លោកឡេអុង(Leon) មានការស្រង៉ាកចិត្តយ៉ាងខ្លាំង។ គាត់ចង់មានជីវិតដែលមានន័យជាងនេះ ដូចនេះ គាត់ក៏បានលាឈប់ពីការងារផ្នែកហិរញ្ញវត្ថុ។ ប៉ុន្តែ ថ្ងៃមួយ គាត់បានឃើញបុរសអនាថាម្នាក់ កំពុងតែឈរកាន់ផ្លាកមួយ នៅជ្រុងផ្លូវ ដែលមានអក្សរសរសេរពីលើថា “សេចក្តីសប្បុរស គឺជាថ្នាំដែលល្អបំផុត”។ លោកឡេអុងក៏បាននិយាយថា “ពាក្យមួយឃ្លានោះ បានប៉ះពាល់ចិត្តខ្ញុំណាស់។ វាបានធ្វើឲ្យខ្ញុំភ្ញាក់ខ្លួន”។
លោកឡេអុងក៏បានសម្រេចចិត្តចាប់ផ្តើមជីវិតថ្មី ដោយបង្កើតអង្គការអន្តរជាតិមួយ ដើម្បីលើកកម្ពស់សេចក្តីសប្បុរស។ គាត់បានធ្វើដំណើរទូទាំងពិភពលោក ដោយពឹងផ្អែកលើជំនួយរបស់មនុស្សដែលគាត់មិនដែលស្គាល់ ដែលមានដូចជាអាហារ ប្រេងឥន្ធនៈ និងកន្លែងស្នាក់នៅ។ បន្ទាប់មក គាត់ក៏បានឲ្យរង្វាន់ពួកគេ តាមរយៈអង្គការរបស់គាត់ ដោយធ្វើអំពើសប្បុរសធម៌ ដូចជាការចែកអាហារដល់ក្មេងកំព្រា ឬសង់សាលារៀនមួយខ្នងសម្រាប់ក្មេងក្រីក្រជាដើម។ គាត់និយាយថា “ជួនគាល គេមើលឃើញថា សេចក្តីសប្បុរស គឺជាភាពទន់ខ្សោយ ប៉ុន្តែ តាមពិត សេចក្តីសប្បុរសគឺជាចំណុចខ្លាំងរបស់មនុស្ស”។
ព្រះគ្រីស្ទគឺជាសេចក្តីល្អរបស់ព្រះជាម្ចាស់ទាំងស្រុង ដូចនេះ តាមធម្មតា សេចក្តីសប្បុរសបានហូរចេញពីព្រះអង្គ។ ខ្ញុំចូលចិត្តរឿងមួយ ដែលនិយាយអំពីការអ្វីដែលព្រះយេស៊ូវបានធ្វើ ពេលដែលព្រះអង្គឃើញគេហែរសពរបស់កូនប្រុស របស់ស្រ្តីមេម៉ាយម្នាក់(លូកា ៧:១១-១៧)។ ជីវភាពរបស់ស្រ្តីមេម៉ាយដ៏កំសត់នេះ ទំនងជាពឹងផ្អែកទៅលើការផ្គត់ផ្គង់របស់កូនប្រុសគាត់។ រឿងនេះមិនបានប្រាប់យើងថា មាននរណាម្នាក់ទូលសូមព្រះយេស៊ូវ ឲ្យជួយគាត់ឡើយ។ តែដោយព្រះទ័យក្តួលអាណឹត និងសប្បុរស(ខ.១៣) ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះគាត់ ហើយក៏បានប្រោសកូនប្រុសគាត់ឲ្យរស់ឡើងវិញ។ ពេលនោះ ពួកបណ្តាជនក៏បានពោលសរសើរព្រះគ្រីស្ទថា “ព្រះបានប្រោសរាស្រ្តទ្រង់ហើយ”(ខ.១៦)។—ANNE CETAS