កាល​ពី​ថ្ងៃទី​២៧ ខែ​វិច្ឆិការ ឆ្នាំ១៩៣៩ អ្នក​ស្វែង​រក​កំណប់ បាន​ទៅ​ជីក​កាយ​ថ្នល់​កៅ​ស៊ូ នៅ​ក្រៅ​រង្គ​មណ្ឌល​ហូលីវូត បូល ក្នុង​តំបន់​ខាង​ត្បូង​នៃ​រដ្ឋ​កាលីហ្វូញ៉ា ដោយ​មាន​អ្នក​ថត​សកម្មភាព​នៃ​ការ​ជីក​កំណប់​នោះ​ ធ្វើ​ជា​វីដេអូ​ឯក​សារ។​ ពួក​គេ​បាន​ស្វែង​រក​កំណប់របស់ខាន​ហុង​ហ្កាផាស ដែល​មាន​មាស ពេជ្យ និង​គុជ​ខ្យង ព្រោះ​មាន​ពាក្យ​ចចាម​អារាម​ថា កាល​ពី​៧៥​ឆ្នាំ​មុន គេ​បាន​កប់​វា​នៅ​កន្លែង​នោះ។​ ពួក​គេ​រក​កំណប់​នោះ​មិន​ឃើញ​ឡើយ។ បន្ទាប់​ពី​ការ​ជីក​កាយ​អស់២៤​ថ្ងៃ ពួក​គេ​ក៏​បាន​ជីក​ប៉ះ​ថ្មធំ​មួយ​ផ្ទាំង ហើយ​ពួក​គេ​ក៏​បាន​ឈប់​ជីក​ទៀត។ អ្វី​ដែល​ពួក​គេ​សម្រេច​បាន គឺ​រណ្តៅ​ដែលមាន​ទទឹង​ជិត​៣​ម៉ែត្រ និង​ជម្រៅ​ជិត​១៣​ម៉ែត្រ។ ពួក​គេ​ក៏​បាន​ដើរ​ចេញ​ដោយ​ការ​សោក​ស្តាយ។​

វា​ជា​រឿង​ធម្មតា​ទេ ដែល​មនុស្ស​យើង​មាន​កំហុស នៅ​ពេល​ខ្លះ។ ព្រះ​គម្ពីរ​ប៊ីប​បាន​ចែង​ថា យុវជន​ម្នាក់​ឈ្មោះ​ម៉ាកុស បាន​ចាក​ចោល​សាវ័ក​ប៉ុល និង​​លោក​បាណាបាស ក្នុង​ដំណើរ​បេសក​កម្ម​នោះ  “ហើយ​មិន​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​ទៀត”។ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​មិន​ចង់​យក​គាត់​ទៅ​ជា​មួយ ក្នុង​ការ​ធ្វើ​ដំណើរ​លើក​ក្រោយ​ឡើយ (កិច្ចការ ១៥:៣៨) ហើយការ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា ជា​មួយ​លោក​បាណាបាស។

លោក​ម៉ាកុស​បាន​បរាជ័យ កាល​ពីដំបូង ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គាត់​ក៏​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​អស្ចារ្យ។ ហេតុ​នេះ​ហើយ ពេល​ដែល​សា​វ័កប៉ុល​កំពុង​មាន​ភាព​ឯកោ នៅ​ក្នុង​គុក មុន​ពេល​គាត់​អស់​ជីវិត គាត់​បាន​សុំ​គេ​ឲ្យ​យក​លោក​ម៉ាកុស​ទៅ​ជា​មួយ ហើយ​បានមាន​ប្រសាសន៍​ថា “លោក​ម៉ាកុស​មាន​ប្រយោជន៍​នៅ​ក្នុង​ការងារ​របស់​គាត់”(២ធីម៉ូថេ ៤:១១)។ ព្រះ​ជា​ម្ចាស់​ថែម​ទាំង​បាន​បណ្តាល​ចិត្ត​លោក​ម៉ាកុស ឲ្យ​និពន្ធ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាកុស​ទៀត​ផង។

ទី​បន្ទាល់​នៃ​ជីវិត​របស់​លោក​ម៉ាកុស បាន​បង្ហាញ​យើង​ថា ព្រះ​ជា​ម្ចាស់​មិន​ទុក​ឲ្យ​យើង​ប្រឈម​មុខ​ដាក់​កំហុស និង​បរាជ័យ​របស់​យើង តែ​ម្នាក់​ឯង​នោះ​ឡើយ។ យើង​មាន​ព្រះ​ដែល​ជា​មិត្ត​សំឡាញ់ ដែល​ធំ​ជាង​កំហុស​នីមួយ​ៗ។ ខណៈ​ពេល​ដែល​យើង​ដើរ​តាម​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង ព្រះ​អង្គ​នឹង​ប្រទាន​ជំនួយ និង​កម្លាំង​ដែល​យើង​ត្រូវ​ការ។​—JAMES BANKS