នៅ​ក្រៅ​បង្អួច​ផ្ទះ​បាយ​របស់​ខ្ញុំ មាន​សត្វ​ចាប​រូប៊ីន​មួយ​ក្បាល បាន​ធ្វើ​សំបុក នៅ​ក្រោម​ជាយ​ដំបូល​ដែល​លយ​ចេញ​ក្រៅ។ ខ្ញុំ​ចូល​ចិត្ត​មើល​វា​ពាំ​ស្មៅ​មក​ចាក់​ធ្វើ​សំបុក​ដ៏​សុខ​សាន្ត ហើយ​បន្ទាប់​មក​វា​ចូល​ទៅ​ក្រាប​ពង​នៅ​ខាង​ក្នុង។ រៀងរាល់​ពេល​ព្រឹក ខ្ញុំ​តែង​តែ​ទៅ​អើត​មើល​សំបុក្រ​វា ប៉ុន្តែ មិន​ទាន់​ឃើញ​ពង​វា​ញាស់។ ក្រោយ​មក ខ្ញុំ​ដឹង​ថា ពង​សត្វ​ចាប​រូប៊ីន​នឹង​ញាស់ បន្ទាប់​ពី​វា​ក្រាប​ពង​បាន​២​សប្តាហ៍។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ ដែល​ខ្ញុំ​ត្រូវ​ការ​ភាព​អត់​ធ្មត់។ ខ្ញុំ​តែង​តែ​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​រង់​ចាំ ជា​ពិសេស នៅ​ក្នុង​ការ​អធិស្ឋាន។ ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​បាន​រង់​ចំា​ជិត​៥​ឆ្នាំ ទំរាំ​តែ​អាច​ទទួល​ចិញ្ចឹម​កូន​ទីមួយ​របស់​យើង។ កាល​ប៉ុន្មាន​ទសវត្សរ៍​មុន អ្នក​ស្រី​ខាធ័ររីន ម៉ាស៊ល(Catherine Marshall) បាន​សរសេរ​ថា “ការ​អធិស្ឋាន គឺ​ប្រៀប​បាន​នឹង​ស៊ុត ដែល​មិន​ញាស់​ភ្លាម​ៗ បន្ទាប់​ពី​យើង​ទើប​តែ​បាន​ក្រាប​”។

លោក​ហោរា​ហាបាគុក​ក៏​មាន​ការ​តយុទ្ធ​នៅ​ក្នុង​ការ​រង់​ចាំ ព្រះ​ទ្រង់​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​គាត់​ផង​ដែរ។ គាត់​មាន​ភាព​នឿយ​ណាយ ចំពោះ​ភាព​ស្ងាត់​ស្ងៀម​របស់​ព្រះ​ជា​ម្ចាស់ នៅ​ពេល​ដែល​ចក្រ​ភព​បាប៊ីឡូន​ប្រព្រឹត្តិ​ដោយ​ភាព​ព្រៃ​ផ្សៃ​មក​លើ​នគរ​យូដា ដែល​ជា​នគរ​ខាង​ត្បូង គាត់​ក៏​បាន​ប្តេជ្ញា​ចិត្ត នៅ​ត្រង់​ទី​ចាំ​យាម ហើយ​ឡើង​ទៅ​លើ​ប៉ម ហើយ​ខំ​មើល​ទៅ ដើម្បី​ឲ្យ​ដឹង​ជា​ទ្រង់​នឹង​មាន​ព្រះបន្ទូល​មក​ដូច​ម្តេច(ហាបាគុក ២:១)។ ព្រះ​ជា​ម្ចាស់​ក៏​បាន​ឆ្លើយ​តប​ថា លោក​ហាបាគុក​ត្រូវ​រង់​ចាំ “ពេល​ដែល​ព្រះ​អង្គ​បាន​កំណត់”(ខ.៣) ហើយ​ក៏​បាន​បង្គាប់​គាត់​ឲ្យ​កត់​ទុក​នូវ​អ្វី​ដែល​ព្រះ​អង្គ​បាន​បើក​សម្តែង ដើម្បី​ឲ្យ​មនុស្ស​ជា​ច្រើន​ឆាប់​បាន​ឮ​ព្រះ​បន្ទូល​ព្រះ​អង្គ(ខ.២)។

ព្រះជា​ម្ចាស់​មិន​បាន​ប្រាប់​គាត់​ភ្លាម​ៗ អំពី “ពេល​កំណត់” ដែល​ចក្រភព​បាប៊ីឡូន​ដួលរលំ នៅ​៦​ទសត្សរ៍​ទៀត ដែល​ជារ​យៈ​ពេល​រង់​ចាំ​ដ៏​វែង ទំរាំ​តែ​ព្រះ​អង្គ​សម្រេច​ព្រះ​បន្ទូល​សន្យា​នេះ។ ដូច​នេះ ជា​ញឹក​ញាប់ ព្រះ​អម្ចាស់​មិន​ឆ្លើយ​តប​ការ​អធិស្ឋាន​ភ្លាម​ៗ​ឡើយ ប៉ុន្តែ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​សម្រេច​បំណង​ព្រះ​ទ័យ ដែល​ព្រះ​អង្គ​មាន​សម្រាប់​ពិភព​លោក ​និង​ជីវិត​យើង។​—ELISA MORGAN