​ឥន្ធនៈ និង​កន្លែង​ស្នាក់​នៅ។ បន្ទាប់​មក គាត់​ក៏​បាន​ឲ្យ​រង្វាន់​ពួក​គេ តាម​រយៈ​អង្គការ​របស់​គាត់ ដោយ​ធ្វើ​អំពើ​សប្បុរស​ធម៌ ដូច​ជា​ការ​ចែក​អាហារ​ដល់​ក្មេង​កំព្រា ឬ​សង់​សាលា​រៀន​មួយ​ខ្នង​សម្រាប់​ក្មេង​ក្រី​ក្រ​ជា​ដើម។ គាត់​និយាយ​ថា “ជួន​គាល គេ​មើល​ឃើញ​ថា សេចក្តី​សប្បុរស គឺ​ជា​ភាព​ទន់​ខ្សោយ ប៉ុន្តែ តាម​ពិត សេចក្តី​សប្បុរស​គឺ​ជា​ចំណុច​ខ្លាំង​របស់​មនុស្ស”។​

ព្រះ​គ្រីស្ទ​គឺ​ជា​សេចក្តី​ល្អ​របស់​ព្រះ​ជា​ម្ចាស់​ទាំង​ស្រុង ដូច​នេះ តាម​ធម្មតា សេច​ក្តី​សប្បុរស​បាន​ហូរ​ចេញ​ពី​ព្រះ​អង្គ។ ខ្ញុំចូល​ចិត្ត​រឿង​មួយ ដែល​និយាយ​អំពី​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ ពេល​ដែល​ព្រះ​អង្គ​ឃើញ​គេ​ហែរ​សព​របស់​កូន​ប្រុស របស់​ស្រ្តី​មេម៉ាយ​ម្នាក់​(លូកា ៧:១១-១៧)។ ជីវភាព​របស់​ស្រ្តី​មេម៉ាយ​ដ៏​កំសត់​នេះ ទំនង​ជា​ពឹង​ផ្អែក​ទៅ​លើ​ការ​ផ្គត់​ផ្គង់​របស់​កូន​ប្រុស​គាត់។ រឿង​នេះ​មិន​បាន​ប្រាប់​យើង​ថា មាន​នរណា​ម្នាក់​ទូល​សូម​ព្រះ​យេស៊ូវ ឲ្យ​ជួយ​គាត់​ឡើយ។ តែដោយ​ព្រះ​ទ័យ​ក្តួល​អាណឹត និង​សប្បុរស(ខ.១៣) ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​គាត់ ហើយ​ក៏​បាន​ប្រោស​កូនប្រុស​គាត់​ឲ្យ​រស់​ឡើង​វិញ។ ពេល​នោះ ពួក​បណ្តាជន​ក៏​បាន​ពោល​សរសើរ​ព្រះ​គ្រីស្ទ​ថា “ព្រះ​បាន​ប្រោស​រាស្រ្ត​ទ្រង់​ហើយ”(ខ.១៦)។—ANNE CETAS