កាលពីថ្ងៃទី២៧ ខែវិច្ឆិការ ឆ្នាំ១៩៣៩ អ្នកស្វែងរកកំណប់ បានទៅជីកកាយថ្នល់កៅស៊ូ នៅក្រៅរង្គមណ្ឌលហូលីវូត បូល ក្នុងតំបន់ខាងត្បូងនៃរដ្ឋកាលីហ្វូញ៉ា ដោយមានអ្នកថតសកម្មភាពនៃការជីកកំណប់នោះ ធ្វើជាវីដេអូឯកសារ។ ពួកគេបានស្វែងរកកំណប់របស់ខានហុងហ្កាផាស ដែលមានមាស ពេជ្យ និងគុជខ្យង ព្រោះមានពាក្យចចាមអារាមថា កាលពី៧៥ឆ្នាំមុន គេបានកប់វានៅកន្លែងនោះ។ ពួកគេរកកំណប់នោះមិនឃើញឡើយ។ បន្ទាប់ពីការជីកកាយអស់២៤ថ្ងៃ ពួកគេក៏បានជីកប៉ះថ្មធំមួយផ្ទាំង ហើយពួកគេក៏បានឈប់ជីកទៀត។ អ្វីដែលពួកគេសម្រេចបាន គឺរណ្តៅដែលមានទទឹងជិត៣ម៉ែត្រ និងជម្រៅជិត១៣ម៉ែត្រ។ ពួកគេក៏បានដើរចេញដោយការសោកស្តាយ។
វាជារឿងធម្មតាទេ ដែលមនុស្សយើងមានកំហុស នៅពេលខ្លះ។ ព្រះគម្ពីរប៊ីបបានចែងថា យុវជនម្នាក់ឈ្មោះម៉ាកុស បានចាកចោលសាវ័កប៉ុល និងលោកបាណាបាស ក្នុងដំណើរបេសកកម្មនោះ “ហើយមិនបានធ្វើការជាមួយគ្នាទៀត”។ ហេតុនេះហើយ សាវ័កប៉ុលមិនចង់យកគាត់ទៅជាមួយ ក្នុងការធ្វើដំណើរលើកក្រោយឡើយ (កិច្ចការ ១៥:៣៨) ហើយការនេះបាននាំឲ្យមានការខ្វែងគំនិតគ្នា ជាមួយលោកបាណាបាស។
លោកម៉ាកុសបានបរាជ័យ កាលពីដំបូង ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយមក គាត់ក៏មានការផ្លាស់ប្តូរដ៏អស្ចារ្យ។ ហេតុនេះហើយ ពេលដែលសាវ័កប៉ុលកំពុងមានភាពឯកោ នៅក្នុងគុក មុនពេលគាត់អស់ជីវិត គាត់បានសុំគេឲ្យយកលោកម៉ាកុសទៅជាមួយ ហើយបានមានប្រសាសន៍ថា “លោកម៉ាកុសមានប្រយោជន៍នៅក្នុងការងាររបស់គាត់”(២ធីម៉ូថេ ៤:១១)។ ព្រះជាម្ចាស់ថែមទាំងបានបណ្តាលចិត្តលោកម៉ាកុស ឲ្យនិពន្ធកណ្ឌគម្ពីរដំណឹងល្អម៉ាកុសទៀតផង។
ទីបន្ទាល់នៃជីវិតរបស់លោកម៉ាកុស បានបង្ហាញយើងថា ព្រះជាម្ចាស់មិនទុកឲ្យយើងប្រឈមមុខដាក់កំហុស និងបរាជ័យរបស់យើង តែម្នាក់ឯងនោះឡើយ។ យើងមានព្រះដែលជាមិត្តសំឡាញ់ ដែលធំជាងកំហុសនីមួយៗ។ ខណៈពេលដែលយើងដើរតាមព្រះអង្គសង្រ្គោះរបស់យើង ព្រះអង្គនឹងប្រទានជំនួយ និងកម្លាំងដែលយើងត្រូវការ។—JAMES BANKS